ផលិត​ករ​ភាព​យន្ត​ខ្មែរ​-អូស្រ្តា​លី​ ទោះជា​នៅ​ឯ​នាយ​សមុទ្រ​ក៏​នៅ​តែ​នឹក​ដល់​ខ្មែរ​

  • 2017-11-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«រឿង​រ៉ាវ​ដែល​ជាប់​ទាក់​ទង​នឹង​ប្រទេស​កម្ពុជា​ គឺ​ពិត​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​ វា​មាន​បង្កប់​អត្ថន័យ​សិល្បៈ​ ប្រពៃណី​ ទំនៀម​ទំលាប់​ ដ៏​ល្អ​ផូរ​ផង់​ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​បំភ្លេច​មិន​បាន​ បើ​ទោះ​ខ្ញុំ​នៅ​ឆ្ងាយ​ប៉ុណ្ណា​ក៏​ដោយ​។» នេះ​ជា​សម្តីរ​របស់​ លោក ធីម បិុក ផលិត​ករ ខ្មែរ​-អូស្រ្តា​លី​ ដែល​កំពុង​រស់​នៅ​ប្រទេស​អូស្រ្តា​លី​ទី​ក្រុង​ Melbourn។

លោក ធីម បិុក ផលិត​ករ ខ្មែរ​-អូស្រ្តា​លី​
ស្ថិត​ក្នុង​វ័យ​ ៣៥ឆ្នាំ លោកបាន​ប្រលូក​ការងារ​ជា​ផលិតករ​ អ្នក​ដឹក​នាំ​រឿង​ និង​អ្នក​កាត់​ត​រឿង​ឱ្យ​ក្រុមហ៊ុន​ផលិកម្ម​មួយ​របស់​ប្រទេស​អូស្រ្តាលី​ និង​ជា​អ្នក​រចនា​ក្រា​ហ្វិច​ឌីហ្សាញ​ម្នាក់​ជាង​ ១០ឆ្នាំ​មក​ហើយ​។ ការងារ​របស់​ លោក មាន​ដូច​ជា​ផលិតស្ប៉ត​ពាណិជ្ជ​កម្ម​ ភាព​យន្ត​ខ្លី​ និង​វែង​ ភាព​យន្ត​ឯក​សារ​ និង​វីដេអូ​បទ​ចម្រៀង​ជា​ដើម​។

លើស​ពី​នេះ​ទៀត​ ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​ ផលិត​ករ​សញ្ជាតិ​ខ្មែរ​-អូ​ស្រ្តា​លី​ម្នាក់​នេះ ​តែងតែ​ឆ្លៀតពេល​ទំនេរ​មក​កម្ពុជា​ រួច​ផលិត​ជា​ខ្សែភាព​យន្ត​ខ្លី​ និង​ផលិត​បាន​ស្ប៉ត​ខ្លី​មួយ​និយាយ​ពី​ប្រាសាទ​អង្គរ​វត្ត​ ដែល​មាន​ចំណង​ជើង​ថា​ « I am Angkor Wat» និង​ស្ប៉ត​ខ្លីមួយ​ទៀត​ដែល​និយាយ​អំពី​ប្រាក់​ឌួង ក្នុង​សម័យ​លង្វែក​របស់​ខ្មែរ​។

សកម្មភាពផលិតភាពយន្តរបស់លោក ធីម បុិក

លោក ធីម បិុក បាន​ប្រាប់​ Sabay តាម​រយៈ​វីដេអូ​ Call ថា​៖ «ការ​ផលិត​វី​ដេ​អូ​ខ្លី​នេះ​ជា​ទម្លាប់របស់ខ្ញុំ​ ហើយ​ពិសេស​ខ្ញុំ​ស្រលាញ់​វប្បធម៌​របស់​ខ្មែរ​ និង​ចង់​បង្កើត​វា​ទុក​ជា​អនុស្សាវ​រីយ៍​សម្រាប់​ប្រជា​ជន​ខ្មែរ​»។ ការ​ផលិត​វីដេអូ​ស្ប៉តខ្លី​នេះ​ លោក​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ ជាង​ ៥០០ដុល្លា ក្នុង​មួយ​វី​ដេអូ​ ហើយ​ចំណាយ​ពេល​ផលិត​ក្នុង​ពេល​ទំនេរ​ដែល​មក​លេង​កម្ពុជា​ ពិសេស​ដោយ​មាន​ការ​ចូល​រួម​ពី​មិត្ត​ភ័ក្រ្ត​ដែល​នៅ​ក្នុង​ស្រុល​ខ្មែរ​ ជួយ​ថត​ និង​រៀប​ចំការ​ផលិត​ ដោយ​មិន​យក​កម្រៃ​ ដោយ​មាន​ការ​ចូល​រួម​សម្តែង​ដោយ​កញ្ញា ស៊ិន សក្កដា ទៀត​ផង​។

កញ្ញា ស៊ិន សក្កដា សម្តែងឈុតមួយក្នុងស្ប៉ត «I am Angkor Wat»

ផលិត​ករ​ដែល​មាន​ស្រុក​កំណើត​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​បន្ត​ថា​៖ «ខ្ញុំ​ចូល​ចិត្ត​សិល្បៈ​តាំង​ពី​អាយុ​ ៥​-៦ឆ្នាំ​ ហើយ​ខ្ញុំ​ចេះ​គូរ​រូប​តាំង​ពី​ក្មេង​ៗ​មក​ រហូត​ខ្ញុំ​បាន​មក​អូស្រ្តាលី​ ខ្ញុំ​ក៏​ចាប់​យក​ជំនាញ​ ខាង​ Graphic Design ហើយ​បន្ត​មក​ទៀត​ខ្ញុំ​ក៏​ប្រលូក​ការងារ​ក្នុង​វិស័យ​ផលិត​ភាព​យន្ត​រហូត​មក​ដល់​ពេល​នេះ​»។

លោក ធីម បិុក ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​បាន​ភៀស​ខ្លួន​ទៅ​ព្រំ​ដែន​ប្រទេស​ថៃ​តាំង​ពី​ឆ្នាំ​ ១៩៨៤ ហើយ​៤ឆ្នាំ​ក្រោយ​មក​ លោក​ក៏​មាន​ឱកាស​បន្ត​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទី​ ៣ គឺ​នៅ​ប្រទេស​អូស្រ្តា​លី​ ទីក្រុង​ Melbourn តាំង​ពី​ពេល​នោះ​មក​។

តាម​រយៈ​ពេល​ និង​បទ​ពិសោធន៍​របស់​ លោក​ ធីម​ បិុក​ ក្នុង​ការ​ផលិត​ភាព​យន្ត​ លោកមើលឃើញ​ថា​ ការផលិត​ខ្សែ​ភាព​យន្ត​នៅ​កម្ពុជា​ពិត​ជា​មាន​ការ​រីក​ចំរើន​ច្រើន​ជាង​ការ​រំពឹង​ទុក​ ហើយក៏​បាន​លើក​ទឹក​ចិត្ត​ផលិតករ​ខ្មែរ​ថា​៖ «និយាយ​ទៅនៅ​ស្រុក​ខ្មែរ​ មាន​សក្តានុពល​ក្នុង​ការ​ផលិត​ភាព​យន្ត​ច្រើន​មែន​ទែន​ ហើយ​ផលិតករ​ខ្មែរ​ក៏​អាច​ទាញ​យក​ឱកាស​នេះ​មក​ផលិត​ខ្សែ​ភាព​យន្ត​ណា​ដែល​ទាក់​ទង​អំពី​ខ្មែរ​ឱ្យ​បាន​ច្រើន​ និង​ពិស្តារ​ នោះ​ផលិតករ​ខ្មែរ​ក៏មាន​ឱកាស​បង្ហាញ​ភាព​យន្ត​របស់​ខ្លួន​មិន​ខាន​»។

សកម្មភាពផលិតភាពយន្តរបស់លោក ធីម បុិក

ផលិត​ករ​រូប​នេះ​ បន្ថែម​ទៀត​ថា​ នៅ​ស្រុក​ខ្មែរ​ បើ​អ្នក​ចេះ​គាស់​កកាយ​សាច់​រឿង​បែប​ប្រវិត្តិ​សាស្រ្ត​មក​ធ្វើការ​បង្ហាញ​នោះ​នឹង​ទទួល​បាន​ជោគ​ជ័យ​ តែ​សាច់​រឿង​ប្រភេទ​នេះ​ត្រូវ​ការ​ចំណាយ​ពេល​វេលា​ និង​ដើមទុន​ច្រើន​ ដូច​នេះ​អ្នក​ចាប់​ផ្តើម​ផលិត​ខ្សែ​ភាព​យន្ត​ថ្មីៗ​គួរ​ផលិត​រឿង​របៀប​ភ័យ​រន្ធត់ ដែលនេះ​គឺ​ជា​ការ​ផ្តួច​ផ្តើម​កុន​បែប​កម្សាន្ត​ដ៏​ល្អ​ម្យ៉ាងដែរ​។ គ្រាន់​តែ​លោក​ បញ្ជាក់​ថា​ ផលិតករ​ខ្មែរ​ ដែល​ចង់​ថត​រឿង​ប្រភេទ​ភ័យ​រន្ធត់​ គួរ​កុំ​ថត​រឿង​បែប​បន្លាច​ គួរ​ថត​ពី​រឿង​បែប​ភ័យ​រន្ធត់​ឱ្យ​មាន​លក្ខណៈ​ភ័យ​រន្ធត់​ ដោយ​ចេះ​រៀប​ចំ​បរិយាកាស​នៃ​រឿង​ឱ្យ​មាន​ភាព​ភ័យ​រន្ធត់វិញទើបត្រូវ​។​

ផលិត​ករ​ ខ្មែរ​ អូស្រ្តាលី​រូប​នេះ​ ក៏​បាន​លើក​ឡើង​ដែរថា តាម​ពិត​ការ​ផលិត​ខ្សែ​ភាព​យន្ត​ អ្នក​ណា​ក៏​អាច​ធ្វើ​បាន​ដែរ​តែ​មាន​ការគាំទ្រ​ឬយ៉ាង​ណា​នោះ​ វា​អាស្រ័យ​លើ​កត្តា​ជា​ច្រើន​ ពិសេសគុណភាព​នៃ​ភាព​យន្ត​ជា​ចំណុច​ខ្លាំង​ និងនាំ​ឱ្យ​មាន​ភាព​ជោគ​ជ័យ​។ ​

ទស្សនា​ស្ប៉ត​ខ្លី​ I am Angkor Wat ដែលផលិតដោយលោក ធីម បុិក និងសម្តែងដោយកញ្ញា ស៊ិន សក្កដា៖

I Am Angkor Wat from Tim Pek on Vimeo.

ចុចអាន៖

-មក​មើល ឈុត​ក្រៅ​ឆាក និង​វីដេអូ​តុប​តែង​តួ​ខ្មោច​រឿង "សសរ​កន្លោង"(វីដេអូ)

-ទស្សនា គង់ ណៃ ដេញ​ចាប៉ី​ប្រគំ​ជា​មួយ​ហ្គីតា ពីរោះ​ប្លែក (វីដេអូ)

-ជួប​ផលិតករ​វ័យ​ក្មេង​ ផលិត​ស្ប៉តពាណិជ្ជ​កម្ម​មួយ​ៗ ​តម្លៃ​រាប់​មុឺន​ដុល្លា​រ

អត្ថបទ៖ Sunny

អត្ថបទពេញនិយម