ចម្លាក់លើស្ពាន់ ស្នាដៃប្លែក តែខ្វះទីផ្សារ
- 2017-12-18 06:31:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្លាក់លើស្ពាន់ ស្នាដៃប្លែក តែខ្វះទីផ្សារ
ចន្លោះមិនឃើញ
ដោយមានជំនាញខាងគូរគំនូរក្បាច់ផ្កាភ្ញីផងនៅឆ្នាំ២០០៩ លោក ឈឹម វិបុល បានបែកគំនិតកែច្នៃស្នាដៃថ្មីក្នុងអាជីពរបស់ខ្លួនដោយប្រើគំនូរឆ្លាក់លើស្ពាន់វិញម្តង។ ទោះបីនេះជាអ្វីដែលលោកបានបង្កើតថ្មីក៏ពិតមែន តែថាមិនសូវមានទីផ្សារនោះទេ។
លោក ឈឹម វិបុល មានវ័យជាង៣០ឆ្នាំ និងមានស្រុកកំណើតនៅសង្កាត់ព្រែកឯង រាជធានីភ្នំពេញ។ លោកបញ្ជាក់ដែរថាលោកបានរៀនសូត្រក្បាច់ផ្កាភ្ញីនេះពីគ្រូម្នាក់ និងសិក្សានៅតាមសៀវភៅ តាមវត្ត និងសារមន្ទីរជាដើម។ លោកឲ្យដឹងថាចំណែកគំនិតច្នៃប្រឌិតចម្លាក់គំនូរលើស្ពាន់នេះកើតចេញពីការស្រមើស្រម៉ៃរបស់លោក និងការសាកល្បងរបស់លោផ្ទាល់។
លោកបន្ថែមថាៈ«ខ្ញុំបានសិក្សាជាមួយគ្រូ...ដកស្រង់តាមសៀវភៅ តាមវត្ត តាមសារមន្ទីរ ដកស្រង់បន្តិចៗយើងច្នៃចូលគ្នា...ការចាប់ផ្តើមដំបូងហ្នឹងគឺចង់ធ្វើអ្វីដែលប្លែកពីគេ ហើយខ្ញុំឃើញគេធ្វើប្លែកអស់ហើយ ចឹងមានតែអារក្បាច់លើស្ពាន់ហ្នឹងតែម្តងទៅបាទ»។
វិចិត្រកររូបនេះ បន្តពន្យល់ថា កាងារឆ្លាក់គំនូរ លើផ្ទាំងស្ពាន់ នេះទាមទារ ការផ្ចិតផ្ចង់ខ្ពស់និងលំបាកជាង គំនូរ ឬចម្លាក់ ទូទៅ។ ប៉ុន្តែលោកថាទោះជាស្នាដៃនេះ លំបាកក្នុងការផលិត ចម្លាក់គំនូរ ដែលធ្វើបាន ខ្សត់ទីផ្សារណាស់។ លោកថាចម្លាក់មានតម្លៃថ្លៃទៅតាមទឹកដៃ ដែលត្រូវប្រើពេលយូរ និងលំបាកក្នុងការរំលេចឡើង។
លោកបន្តថាៈ «ភាគច្រើនគេថាថ្លៃបង មានដល់៤០(ដុល្លារ) មានថ្លៃជាងហ្នឹងទៀតព្រោះស្នាដៃល្អិត...មែនទែនហ្មងពិបាកធ្វើ ដ៏អីចឹងតម្លៃខ្ញុំពិបាកដាក់ ដ៏ពេលយើងដាក់តម្លៃឲ្យសមនឹងស្នាដៃយើងទៅគេថាថ្លៃអត់មានអ្នកគាំទ្រ ដ៏ពេលដាក់រាងថោកវាអត់មានទឹកចិត្តធ្វើទៀត ដ៏អ៊ីចឹងមានអារម្មណ៍ថាពិបាក»។
បើតាមវិចិត្រកររូបនេះ ជាទូទៅ អតិថិជន ដែលជាវស្នាដៃលោក ភាគច្រើនជាជនបរទេស។ ប៉ុន្តែថាលោកលក់បានទាំងខ្សត់ខ្សោយបំផុត ឬស្ទើរមិនដាច់សោះក៏មាន។ ទោះយ៉ាងនេះក្តីលោកថានឹងមិនបោះបង់ការងារដែលលោកចូលចិត្តនេះឡើយ បើទោះជាលោកប្រឈមនឹងបញ្ហាទីផ្សារយ៉ាងនេះក្ដី៕
សូមទស្សនាវីដេអូ៖