កូនតាឡនតន អ្អ្នកភូមិថាឆ្ងាញ់ ចាប់​ធ្វើងៀតលក់ព្រាត

  • 2018-01-06 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លងកាត់ស្ពានព្រែក​តាមាក់ ទៅកាន់​ខេត្តព្រៃវែង អ្នកធ្វើដំណើរ​នឹង​ឃើញមាន​តូប​លក់​ដូរ​ចង្រិន អង្ទង់ងៀត និង​តាឡនតនជា​ច្រើន​នៅ​តម្រៀមជួរគ្នា​តាម​បណ្តោយ​ផ្លូវ​ជាតិ​មួយ​នេះ។ ទោះ​យ៉ាង​ណា គេ​សង្កេត​ឃើញថា​ការដាក់​​​លក់​តាឡនតន​មាន​ចំនួន​ច្រើនជាង​គេ។​

ស្ថិតនៅ​ក្នុង​ភូមិ​គ្រួស ឃុំព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ប្រ​ជា​កសិករ​មួយចំនួន​បាន​ប្រកប​បរបរ​ចាប់​តាឡនតន ដែលមានរូបរាងតូចដូចកង្កែប សម្រាប់​ប្រឡាក់គ្រឿង​ធ្វើងៀត​លក់​ឲ្យ​ម៉ូយ​របស់​ខ្លួន​​ដាក់​លក់​បន្ត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​​​។

អ្នកស្រី​ នួន​ សាត ជា​អ្នក​ដើរ​ចាប់​កូនតា​ឡន​តន​បាន​ប្រាប់​ថា ​ក្នុង​មួយ​យប់​អ្នក​​ស្រី​អាច​ចាប់​កូន​តាឡនតន​បាន​ប្រហែល​ប្រាំ​គីឡូ​ក្រាម​ ដោយ​ចាប់​ផ្តើម​ចេញ​រក​ពីម៉ោង​៧ ដល់​ម៉ោង​៩​យប់។

អ្នកស្រី​ឲ្យ​ដឹងទៀតថា​ក្នុង​ចំនួន​ប្រាំគីឡូក្រាម​នេះ អ្នកស្រី​ប្រឡាក់ងៀត​រួចដោត​ជាចង្កាក់​បាន​ប្រហែល​ជា​៥០​ចង្កាត់ រួច​ចងជាដុំ​ដើម្បី​បោះ​ឲ្យ​ម៉ូយ​យក​លក់​បន្ត។ ក្នុង​មួយ​ដុំ​អ្នស្រី​ថា​មាន​១០​ចង្កាក់ និង​លក់​បាន​ក្នុង​តម្លៃ​៣ ៥០០រៀល​។

ស្ត្រីវ័យជាង៥០ឆ្នាំរូបនេះ​ អះអាង​ថា តាឡន​តន​នេះ​មានអ្នក​និយម​ទិញ​ទទួល​ទាន​ច្រើន​ដោយ​សារ​រស​ជាតិ​របស់​វា​ឆ្ញាញ់​។

ទោះ​យ៉ាងណា របរ​បនេះ​មិន​អាចរកបាន​គ្រប់​ពេល​នោះ​ទេ ដោយ​អ្នកស្រីថា​វេលា​ដែល​អំណោយ​ផល​ក្នុង​ការ​ចាប់​កូន​តា​ឡន​តន​គឺ​ក្រោយ​រដូវ​ច្រូតកាត់​ ​រហូត​ដល់​មុន​ខែ​មេសា និង​ថាអាចរកបាន​ច្រើន​នៅ​ថ្ងៃណា​ដែល​ហប់​ខ្យល់។ អ្នកស្រី​បន្តថាៈ​«បើ​ចុះត្រជាក់ ចាប់មិន​សូវបានទេ ហើយអ្នក​រកក៏​មិន​សូវ​ចេញ​រកដែរ...របរ​នេះ​វា​មិន​រក​លុយ​បាន​ច្រើន​ទេ​ បាន​តិចៗ​គ្រាន់​ដោះ​ស្រាយ​ប្រចាំ​ថ្ងៃ​បាន​ខ្លះ​ប៉ុណ្ណោះ»។​

ងាក​មក​​អ្នកទទួលទិញ​​លក់បន្ត​វិញ គឺ​អ្នកស្រី ប៉ាត់ ហឿន ឲ្យ​ដឹងថា​អ្នក​ភូមិបាន​ចាប់​ផ្តើម​របរនេះ​ប្រហែល​បីឆ្នាំមក​ហើយ​។ អ្នកស្រីឲ្យ​ដឹងថា​ឆ្នាំ​នេះ​ចំនួន​តាឡនតនហាក់​ធ្លាក់ចុះបន្តិច​បើធៀបទៅនឹង​ឆ្នាំ​កន្លង​ទៅ តែ​ថា​មិន​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ធ្លាក់ចុះ​នេះ​ទេ​។

បើ​និយាយ​ពី​ការ​លក់​តាឡនតន​ងៀតនេះ​វិញ ស្រ្តីវ័យជាង​៣០ឆ្នាំ​រូបនេះ​ឲ្យ​ដឹង​ថា​ពីមួយថ្ងៃទៅ​មួយថ្ងៃ​លក់​ដាច់​បាន​ចំនួន​ខុសៗ​គ្នា ដោយ​ថាថ្ងៃខ្លះលក់​បាន​រហូត​ដល់២០​ដុំ តែ​ថ្ងៃខ្លះ​កល់បាន​តែ​៤ដុំ​ក៏មាន។ សម្រាប់​តម្លៃ​វិញ អ្នកស្រី​លក់​ចេញក្នុង​មួយ​មុំថ្លៃ​ពី៥ ០០០​ ទៅ​៦ ០០០​រៀល។

អ្នកស្រីបន្ថែមថាៈ «លក់​ដាច់​មិន​ទៀងទាត់​នោះ​ទេ​...កូន​តាឡនតននេះ​មិន​អាចទុក​យូរ​បាន​ទេ ​បាន​ត្រឹម​កន្លះខែ បើលើស​នេះ​វានឹង​មាន​ក្លិន​ផ្តុស​មិន​ខាន»។

គួរ​បញ្ជាក់​ថា កូន​តាឡន​តន​ចង្កាក់​ទាំង​នេះ​មាន​ប្រឡាក់​គ្រឿង​រួច​ស្រេច​ តែ​មិន​ទាន់ចម្អិន​នោះ​ទេ ដែល​តម្រូវ​ឲ្យ​អ្នក​ទិញ​យក​ទៅ​បំពង​ជាមុន​សិន​ទើប​អាច​ទទួល​ទាន​បាន​៕

អត្ថបទដោយ៖ គីម សាយ