ប្រាសាទខ្នារ លែងនៅឯកោលើភ្នំដងរែកទៀតហើយ
- 2017-12-11 07:39:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាសាទខ្នារ លែងនៅឯកោលើភ្នំដងរែកទៀតហើយ
ចន្លោះមិនឃើញ
តំបន់ទេសចរណ៍ប្រាសាទបាក់បែកនេះមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំបន្សាយរ៉ាក់ ក្រុងសំរោង ស្ថិតទិសខាងជើង នៃទីរួមខេត្តឧត្តរមានជ័យ មានទីតាំងនៅលើជួរភ្នំដងរ៉ែកជាប់ព្រំដែនកម្ពុជាថៃ។ ប្រាសាទនេះមានឈ្មោះថា ប្រាសាទខ្នារ បច្ចុប្បន្នមិនសូវមានភ្ញៀវមកពីចម្ងាយទៅលេងច្រើននៅឡើយទេ ពោលគឺសម្បូរតែអ្នករស់នៅក្នុងស្រុកទៅលេងនារដូវបុណ្យទាននានាម្តងៗតែប៉ុណ្ណោះ។
បន្ទាប់មានការអភិវឌ្ឍន៍ផ្លូវឡើងនៅជណ្តើរធ្វើអំពីឈើជិតចំនួនពីរពាន់កាំ បត់បែនតាមចន្លោះផ្ទាំងថ្មតូចធំ ប្រាសាទបុរាណមានវ័យចំណាស់មួយនេះបានក្លាយទៅជាតំបន់ទេសចរមួយកន្លែងទៀត និងមានការទាក់ទាញអ្នករស់នៅក្រៅ និងក្នុងតំបន់ទៅដើរលេងកម្សាន្ត ទោះនៅមានចំនួនតិចតួចក្តី តែប្រាសាទបាក់បែកមួយនេះលែងនៅឯកកោទៀតហើយ ។
ពេលបានទៅដល់លើភ្នំអ្នកធ្វើដំណើរដៃកាន់ដបទឹក និងចំណីអាហារកាន់ឡើងទៅកំពូលភ្នំអស់កម្លាំងបន្តិចបន្ទួចមែនតែទៅដល់ហាក់មានអារម្មណ៍ស្រស់ស្រាយនិងស្រូបយកខ្យល់បរិសុទ្ធ រួមឈរគយគន់នូវទេសភាពព្រៃឈើខៀវខ្ចីនៅផ្នែកខាងក្រោមក្បែរជើងភ្នំ មានវាលស្រែ និងដំណាំចម្ការចម្រុះពណ៌បៃតង។
ស្ត្រីវ័យអាយុ៤០ឆ្នាំម្នាក់ដែលអង្គុយក្រោមដំបូលឆ័ត្រលក់ភេជ្ជ:ក្បែរជណ្តើរឡើងនៃប្រាសាទបានឲ្យដឹងថា ពីមុនអ្នកស្រុករស់នៅក្បែរតំបន់នេះមិនបានឃើញ និងឮតែឈ្មោះ តែមិនមានឱកាសបានឡើងទៅលេងនោះទេ ព្រោះតំបន់ប្រាសាទនេះនៅជាប់ព្រំដែនគ្មានផ្លូវឡើង និងសម្បូរទៅដោយគ្រាប់មីន។ អ្នកស្រីថា បច្ចុប្បន្នប្រាសាទនេះត្រូវបានអាជ្ញាធរខេត្ត និងកងកម្លាំងយោធាការពារព្រំដែនបានស្ថាបនាផ្លូវ ដោយធ្វើជណ្តើរឈើឡើង ដូច្នេះមានមនុស្សម្នាទៅកម្សាន្តនៅទីនោះគឺភាគច្រើនច្រើនតែចំថ្ងៃចុងសប្តាហ៍ ឬមុនថ្ងៃបុណ្យធំៗចូលឆ្នាំនិងរដូវភ្ជុំបិណ្ឌមកដល់តែប៉ុណ្ណោះ។
ស្ត្រីខាងលើបន្តទៀតថា នៅតំបន់ប្រាសាទខ្នារ បើក្រសួង និងមន្ទីរពាក់ពន្ធ័មានការរៀបចំដូចប្រាសាទមួយចំនួននៅលើជួរភ្នំក្បែរតំបន់មួយនេះ ដូចជាត្រួសត្រាយព្រៃខ្លះៗនៅអែបសងខាងទីតាំងបន្តិច រួមមានកន្លែងអង្គុយលេងនិងដាក់ស្លាកផ្សេងៗប្រាប់ដល់ភ្ញៀវដែលមកកម្សាន្តជួយរួមគ្នារក្សាអនាម័យផង នោះតំបន់នេះនឹងមានអ្នកមកលេងកម្សាន្តច្រើននារដូលកាលបុណ្យធំៗខាងមុខ។
សំណង់ប្រាសាទបុរាណខ្មែរនៅលើជួរភ្នំដងរែក ព្រំដែនកម្ពុជាថៃនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យមានចំនួន៣ទីតាំង គឺប្រាសាទតាមាន់ ប្រាសាទខ្នារ និងប្រាសាទតាក្របី ៕