សមាជិកដើរចេញម្នាក់ទៀត អនាគតក្រុម miss A ងងឹតឈ្លប់
- 2017-11-11 04:24:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាជិកដើរចេញម្នាក់ទៀត អនាគតក្រុម miss A ងងឹតឈ្លប់
ចន្លោះមិនឃើញ
សារព័ត៌មានកូរ៉េបានចុះផ្សាយថាក្រុមចម្រៀងស្រី miss A កំពុងដើររកផ្លូវបំបែក បន្ទាប់ពីឃើញការប្រកាសរបស់ផលិតកម្ម JYP ដែលជាទ្រនំរបស់ក្រុមចម្រៀងមួយនេះ។
តាមការប្រកាសរបស់ផលិតកម្ម JYP បានឲ្យដឹងថា Min សមាជិកម្នាក់ក្នុងចំណោមសមាជិកដែលនៅសេសសល់ទាំង ៣ របស់ miss A បានចាកចេញពីផលិតកម្ម ដោយសម្រេចថាមិនបន្តកុងត្រា។ ផលិតកម្មដ៏ធំមួយនេះក៏បានឲ្យដឹងដែរថា មិនទាន់មានផែនការអនាគតសម្រាប់ក្រុម miss A នៅឡើយទេ។
ដោយសារតែសមាជិកក្រុមនៅសល់តែពាក់កណ្ដាល សារព័ត៌មានកូរ៉េលើកឡើងថានេះជាចុងបញ្ចប់សម្រាប់ក្រុម miss A។ យ៉ាងណាក្ដីអ្នកគាំទ្រនៅតែបន្តអោបជាប់នូវក្ដីសង្ឃឹម ដរាបណាមិនទាន់មានការបញ្ជាក់ពីការបំបែកក្រុមពីផលិតកម្ម JYP ផ្ទាល់។
ប៉ុន្តែជាមួយការចាកចេញរបស់ Min និង Jia អនាគតរបស់ miss A មើលទៅដូចជាងងឹតសូន្យសុង។ ទន្ទឹមនឹងនេះដែរ Suzy និង Fei សមាជិកដែលសេសសល់នឹងបន្តផ្ដោតលើកិច្ចការផ្ទាល់ខ្លួនរបស់ខ្លួនដដែល។
miss A ជាក្រុមចម្រៀងកូរ៉េបង្កើតឡើងដោយផលិតកម្ម JYP នៅឆ្នាំ ២០១០ មានសមាជិកបួននាក់រួមមាន Fei,Suzy, Min និង Jia។ បទចម្រៀងដែលទទួលបានការគាំទ្រខ្លាំងបំផុតមានដូចជា Bad Girl Good Girl, Goodbye Baby, I Don't Need a Man និង Only You ជាបទចុងក្រោយបំផុតចេញឆ្នាំ ២០១៥៕