របាំ​ខ្មែរ​មួយប្រភេទដែល​បរទេស​ស្គាល់​ច្រើន និង​សរសើរ​មិន​ដាច់​ពី​មាត់

  • 2017-11-08 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រទេស​កម្ពុជាមាន​របាំ​បុរាណ​ជា​ច្រើន​បង្ហាញ​ពី​វប្បធម៌​ដ៏​ចំណាស់​របស់​ខ្មែរ ហើយ​របាំ​ទាំង​នោះ​ពេញ​និយម​សម្ដែង​ក្នុង​កម្មវិធី​ធំ​ៗ និង​កម្មវិធី​នានា​ជា​ច្រើន។ បើ​និយាយ​ពី​របាំ​ដែល​ពេញ​និយម​យក​ទៅ​សម្ដែង​ក្រៅ​ប្រទេស ហើយ​ជន​បរទេស​ស្គាល់​ច្បាស់​នោះ​មាន​មិន​ច្រើន​ទេ។

បើ​តាម​ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​លោក ព្រឿង ឈាង បាន​ឱ្យ Sabay ដឹង​ថា របាំ​បុរាណ​ខ្មែរ​មាន​ច្រើន​ប្រភេទ ដូច​ជា​របាំ​អប្សរា របាំ​ទេព​មនោរម្យ របាំ​ជូនពរ របាំ​ជា​សាច់​រឿង និង​មាន​ជា​ច្រើន​ទៀត។ តែ​របាំ​ដែល​នាំ​យក​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ច្រើន​ជាង​គេ និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នោះ​គឺ របាំ​អប្សរា។ លោក​ថា របាំ​នេះ​ល្អ​ទាំង​ក្បាច់ ល្អ​ទាំង​សម្លៀក​បំពាក់ ដែល​ធ្វើ​ឱ្យ​បរទេស​នៅ​ប៉ែក​អឺរ៉ុប​ចូល​ចិត្ត​ទស្សនា និង​សរសើរ​ពី​ភាព​ចំណាស់​ដ៏​ល្អ​ឯក​របស់​របាំ​នេះ។

ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​លោក ព្រឿង ឈាង

“របាំ​ដែល​យក​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស ហើយ​បរទេស​ស្គាល់​ច្រើន​ជាង​គេ​នោះ​គឺ​របាំ​អប្សរា។ ជាពិសេស​ខាង​អឺរ៉ុប​គេ​ចូល​ចិត្ត​ណាស់ គេ​ឱ្យ​តម្លៃ​ណាស់ ដណ្ដើម​គ្នា​ទិញ​សំបុត្រ​ចូល​មើល។ របាំ​អប្សរា​ហ្នឹង​ដូច​ជា​ប្រសាទ​អង្គរវត្តអីចឹង​ បើ​គេ​និយាយ​ពី​ស្ថាបត្យកម្ម គេ​នឹក​ដល់​ប្រាសាទ​អង្គរវត្ត បើ​គេ​និយាយ​ពី​របាំ​គេ​នឹក​ដល់​របាំ​អប្សរា របាំ​នេះ​ល្អ​ទាំង​ក្បាច់​ទាំង​សម្លៀក​បំពាក់"។

របាំ​ដែល​ខាង​ក្រសួង​យក​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស ភាគ​ច្រើន​មាន​របាំ អប្សរា ទេព​មនោរម្យ របាំ​ជូនពរ របាំ​ជា​សាច់​រឿង និង​មាន​ច្រើន​ទៀត ប៉ុន្តែ​របាំ​ដែល​បរទេស​ស្គាល់​ច្រើន​ជាង​គេ ពេញ​និយម​ច្រើន​ជាង​គេ​គឺ​របាំ​អប្សរា។ ចំណែក​ប្រទេស​ដែល​កម្ពុជា​បាន​យក​របាំ​ទាំង​នេះ​ទៅ​សម្ដែង ដើម្បី​បង្ហាញ​ពី​វប្បធម៌​របស់​ខ្លួន មាន​ទាំង​ទ្វីប​អឺរ៉ុប អាស៊ី។

ចុចអាន៖

អត្ថបទ៖ ប៉ូ សាគុន