iPhone X ចេញ​ភ្លាម ទិញ ២៥គ្រឿង​ភ្លែត ដើម្បី​សុំមិត្ត​ស្រីរៀបការ

  • 2017-11-10 08:27:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ចិន​វ័យ​ក្មេង​ម្នាក់ ​បាន​ទិញ​ទូរសព្ទ​​​ម៉ូដែល​ថ្មី​ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុន Apple គឺ iPhone X ​សម្រាប់​សុំ​មិត្ត​ស្រី​រៀបការ។

បុរស​រូប​នេះ​មាន​ឈ្មោះ Chen Ming ​ជា​អ្នក​ឌីហ្សាញ​វីដេអូហ្គេម ​រស់​នៅទី​ក្រុង Shenzen ខេត្ត​ក្វាងទុង​ ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​ហ្វេន​ទូរសព្ទ iPhone ​មួយ​ចំនួន​​នៅ​ជុំវិញ​ពិភព​លោក​ច្រណែន បន្ទាប់​ពី​​ទិញ iPhone X ច្រើន​​គ្រឿង​​​កាល​ពី​ថ្ងៃ​ទី ៣ វិច្ឆិកា​ ជា​ថ្ងៃ​ដែល​ Apple ទើប​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ចិន​។

Chen Ming ​បាន​ទិញ iPhone X ចំនួន ២៥​គ្រឿង តម្រៀប​ជា​រូប​បេះ​ដូង​រោយ​ផ្កា​កុលាប​ពី​ក្រោម​ និង​ដាក់​ប្រអប់​​ចិញ្ចៀន​​ភ្ជាប់​ពាក្យ​កណ្ដាល​​រង្វង់​បេះ​ដូង។ ​លោក Chen ​បាន​ពឹង​ពាក់​មិត្ត​ភ័ក្ដិ​ឲ្យ​​តម្រៀប​ទូរសព្ទ​​លើ​កម្រាល​ឥដ្ឋ​នៅ​កន្លែង​មួយ បន្ទាប់​មក​ឲ្យ​មិត្ត​ភ័ក្ដិ​ផ្សេង​ទៀត​នាំ​មិត្ត​ស្រី​ទៅ​កាន់​ទី​នោះ។

មិត្ត​ស្រី​ឈ្មោះ Lee ​បាន​ទៅ​ដល់​កន្លែង​រៀប​ចំ និង​ឃើញ​ទូរសព្ទ​ទំនើប​ៗ​យ៉ាង​ច្រើន​ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល ​ក្រោយ​មក​លោក Chen ​បាន​ចេញ​មក​លុត​ជង្គង់​មុខ​នាង​​ដោយ​កាន់​ប្រអប់​ចិញ្ចៀន ធ្វើ​ឲ្យ​នាង​​រំភើប​ចិត្ត​ទប់​ទឹក​ភ្នែក​មិន​ជាប់។ ​មិត្ត​ប្រុស​បាន​សុំ​នាង​រៀបការ ហើយ​នាង​ក៏​យល់​ព្រម​ដែរ។

​តាម​ប្រភព​របស់​សារព័ត៌មាន​ចិន ​អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​​​ជាង ២​ឆ្នាំ​ហើយ​តាម​រយៈ​ហ្គេម​មួយ​ដែល​​លោក Chen ជា​អ្នក​បង្កើត​។ ចំណែក​ការ​ជ្រើស​រើស​យក​ទូរសព្ទ​ចំនួន ២៥​គ្រឿង ព្រោះ​មិត្ត​ស្រី​អាយុ ២៥​ឆ្នាំ។ តាម​ប្រភព​ដដែល​អះអាង​ថា ទូរសព្ទ​ទាំង​អស់​នេះ​​មាន​តម្លៃ​យ៉ាង​តិច​ ៣១ ៥០០​ដុល្លារ៕

ចុចអាន៖

ប្រភព៖ Odditycentral   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី