ក្រុមហ៊ុន Airbus, Rolls-Royce ​និង​ Siemens ​ចាប់​ដៃ​គ្នា​ផលិត​យន្តហោះ​ hybrid

  • 2017-11-29 13:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Airbus, Rolls-Royce ​និង​ក្រុមហ៊ុន​ Siemens ​កំពុង​សហការ​គ្នា​ផលិត​យន្តហោះ​ដឹក​អ្នក​ដំណើរ​ប្រភេទ​ hybrid ដែល​វា​នឹង​ប្រើប្រាស់​ម៉ាស៊ីន​​ turbofan ​អគ្គិសនី​តែ​មួយ​រួម​ជាមួយ​នឹង​ម៉ាស៊ីន​យន្តហោះ​ធម្មតា​បី​ផ្សេង​ទៀត​ ។ យន្តហោះ​ hybrid ​នេះ​គឺ​ជា​កិច្ច​ប្រឹង​ប្រែង​មួយ​ដើម្បី​អភិវឌ្ឍ​និង​បង្ហាញ​ពី​បច្ចេកវិទ្យា​នា​ពេល​អនាគត​ដែល​ជួយ​កំណត់​ការ​បំភាយ​នៃ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ (CO2) ​ពី​ការ​ហោះហើរ​និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ខ្លាំង​លើ​ឥន្ធនះ​ហ្វូស៊ីល​ ។ ក្រុមហ៊ុន​ទាំង​បី​ខាង​លើ​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ ពួកគេ​ចង់​ផលិត​យន្តហោះ​ប្រើ​បច្ចេកវិទ្យា​ E-Fan X ​នៅ​ឆ្នាំ​ ២០២០ ។ យន្តហោះ​នឹង​បំពាក់​ម៉ាស៊ីន​ BAe 146 ​ចំនួន​៤​ ដែល​មាន​ស្រាប់​ក្នុង​ស្រុក​រីឯ​យន្តហោះ​ hybrid ​នឹង​បង្កើត​ថាមពល​អគ្គិសនី​តាម​រយៈ​ម៉ាស៊ីន​ turbine ​នៅ​ក្នុង​យន្តហោះ​តែ​ម្តង​ ហើយ​ថាមពល​នោះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បើក​ស្លាប​ចក្រ​កង្ហារ​នៃ​ម៉ាស៊ីន​ turbofan ​អគ្គិសនី​តែ​មួយ​ ។ ក្រុមហ៊ុន​ទាំង​នោះ​និយាយ​ថា​ បើ​សិន​ជា​ប្រព័ន្ធ​នេះ​ដំណើរ​ការ​នោះ​ម៉ូទ័រ​អគ្គិសនី​ទី​ពីរ​អាច​នឹង​ត្រូវ​បាន​បំពាក់​បន្ថែម​ ។

ក្រុមហ៊ុន​ Airbus, Rolls Royce ​និង​ Siemens​សុទ្ធតែ​មាន​តួនាទី​រៀងៗ​ខ្លួន​សម្រាប់​ការ​អភិវឌ្ឍ​យន្តហោះ​ hybrid ​ដូចជា​ Airbus ​នឹង​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​ដំឡើង​ប្រព័ន្ធ​របស់​យន្តហោះ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​ការ​ហោះហើរ​ ។ Rolls Royce ​នឹង​បង្កើត​ម៉ាស៊ីន​ភ្លើង​ ម៉ាស៊ីន​ turbo-shaft ​រីឯ​ក្រុមហ៊ុន​ Siemens នឹង​ដំឡើង​ម៉ូទ័រ​កម្លាំង​ ២ ​ម៉េហ្កាវ៉ាត់​ដើម្បី​ផ្តល់​ថាមពល​ដល់​ម៉ាស៊ីន​ ។ ដោយឡែក​គម្រោង​ដទៃ​ផ្សេងទៀត​ដូចជា​យន្តហោះ​ hybrid ​ឬ​ អគ្គិសនី​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ ។ រំឮកថា​ ពួកគេ​សម្លឹង​ឆ្ពោះ​ទៅ​រក​គោល​ដៅ​វែងឆ្ងាយ​របស់​សហភាព​អឺរ៉ុប​នៃ​ការ​កាត់​បន្ថយ​ការ​បំភាយ​ CO2 ពី​ការ​ហោះហើរ​អាការចរណ៍​ ៦០% ​ព្រម​ទាំង​ការ​កាត់បន្ថយ​សំឡេង​រំខាន​ និង​ជាតិពុល​ដែល​សហភាព​អឺរ៉ុប​និយាយ​ថា​បញ្ហា​អស់​ទាំងនេះ​មិន​អាច​ដោះ​ស្រាយ​បាន​ទោះ​បី​ជា​មាន​បច្ចេកវិទ្យា​ទំនើបៗ​នា​ពេល​បច្ចុប្បន្ន​ក៏​ដោយ​ ខណៈ​ CO2 គឺ​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​អ្នក​វិទ្យាសាស្រ្ត​អះអាង​ថា​វា​រួម​ចំណែក​នៃ​ការ​កើន​ឡើង​កម្តៅ​ផែនដី​ ៕ ប្រែសម្រួល៖ សិរីបុទ្រ ប្រភព៖ https://phys.org/news/2017-11-airbus-rolls-royce-siemens-hybrid-plane.html

ប្រភព៖ phys.org   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី