“ភូមិ​គ្រឹះ​១០០​ល្បិច​" គាស់​កកាយ​សម្លៀក​បំពាក់​​សម័យ​លង្វែក​

  • 2017-11-15 05:13:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​​ខ្សែ​ភាព​យន្ត​ភាគ​ថ្មី​រឿង​ "ភូមិ​គ្រឹះ​១០០​ល្បិច​" នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ ដោយ​តួ​អង្គ​ក្នុង​រឿង​តម្រូវ​ឲ្យ​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​នា​សម័យ​លង្វែក​​។

ចំពោះ​ការ​​ស្លៀក​សម្លៀក​បំពាក់​​​​ក្នុង​​សម័យ​កាល​ខាង​លើ​​នេះ​ដែរ​​ លោក ស៊ិន សុផាត ប្រធាន​គណៈ​កម្មការ​ត្រួត​ពិនិត្យ​កម្មវិធី​ផ្សាយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ បាន​មាន​ប្រសាសន៍​ថា​ ដោយ​សារ​តែ​​សាច់​រឿង​ទាំង​មូល​បាន​បង្ហាញ​ទិដ្ឋភាព​​ទាំង​ស្រុង​ នា​សម័យ​កាល​លង្វែក​​ ។ដូច្នេះ​តួ​សម្ដែង​ទាំង​អស់​ត្រូវ​ស្លៀក​​សម្លៀក​បំពាក់​ និង​ការ​តុប​តែង​ខ្លួន​ឲ្យ​សម​ស្រប​ទៅ​តាម​សម័យ​កាល​ហ្នឹង​តែ​ម្ដង​​។

លោក​ថា ​ក្រោយ​​រឿង​ "ភូមិ​គ្រឹះ​១០០​ល្បិច​" ​នេះ​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ កូន​ខ្មែរ​មួយ​ចំនួន​ នឹង​​បាន​ដឹង​ហើយ​ស្គាល់​ម៉ូដ​សម្លៀក​បំពាក់​ក្នុង​សម័យ​កាល​លង្វែក​ ជាក់​ជា​ពុំ​ខាន់​ ថា​តើ់​ក្នុង​សម័យ​​ហ្នឹង​ប្រជា​ពលរដ្ឋ​ក៏​ដូច​ជា​ត្រកូល​អភិជន​ស្លៀក​ពាក់​បែប​ណា​។​​

ក្រៅ​ពី​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​សម័យ​លង្វែក រឿង​ "ភូមិ​គ្រឹះ​១០០​ល្បិច​" ជា​ប្រភេទ​រឿង​បែប​ល្បិច​កល​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅមក​ ដើម្បី​​​ដណ្ដើម​បុរស​ដែល​ខ្លួន​ស្រលាញ់​ ​ រិះ​រក​គ្រប់​មធ្យោបាយ​ទាំង​អស់​មិន​ខ្វល់​ពី​អ្នក​ណា​ម្នាក់​ឡើយ​។ រឿង​​នេះមាន​ជាង​ ៣០ភាគ ​គ្រោង​នឹង​ចេញ​ថត​នៅ​ថ្ងៃ​ស្អែក​។ ចំណែក​ឯ​ទី​តាំង​ថត​នៅ​​តាម​ខេត្ត​ក្បែរ​ទី​ក្រុង​ភ្នំពេញ​។

“ភូមិ​គ្រឹះ​១០០​ល្បិច​" ចូល​រួម​សម្ដែង​ដោយ​ លោក សាយ សៀរ៉ា កញ្ញា ឆុំ វត្តី លី ឌីណា លីម មួយហ្គិច ព្រម​ទាំង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​​ផ្សេង​ទៀត​៕​​​

ចុចអាន៖ពាក់​ព័ន្ធ​ភាព​យន្ត​​ជាតិ​

ចុចអាន៖កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ ស្រី​ស្អាត នូណា បែរ​ជា​មិន​ទទួល​ថត​រឿង​ថ្មី

អត្ថបទ៖ ឆុង ស៊ីណាន