​លក្ខណៈ​ពិសេស ដែល​​បរទេស​ទាក់​ចិត្ត​ខ្លាំង​នឹង​​​របាំ​ក្បាច់​បុរាណ​ខ្មែរ​​

  • 2017-11-24 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ហេតុ​ផល​មិន​ច្រើន​ទេ ដែល​របាំ​ក្បាច់​បុរាណ​របស់​ខ្មែរ ត្រូវ​បាន​មជ្ឈដ្ឋាន​អន្តរ​ជាតិ​និយម​ចូល​ចិត្ត​មើល ទោះ​តែ​ពួក​គេ​មិន​ចេះ​ភាសា​ខ្មែរ​ក៏ដោយ។ តើ​មាន​ហេតុ​ផង​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​ជាតិ​សាសន៍​នៅ​ឯ​នាយ​សមុទ្រ​ពេញ​ចិត្ត​របាំ​ខ្មែរ​ម្ល៉េះ?

បើ​តាម​ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ លោក ព្រឿង ឈៀង បាន​ឱ្យ Sabay ដឹង​ថា ជន​បរទេស​នៅ​ប៉ែក​អឺរ៉ុប​ភាគ​ច្រើន​ចូល​ចិត្ត​មើល​របាំ​បុរាណ​ខ្មែរ​ណាស់ ព្រោះ​ពួក​គេ​ចង់​ស្វែង​យល់​ពី​របាំ និង​វប្បធម៌​ខ្មែរ។ លោក​ថា​ធាតុ​ពិត​ជន​បរទេស​ខ្លះ​មិន​ចេះ​ភាសា​ខ្មែរ​ទេ ហើយ​របាំ​ភាគ​ច្រើន​ពឹង​ទៅ​លើ​ចម្រៀង​បង្ហាញ​អំពី​អត្ថន័យ​របស់​របាំ តែ​លក្ខណៈ​ពិសេស​ដែល​ជន​បរទេស​អាច​មើល​យល់​ពី​របាំ​ខ្មែរ​គឺ​នៅ​ត្រង់​កាយ​វិការ​នោះ​ឯង។ (ភាគ​ច្រើន​មុន​សម្ដែង​របាំ​នៅ​ក្រៅ​ប្រទេស សិល្បករ​តែង​បង្ហាញ​ក្បាច់​របាំ និង​អត្ថន័យ​របាំ​ឱ្យ​ភ្ញៀវ​បាន​យល់​ខ្លះ​ៗ​ជា​មុន​សិន)។

ទីប្រឹក្សា​ក្រសួង​រូប​នេះ​បញ្ជាក់​ថា ធាតុ​ផ្សំ​ដែល​អាច​ជួយ​ឱ្យ​អ្នក​មើល​យល់​ពី​របាំ​បុរាណ​ខ្មែរ ថា​ចង់​បាន​ន័យ​ថា​យ៉ាង​ណា​នោះ គឺ​មាន​២ចំណុច។ ទី១​ទៅ​លើ​ការ​ច្រៀង ទី២​ទៅ​លើ​កាយវិការ ហើយ​កាយ​វិការ​នោះ​ទៀត​សោត​បែង​ចែក​ជា២​ទៀត គឺ​កាយ​វិការ​បង្ហាញ​ពី​ជីវភាព​ប្រចាំ​ថ្ងៃ និង​កាយ​វិការ​និមិត្ត។

ដូច្នេះ​ទោះ​តែ​ជន​បរទេស​មិន​ចេះ​ភាសា​ខ្មែរ ក៏​ពួក​គេ​អាច​មើល​របាំ​ខ្មែរ​បាន​យល់​មួយ​ចំនួន​ធំ​ដែរ។ ម្យ៉ាង​ទៀត​ដោយ​របាំ​ខ្មែរ​មាន​ភាព​ចំណាស់ និង​ភាព​ទន់ភ្លន់​បង្ហាញ​អំពី​ចរិត​នារី​ខ្មែរ​ពី​សម័យ​ដើម​ទើប​អាច​ទាក់​ចិត្ត​អ្នក​ទស្សនា​ជា​ជន​បរទេស​ខ្លាំង​បែប​នេះ។

ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​លោក ព្រឿង ឈាង

“កាយ​វិការ​របាំ​ហ្នឹង​មាន​ច្រើន​ដូច​ជា គេ​ចង់​ហៅ គេ​ធ្វើ​កាយ​វិការ​ដូច​ជា​យើង​ហៅ​អីចឹង គ្រាន់​តែ​សម្ដែង​ចេញ​ដោយ​ភាព​ទន់ភ្លន់ ដូច​ជា​ចង់​ឱ្យ​ទៅ សើច យំ ព្រួយ​ចិត្ត​ឬ​ពិបាក​ចិត្ត ភ័យ អី​អស់​ហ្នឹង​សុទ្ធ​តែ​ស្រដៀង​នឹង​ជីវិត​ប្រចាំ​ថ្ងៃ គ្រាន់​តែ​គេ​រៀប​បែប​បទ​ឱ្យ​ស្អាត​ប៉ុណ្ណោះ។ មួយ​ទៀត​កាយ​វិការ​និមិត ដូច​ជា​ការ​រីក​ចំរើន រុងរឿង ស្អាត ជា​ដើម​ហ្នឹង​យើង​មើល​មិន​ឃើញ​ទេ ដូច្នេះ​ត្រូវ​ពឹង​លើ​ចម្រៀង។

លោក ព្រឿង ឈាង បាន​បញ្ជាក់​ថា បើ​តាម​លោក​ព្រឹទ្ធាចារ្យ ឆេង ផុន ធ្លាប់​បាន​មាន​ប្រសាសន៍ ថា ក្បាច់​របាំ​របស់​ខ្មែរ​ទាំង​អស់​មាន​ចំនួន៤៥០០ក្បាច់ ដោយ​លោក​ថា​មាន​ក្បាច់​ខ្លះ​កប់​នៅ​ក្នុង​របាំ។ ដោយ​ឡែក​មក​ដល់​ពេល​នេះ​លោក ព្រៀង ឈាង នៅ​មិន​ទាន់​បាន​ស្រាវ​ជ្រាវ​ឃើញ​ក្បាច់​ទាំង​នោះ​អស់​នៅ​ឡើយ​ទេ តែ​ក៏​ចេះ​តែ​រក​ឃើញ​ក្បាច់​ថ្មី​ៗ​ជា​បន្ត​បន្ទាប់​ដែរ។

ចុច​អាន៖

សិល្បៈបុរាណខ្មែរ

របាំ​ខ្មែរ​មួយប្រភេទដែល​បរទេស​ស្គាល់​ច្រើន និង​សរសើរ​មិន​ដាច់​ពី​មាត់

អត្ថបទ៖ សាគន្ធ