ដល់ក! Maroon 5 និង Jimmy បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​ស្ថានីយ​រថ​ភ្លើង​ក្រោម​ដី​

  • 2017-11-23 02:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ករ​កម្មវិធី​ទូរទស្សន៍​ Jimmy Fallon បាន​ចំណាយ​ពេល​​របស់​លោក​ក្នុង​ថ្ងៃ​បុណ្យ Thanksgiving ដោយ​ផ្ដល់​​​ជា​ការ​សម្ដែង​ដ៏​​ភ្ញាក់​ផ្អើល​​មួយ​ដល់​​​អ្នក​ដំណើរ​​​ស្ថានីយ​ក្រោម​ដី​នៅ​ទី​ក្រុង​ញ៉ូវយ៉ក​ជាមួយ​តារា​ចម្រៀង Maroon 5។

Jimmy Fallon
Adam Levine

ពិធី​ករ​កម្មវិធី  "Tonight Show"  រូប​នេះ​បាន​សហការ​គ្នា​ជាមួយ​តារា​ចម្រៀង​ Adam Levine និង​សមាជិក​ក្រុម​ភ្លេង​របស់​លោក​ឈ្មោះ​ James Valentine ដោយ​សម្ដែង​រួម​គ្នា​នៅ​ក្នុង​ផ្លូវ​ស្ថានីយ​ទី ៥០ ខាង​ក្រោម​មជ្ឈមណ្ឌល​ Rockefeller។ ពួកគេ​បាន​តុប​តែង​ខ្លួន​​ជា​ក្មេង​ស្ទាវ​មាន​ពុក​មាត់ ហើយ​ពាក់​មួក​ និង​​​វ៉ែនតា ដើម្បី​បន្លំ​ភ្នែក​អ្នក​ដំណើរ​នៅ​ទី​នោះ។

លោក​ Fallon ​បាន​និយាយ​មុន​ពេល​ពួក​លោក​ចេញ​ទៅ​សម្ដែង​​​ថា៖ "គ្មាន​នរណា​ម្នាក់​ដឹង​ថា​រឿង​នេះ​វា​នឹង​កើត​ឡើង​នោះ​ទេ គ្មាន​​នរណា​ស្គាល់​ថា​នេះ​ជា Maroon 5 ទេ"។

ក្រុម​សម្ដែង​របស់​លោក​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ដំណើរ​ជា​ច្រើន​ជាមួយ​បទ "Crazy Little Thing Called Love" ដោយ​លោក​ Fallon ជា​អ្នក​គោះចង្រ្កំតាម​ចង្វាក់​ភ្លេង។ ប៉ុន្តែ​ក្រោយ​មក​​អ្នក​ដំណើរ​ក៏​​មាន​ភាព​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​​នៅ​ពេល​ដែល​​លោក Fallon និង​ ក្រុម​ភ្លេង​របស់​លោក​ទាំង​អស់​ ដោះ​ពុក​មាត់​ និង​មួក​របស់​ពួក​គេ​ចេញ​​នោះ។

ភ្លាមៗ​នោះ​ដែរ​ ពួក​គេ​បាន​ច្រៀង​បទ​ដែល​កំពុង​តែ​ពេញ​និយម "Sugar" ខណៈ​អ្នក​ទស្សនា​ជា​ច្រើន​បាន​ច្រៀង​តាម​នឹង​ថត​សកម្មភាព​ដ៏​សប្បាយ​រីករាយ​នេះ​ក្នុង​ទូរស័ព្ទ​របស់​ពួក​គេ។

ចង់​ដឹង​ថា​ពួក​គេ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ភ្ញាក់​ផ្អើល​យ៉ាង​ណា​នោះ សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

ប្រភព៖ toofab.com

ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី