គន្លឹះសំខាន់ៗបំផុត ដើម្បីប្រឡងជាសិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាល ជាប់ជាស្ថាពរ
- 2017-11-21 02:52:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះសំខាន់ៗបំផុត ដើម្បីប្រឡងជាសិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាល ជាប់ជាស្ថាពរ
ចន្លោះមិនឃើញ
ក្នុងមួយឆ្នាំៗមាននិស្សិតមិនក្រោមពាន់នាក់ទេ ដាក់ប្រឡងជាសិស្សមន្ត្រីនៅសាលាភូមិន្ទរដ្ឋបាល ដើម្បីមានឱកាសក្លាយជាមន្ត្រីរាជការជាន់ខ្ពស់ក្នុងថ្ងៃអនាគត។ ប៉ុន្តែដើម្បីប្រឡងជាប់ជាសិស្សមន្ត្រី ឫសិស្សមន្ត្រីក្រមការ គឺមិនមែនជារឿងងាយស្រួលឡើយ ហើយក៏មិនចេះតែជាប់ដែរ។ ដូច្នេះសូមមកដកស្រង់បទពិសោធន៍ល្អពីលោក វិន ជីវន្ត ធ្លាប់ប្រឡងជាប់ជាសិស្សមន្ត្រីក្រមការ និងត្រៀមប្រឡងចេញដើម្បីក្លាយជាមន្ត្រីជាន់ខ្ពស់ឆាប់ៗខាងមុខ ដូចខាងក្រោមនេះ៖
ការត្រៀមមុនពេលប្រឡង
១. ភាសាអង់គ្លេស
បើនិយាយពីភាសាអង់គ្លេស គឺទាល់តែកម្រិតខ្ពស់ ចេះឲ្យច្បាស់ ជាពិសេសការសរសេរតែម្ដង។ ជីវន្ត ប្រាប់ថា ជាក់ស្ដែងដូចរូបលោកប្រឡងចូលជាសិស្សមន្ត្រីក្រមការ កម្រិតភាសាអង់គ្លេសយ៉ាងហោចណាស់ក៏ត្រឹម Advance ដែរ ហើយក៏មិនខុសអីពីប្រឡងយកពិន្ទុ IL មានទាំងបំពេញចន្លោះ វេយ្យាករណ៍ជាដើម។ ប្រសិនបើប្រឡងមន្រ្តីជាមន្ត្រីជាន់ខ្ពស់ទៀត កម្រិតភាសាអង់គ្លេសកាន់តែខ្ពស់ជាងនេះទៅទៀត។ ដូច្នេះភាសាអង់គ្លេស គឺជាចំណុចសំខាន់បំផុត គួរតែត្រៀមឲ្យច្រើនបំផុត។
២. ចំណេះដឹងវប្បធម៌ទូទៅ
បើចំណេះដឹងទូទៅ គឺកាន់តែទូលំទូលាយ។ ក្នុងនោះសិស្សមន្ត្រីខាងលើដដែលប្រាប់ថា ចំពោះវិញ្ញាសាចំណេះដឹងទូទៅគឺចេញចម្រុះតែម្ដងរួមមាន ព្រឹត្តិការណ៍ថ្មីៗក្នុងសង្គម នយោបាយក្នុងប្រទេសជាតិ ព្រឹត្តិការណ៍ថ្មីៗនិយាយពីតំបន់អាស៊ាន ហើយក៏ចេញពីព្រឹត្តិការណ៍ចាស់ៗទាក់ទងនឹងប្រវត្តិសាស្ត្រដូចជា សម្បត្តិបេតិកភណ្ឌរបស់កម្ពុជា សង្គ្រាមលោកលើកជាដើម។ ដូច្នេះដើម្បីសង្ឃឹមជាប់ច្រើនលុះត្រាអានស្រាវជ្រាវឲ្យច្រើន តាមដានរាល់ព្រឹត្តិការណ៍ថ្មីៗកុំឲ្យរំលង។
៣. ជំនាញដែលត្រៀមប្រឡង
សិស្សមន្ត្រីវ័យក្មេងរូបនេះ បន្តទៀតថា ប្រសិនបើប្រឡងជំនាញណាមួយត្រូវស្រាវជ្រាវឲ្យបានច្រើនបំផុត កុំឲ្យនៅស្ទាក់ស្ទើរត្រង់ចំណុចណាមួយ។ ឧទាហរណ៍ថា បើប្រឡងជំនាញផ្នែករដ្ឋបាល ដូច្នេះឯកសារដែលត្រូវស្រាវជ្រាវនោះមានដូចជា សៀវភៅទាក់ទងនឹងច្បាប់ រដ្ឋបាលសាធារណ គោលនយោបាយរបស់រាជរដ្ឋាភិបាល។ល។ ដូចនេះហើយទាមទារឲ្យអ្នកត្រៀមប្រឡងចំណាយពេលវេលាផ្ដោតលើការស្រាវជ្រាវ លើជំនាញដែលខ្លួនត្រូវប្រឡងឲ្យច្រើន តាមការដែលអាចទៅរួច។
ការសរសេរដើម្បីបានពិន្ទុច្រើនអំឡុងពេលប្រឡង
៤. បញ្ចេញចំណេះដឹងរបស់ខ្លួនឲ្យអស់ពីលទ្ធភាពរាល់ពេលសរសេរចម្លើយ
ត្រូវសរសេររៀបរាប់ចម្លើយឲ្យបានក្បោះក្បាយ ហើយកាន់តែសំខាន់គួរបញ្ចេញមតិរបស់ខ្លួនឲ្យបានច្រើន។ តាមបទពិសោធន៍របស់ ជីវន្ត ផ្ទាល់ប្រាប់ថា ក្នុងការសរសេរបើយកល្អ គួរបញ្ចេញទស្សនៈរបស់ខ្លួនផ្ទាល់ឲ្យច្រើន តែត្រូវច្បាស់ថា ពិតជាត្រឹមត្រូវសមហេតុសមផលមែន ដោយមិនចាំបាច់យោងតាមឯកសារណាមួយ ឫសម្ដីរបស់អ្នកណាច្រើនពេកក៏បាន។ ជាពិសេសរាល់ការបញ្ចប់ចម្លើយគួរ ធ្វើសំយោគសរសេរឲ្យក្បោះក្បាយ ការផ្ដល់ជាយោបល់របស់ខ្លួន នោះនឹងទទួលបានពិន្ទុច្រើន។
៥. ព្យាយាមធ្វើឲ្យអស់សំណួរមិនគួរទុកចោលមួយណាឡើយ
បើវិញ្ញាសាដាក់មកប៉ុន្មានត្រូវព្យាយាមឆ្លើយឲ្យអស់ ទោះមិនចេះច្បាស់ទៅលើសំណួរណាមួយក៏ដោយ។ បើឃើញថា សំណួរណាមួយគិតថាអាចឆ្លើយបាន ក៏ចេះតែសរសេរទៅធ្វើយ៉ាងណាកុំឲ្យតែទុកសំណួរចោល។ ការទុកសំណួរណាមួយចោល ទោះបីសំណួរផ្សេងយើងសរសេរបានល្អប៉ុណ្ណាក៏ដោយ ក៏នៅតែទាញពិន្ទុយើងទាបជាងគេដែរ។ នេះបើតាមការលើកឡើងបន្ថែមទៀត របស់សិស្សមន្ត្រីសាសាភូមិន្ទរដ្ឋបាល៕
ចុចអាន៖
បើមេកើយបញ្ចេញកាយវិការប្លែកៗ ៥យ៉ាងនេះ ដឹងតែឡើងប្រាក់ខែក្រឺតៗហើយ
បើធ្វើ៥យ៉ាងនេះបាន មនុស្សធ្លាប់មើលងាយយើង ដឹងតែចាញ់ហើយខ្មាសងើបមុខមិនរួច
រសជាតិ១០យ៉ាងពេលរៀននៅសាកលវិទ្យាល័យ នឹកឃើញម្ដងៗចង់រលីងរលោងទឹកភ្នែក