Angelina ថ្លែង​សន្ទរកថា​យ៉ាង​មាន​ឥទ្ធិពល​​ក្នុង​កម្មវិធី Women In Entertainment

  • 2017-12-08 02:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Angelina Jolie បាន​ឡើង​ឆាក​ដើម្បី​ធ្វើ​សន្ទរកថា​នៅ​ក្នុង​កម្មវិធី "Women In Entertainment ឆ្នាំ ២០១៧” របស់​សារព័ត៌មាន​ The Hollywood Reporter កាល​ពី​ព្រឹក​ថ្ងៃ​ពុធ។

តួ​ឯក​រឿង "Maleficent” វ័យ ៤២​ឆ្នាំ​រូប​នេះ​បាន​ស្លៀក​ពាក់​ឈុត​ខ្មៅ​ ខណៈ​នាង​ចូល​រួម​កម្មវិធី​នេះ​ជាមួយ​តារា​សម្ដែង​ស្រី​ល្បី​ៗ​ដូច​ជា Jennifer Lawrence, Gal Gadot, Lily Collins, Olivia Munn និង Emmy Rossum ជា​ដើម​។ តារា​សម្ដែង​មាន​កូន​ចំនួន​ ៦​នាក់​រូប​នេះ​បាន​ថ្លែង​សន្ទរកថា​យ៉ាង​មាន​ឥទ្ធិពល​មួយ ពី​ស្រ្តី​ៗ​ទាំង​ឡាយ​ដែល​មាន​ភាព​រឹង​មាំ​និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ នៅ​ក្នុង​សង្គម​ Hollywood ដែល​អាច​ជា​កម្លាំង​ចិត្ត​វិជ្ជមាន​ដល់​ស្រ្តី​ៗ​ទាំង​ឡាយ​ទូទាំង​ពិភពលោក។

Angelina បាន​និយាយ​ដូច្នេះ​ថា៖ "យើង​មាន​សិទ្ធិដើម្បី​និយាយ​ការ​ពិត​តាម​អ្វី​ដែល​យើង​មើល​ឃើញ។ យើង​ទាំង​អស់​គ្នា​ស្គាល់​នារី​ជា​ច្រើន​រូប​ ដែល​មិន​អាច​រស់​នៅ​តាម​ជីវិត​ដែល​គេ​ប៉ង​ប្រាថ្នា​ ដោយ​សារ​តែ​ពួក​គេ​ត្រូវ​ការ​មើល​ថែ​គ្រួសារ​ ដូច្នេះ​ហើយ​ពួក​​គេ​តែង​តែ​លះ​បង់​ទេពកោសល្យ​របស់​ពួក​គេ​ព្រោះ​តែ​គ្រួ​សារ"។

ក្នុង​ឱកាស​នោះ​ដែរ Angelina ក៏​បាន​លើក​ឡើង​ពី​បញ្ហា​មួយ​ ដែល​ពាក់​ពន្ធ​នឹង​តារា​សម្ដែង​ស្ត្រី​ជា​រួម​ ធំ​បំផុត​នោះ​ គឺ​តម្លៃ​ខ្លួន​ក្នុង​ការ​សម្ដែង​ភាពយន្ត។

នាង​បាន​ថ្លែង​ថា៖ "យើង​ដឹង​ហើយ​ថា​នៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​នេះ​ កំពុង​តែ​ខ្វះ​ខាត​នូវ​ការ​​ប្រើ​ប្រាស់​ពូជសាសន៍​ឲ្យ​ស្មើ​គ្នា​ (Diversity) និង​ភាព​អយុត្តិធម៌​ផ្សេងៗ​ទៀត​ជា​ច្រើន​ដែល​យើង​ត្រូវ​ការ​ផ្លាស់​ប្ដូរ។ ​ប៉ុន្តែ​ក៏​នៅ​មាន​ភាព​ខ្វះ​ខាត​ខ្លាំង​ ដោយ​មិន​អាច​នឹក​ស្មាន​បាន​ចំពោះ​ស្ត្រី​ជា​ច្រើន​រូប​ទូទាំង​ពិភពលោក។ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ស្រ្ដី​ដែល​រស់​នៅ​ក្នុង​ទីតាំង​ ដែល​មាន​សង្គ្រាម​ និង​ភាព​ក្រី​ក្រ​ជាដើម​ ដែល​ពួក​គេ​មិន​ដែល​មាន​ឱកាស​ក្នុង​ជីវិត​នោះ​ឡើយ សំឡេង​​របស់​ពួក​គេ​គឺ​តែង​តែ​ស្ងប់​ស្ងាត់។"

មិន​ត្រឹម​តែ​ប៉ុណ្ណោះ តារា​រូប​នេះ​ក៏​សង្ឃឹម​ថា​ស្ត្រី​ទាំង​ឡាយ​ទូទាំង​ពិភពលោក​នឹង​រួម​ដៃ​គ្នា ដើម្បី​សិទ្ធិសេរីភាព​ និង​ការ​ខ្វះ​ខាត​ផ្សេងៗ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ។

ថ្មីៗ​នេះ​ Angelina Jolie កំពុង​តែ​មាន​ភាព​ជោគជ័យ​ជា​ខ្លាំង​ចំពោះ​ភាពយន្ត​ដែល​នាង​បាន​ដឹក​នាំ​គឺ​ "First They Killed My Father” និង​ព្រម​ទាំង​ជិត​ចូល​រួម​សម្ដែង​ក្នុង​រឿង "Maleficent” វគ្គ​ថ្មី​របស់ Disney ផង​ដែរ៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម