មក​ដឹង​របៀប​ថត​រូប​ផ្កាយ​ ​ដែល​ធ្វើ​បាន​ទាំង​កាមេរ៉ា​ ​និង​ស្មាតហ្វូន

  • 2017-11-28 02:19:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទិដ្ឋភាព​ពេល​យប់​លើ​មេឃ​ ​អ្វី​ដែល​មាន​ភាព​ស្រស់​ស្អាត​ក្រៅ​ពី​ព្រះចន្ទ​ ​គឺ​ផ្កាយ​ ​ដែល​មាន​ពន្លឺ​តូច​ៗ​ច្រើន​ ​ភ្ជាប់​ជាមួយ​នឹង​ទេសភាព​ផ្សេងៗ​ ​ដូចជា​ដើមឈើ​ ​ឬ​ភ្នំ​។ អ្នក​អាច​ចាប់​យក​រូបភាព​ទាំង​នេះ​បាន​ ជា​អនុស្សាវរីយ​ ​ឬ​លក់​បាន​ ​ព្រោះ​មិន​សូវ​ជា​ស្រួល​ផ្ដិត​យក​ប៉ុន្មាន​នោះ​ទេ​។ អ្នក​អាច​ពិនិត្យ​មើល​ចំណុច​ខាងក្រោម​ ជា​យោបល់​ក្នុង​ការ​ផ្ដិត​យក​រូបភាព​ផ្កាយ​ ជា​ពិសេស​ទិដ្ឋភាព​ Milky Way៖

១. រៀបចំ​សម្ភារៈ​ថត​

ការ​ថតរូប​ផ្កាយ​មិន​តម្រូវ​មាន​តួ​កាមេរ៉ា​តម្លៃ​ ​៥ ០០០ ដុល្លារ​ ​ដូច​ ​NASA​ ​ប្រើ​នោះ​ទេ​ ​តែ​គួរ​មាន​ភ្ជាប់​នូវ​សម្ភារៈ​មួយ​ចំនួន​ដូចជា​ ​Tripod​ ​ជា​ដើម​ ​ដើម្បី​ការពារ​លទ្ធផល​រូបភាព​ព្រាល​ ​ពេល​ថតរូប​ពេល​យប់​ ​ព្រោះ​អ្នក​នឹង​ប្រើ​ ​Exposure​ ​រយៈពេល​យូរ​។ អ្នក​អាច​ប្រើ​កាមេរ៉ា​ ​DSLR​ ​ឬ​ ​Mirrorless​ ​ជាមួយ​នឹង​ការ​កំណត់​ ​Exposure​ ​និង​ការ​ ​Focus​ ​ដោយ​ខ្លួន​ឯង​។​ ម្យ៉ាង​វិញ​ទៀត​ ​សូម្បី​តែ​កាមេរ៉ា​ទូរសព្ទ​ក៏​អាច​ថត​បាន​ ​តែ​គ្រាន់​តែ​មាន​ចំណុច​ពិបាក​ច្រើន​។ អ្នក​អាច​ប្រើ​ ​Telephoto lens​​ អាច​ផ្ដល់​នូវ​បាតុភូត​នៅ​ខាងលើ​កាន់​តែ​ជិត​ ​ឬ​ ​Super-wide-angle lens​ ​អាច​ពង្រីក​បាន​ទិដ្ឋភាព​ធំ​ចាប់​ពី​ដី​ឡើង​លើ​។ ដោយសារ​តែ​អ្នក​ថតរូប​ពេល​យប់​ អ្នក​គួរ​មាន​ពិល​តាម​ខ្លួន​។ ម្យ៉ាង​វិញ​ទៀត​ អ្នក​គួរ​មាន​ភាព​សាំ​នឹង​ Controls លើ​កាមេរ៉ា​ មុន​អ្នក​ទៅ​ទីតាំង​នោះ​ ហើយ​ប្រសិនបើ​កាមេរ៉ា​អ្នក​មាន​ Backlit controls អ្នក​គួរ​ដឹង​ពី​ទីតាំង​ជម្រើស​នោះ​។

២. មាន​គម្រោង​ចំពោះ​អាកាសធាតុ​

ពេល​លើ​មេឃ​មាន​ពពក​ច្រើន​ ​អ្នក​ប្រាកដ​ជា​មិន​អាច​ឃើញ​នូវ​ផ្កាយ​ច្រើន​នោះ​ទេ​ ​ហើយ​ខ្លះ​អាច​មិន​ឃើញ​តែ​ម្ដង​។ ពេល​ព្រះចន្ទ​ភ្លឺ​ល្អ​ អ្នក​នឹង​អាច​ឃើញ​ផ្កាយ​ជា​ច្រើន​។ ប្រសិនបើ​អ្នក​ចង់​ថតរូប​លក្ខណៈ​ ​Milky Way​ ​អ្នក​គួរ​មាន​គម្រោង​ក្នុង​ការ​ថត​អំពី​ទីតាំង​ផ្កាយ​ ​ស្ថិត​នៅ​រយៈពេល​ណា​មួយ​ ​មិន​ពិបាក​ខ្លាំង​នោះ​ទេ​ ​ដោយ​គ្រាន់​តែ​ប្រើ​នូវ​កម្មវិធី​ ​PhotoPills​ ​អាច​ជួយ​បាន​ច្រើន​។

៣. ទៅ​កាន់​តែ​ឆ្ងាយ​

ចំពោះ​ការ​ថតរូប​ផ្កាយ​ ​ពន្លឺ​ក្នុង​ក្រុង​អាច​រំខាន​ដល់​ពន្លឺ​ផ្កាយ​ ​ដែល​អាច​ពិបាក​ដល់​កាមេរ៉ា​ចាប់​យក​រូបភាព​ផ្កាយ​បាន​ច្រើន​។ អ្នក​គួរ​នៅ​ឆ្ងាយ​ពី​ក្រុង​​ព្រោះ​មាន​ពន្លឺ​ជះ​ពី​ក្នុង​ក្រុង​ច្រើន​។ ប្រសិនបើ​អ្នក​មាន​ឱកាស​ថតរូប​ផ្កាយ​ ហើយ​មិន​ស្ថិត​នៅ​ឆ្ងាយ​ពី​ពន្លឺ​ក្នុង​​ក្រុង​ ​អ្នក​នៅ​តែ​អាច​ថត​បាន​ផ្កាយ​មួយ​ចំនួន​ ​តែ​មិន​ច្រើន​នោះ​ទេ​។

៤. ស្វែងរក​នូវ​ផ្ទៃ​ដី​ ដែល​ជា​ផ្ទៃ​ខាង​មុខ​ ​ឬ​ខាងក្រោយ​

អ្នក​អាច​ចាប់​យក​រូបភាព​ទេសភាព​បន្សំ​ជាមួយ​នឹង​រូបភាព​ផ្កាយ​ ​ដែល​បង្កើត​រូបភាព​កាន់​តែ​ចាប់​អារម្មណ៍​។ អ្នក​អាច​ឲ្យ​ធាតុ​មួយ​ចំនួន​នៅ​ផ្ទៃ​ខាងមុខ​ទិដ្ឋភាព​ផ្កាយ​ ​ដូចជា​ដើមឈើ​ ​ឬ​មាន​ភ្នំ​នៅ​ផ្ទៃ​ខាងក្រោយ​នៃ​ទិដ្ឋភាព​ផ្កាយ​។ អ្នក​អាច​ផ្ដោត​ ​Focus​ ​លើ​ទិដ្ឋភាព​ផ្កាយ​ ​ហើយ​ឲ្យ​ទិដ្ឋភាព​ប្រែ​ក្លាយ​ជា​លក្ខណៈ​ ​Silhouette​ ​ឬ​ ​អ្នក​អាច​ប្រើ​ពិល​ ​ឬ​ប្រភព​ពន្លឺ​ផ្សេង​ទៀត​ ​លើ​ផ្ទៃ​ខាងមុខ​នៃ​ធាតុ​មួយ​ ​ដូច្នេះ​ធាតុ​នោះ​អាច​មាន​ពណ៌​ពេញ​ល្អ​ ​ជាមួយ​​នឹង​មេឃ​។ ពេល​អ្នក​រក​ឃើញ​នូវ​ទិដ្ឋភាព​អ្នក​ចង់​ថត​ អ្នក​អាច​ដំឡើង​ Tripod នៅ​ទីនោះ​បាន​។

៥. កំណត់​ Exposure

ផ្កាយ​មាន​ចលនា​លើ​មេឃ​ពេល​យប់​ ​ហើយ​ប្រសិនបើ​អ្នក​កំណត់​ Exposure រយៈពេល​យូរ​ពេក​ ផ្កាយ​នឹង​បង្ហាញ​ព្រាល​។ សម្រាប់​ការ​ថតរូប​ផ្កាយ​ អ្នក​គួរ​ប្រើ​ Shutter priority mode ឬ​ Manual mode ដោយ​មាន​ ​Shutter speed​ ​តិច​ជាង​ ​៣០ វិនាទី​ ឬ​ តិច​ជាង​ ២០ វិនាទី ​។ ក្នុង​ការ​ថតរូប​ Milky Way កម្រិត​លម្អិត​ អ្នក​អាច​កំណត់​លើស​នេះ​បន្តិច​ ដែល​គ្រប់គ្រាន់​ឲ្យ​មេឃ​ភ្លឺ​ជាង​ទិដ្ឋភាព​លើ​ផ្ទៃ​ដី​។ ការ​ប្រើ​ Aperture ធំ​ ងាយស្រួល​សម្រាប់​កម្រិត​ពន្លឺ​ទាប​បែប​នោះ​ ហើយ​ ISO អាច​ជួយ​ផ្ដល់​តុល្យភាព​នឹង​គ្នា​បាន​ តែ​ Settings បែប​នេះ​ នឹង​មាន​ភាព​ខុសគ្នា​ អាស្រ័យ​លើ​ទីតាំង​ និង​ប្រភព​ពន្លឺ​ក្នុង​ទិដ្ឋភាព​។

ការ​កំណត់​ Shutter speed តិច​ជាង​ ៣០ វិនាទី​ នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ពន្លឺ​គ្រាប់​តូច​ៗ​នោះ​។ ពេល​ផ្កាយ​ដើរ​លើ​មេឃ​ ​នឹង​ធ្វើ​ឲ្យ​ពន្លឺ​ព្រាល​។ សម្រាប់​ផ្កាយ​ដើរ​ អ្នក​ត្រូវការ​ ​Exposure​ ​រយៈពេល​យ៉ាង​ហោច​ណាស់​ ៣០ វិនាទី​។ ប្រសិនបើ​អ្នក​ចង់​បង្ហាញ​ដំណើរ​ផ្កាយ​មាន​ចលនា​លើ​មេឃ​ អ្នក​អាច​តម្រង់​កាមេរ៉ា​ទៅ​ប៉ូល​ខាងជើង​ ឬ​ខាងត្បូង​ ហើយ​ប្រើ​ ​Bulb mode​ ​រយៈពេល​ពីរ​ ​ឬ​បី​ម៉ោង​។ ជម្រើស​មួយ​ទៀត​ អ្នក​អាច​លាយ​រូបភាព​ជាច្រើន​ចូលគ្នា​ ​ក្រោម​៣០ វិនាទី​ ​ដើម្បី​បង្កើត​ដំណើរ​ផ្កាយ​ ​ឬ​ភ្ជាប់​រូបភាព​ដូចគ្នា​ទាំង​នោះ​ចូលគ្នា​ទៅ​ជា​វីដេអូ​ដំណើរ​ផ្កាយ​ជា​លក្ខណៈ​ Time-lapse។

៦. កំណត់​ Focus

ការ​ប្រើ​ Autofocus ត្រូវ​ការ​ពន្លឺ​ក្នុង​ការ​ដំណើរការ​ ដូច្នេះ​ Manual focus សាក​សម​សម្រាប់​ការ​ថតរូប​ផ្កាយ​។ អ្នក​អាច​បង្វិល​ Focus dial ទៅ​កាន់​ចំណុច​ Infinity បន្ទាប់មក​ចាប់ផ្ដើម​ថត​ពី​ទីនោះ​។ ការ​ Focus ចំណុច​កំពូល​អាច​ជួយ​បាន​ច្រើន​ ដូច្នេះ​បើ​ម៉ូដែល​កាមេរ៉ា​អ្នក​ផ្ដល់​នូវ​មុខងារ​នេះ​ អាច​បើក​ដំណើរការ​បាន​។ មួយវិញទៀត​ អ្នក​គួរ​ត្រួត​ពិនិត្យ​មើល​ចំណុច​ Focus ដោយ​ប្តូរ​ទៅ​ប្រើ​ Live view mode ហើយ​ចុច​លើ​ Magnifying glass ដើម្បី​ត្រួត​ពិនិត្យ​ការ​ថត​។

៧. ប្រើ​ Self-timer ឬ​ Camera remote ក្នុង​ការ​ថត​

ការ​ចុច​ថត​ដោយ​ផ្ទាល់​លើ​កាមេរ៉ា​កំឡុង​ពេល​ប្រើ​ Exposure រយៈពេល​យូរ​ អាច​ធ្វើ​ឲ្យ​កាមេរ៉ា​រង្គើ​ សូម្បី​តែ​ប្រើ​ Tripod ក៏​ដោយ​។ អ្នក​គួរ​ប្រើ​មុខងារ​ Self-timer លើ​កាមេរ៉ា​ ឬ​ប្រើ​ Camera remote អាច​ការពារ​កុំ​ឲ្យ​រង្គើ​ពេល​ថត​ ក្រោយ​ការ​ចាប់​ប្លង់​ កំណត់​ Exposure និង​ ការ Focus បាន​ល្អ​។

៨. ពិនិត្យ​មើល​ និង​កែប្រែ​

ក្រោយ​ពេល​ថត​រួច​ អ្នក​គួរ​ត្រួត​ពិនិត្យ​មើល​លើ​ LCD មុន​ពេល​ថត​រូប​បន្ទាប់​។ អ្នក​គួរ​ប្រាកដ​ថា​ចំនុច​ Focus  ច្បាស់​ល្អ​ ដោយ​ពង្រីក​មើល​ផ្កាយ​ទាំង​នោះ​។ ប្រសិនបើ​រូបភាព​ទេសភាព​ និង​មេឃ​មាន​ពណ៌​ដូចគ្នា​ អ្នក​អាច​បង្កើន​ Exposure បាន​។ អ្នក​គួរ​មើល​ឲ្យ​កៀក​នឹង​កាមេរ៉ា​ ពេល​កែប្រែ​ Exposure ដើម្បី​កាត់​បន្ថយ​អត្រា​កើន​ឡើង​ Noise ក្នុង​រូបភាព​។ ម្យ៉ាងវិញទៀត​ អ្នក​គួរ​ពិនិត្យ​មើល​ប្លង់​រូបភាព​ ព្រោះ​ពេល​ខ្លះ​អ្នក​អាច​ងាយស្រួល​ថត​បាន​ផ្កាយ​ច្រើន​ ក្រោយ​ថត​ពីរ​ បី​សន្លឹក​។ អ្នក​អាច​ថតរូប​បន្ត​បន្ទាប់​ជាមួយ​នឹង​ការ​កែតម្រូវ​ និង​ប្លង់​ផ្សេង​។

៩. កាត់ត​

ក្រោយ​ថតរូប​ផ្កាយ​ អ្នក​គួរ​បន្ថែម​ឥទ្ធិពល​លើ​ពន្លឺ​តូច​ៗ​នោះ ​ដោយ​កែប្រែ​ Exposure ល្មម​ ដោយ​ឲ្យ​ផ្កាយ​លេច​ធ្លោ​ល្អ​។ White balance អាច​មាន​ភាព​ងាយស្រួល​ ពេល​កាត់ត​រូបភាព​ផ្កាយ​ ដោយ​ឲ្យ​មេឃ​កៀក​នឹង​ពណ៌​ខៀវ​ចាស់​ ឬ​ពណ៌ស្វាយ​ ច្រើន​ជាង​ពណ៌ខ្មៅ​ ឬ​ពណ៌​ប្រផេះ​។ Contrast ក៏​អាច​ជួយ​ឲ្យ​ផ្កាយ​លេចធ្លោ​ផង​ដែរ​ ដោយ​បង្កើន​ចំណុច​ Highlights និង​ ពណ៌​សរ​ ហើយ​បន្ថយ​ Shadows និង​ពណ៌​ខ្មៅ​។ ការ​ថត​ Milky Way អាច​ប្រើ​ Clarity និង​ Vibrance អាច​ជួយ​បង្ហាញ​នូវ​ឧស្ម័ន​ និង​ធូលី​នៃ​ផ្កាយ​ទាំង​នោះ​បាន​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ DigitalTrends   ប្រែសម្រួល៖ ប៊ុន ធឿន

អត្ថបទថ្មី