ស្តៅរសល្វីងតែពេញនិយម​សម្រាប់ពលរដ្ឋខ្មែរ​មួយចំនួន

  • 2018-01-13 02:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្តៅជា​រុក្ខជាតិ​មួយ​ប្រ​ភេទ​មានរស​ល្វីង​ ហើយ​ស្លឹក​ខ្ចី និង​ផ្កា​របស់​វា​អាច​យកធ្វើជា​អន្លក​សម្រាប់​បរិភោគ​បាន និង​ម្យ៉ាង​ទៀត​ស្ដៅនេះ​ក៏ជា​ឱសថ​សម្រាប់​បំបាត់ជំងឺគ្រុន​ក្ដៅ​ផង​ដែរ។ ទោះ​បីជា​ស្ដៅមានរសជាតិ​ល្វីង តែ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​មួយចំនួន​ក៏​ចូល​ចិត្ត​ទទួលទាន​ស្លឹកខ្ចី និង​ផ្កានេះ​ខ្លាំង​ណាស់​ដែរ។

(អ្នកស្រី សួន ណូត កំពុង​អង្គុយ​ចង​ផ្កាស្តៅ​ត្រៀមទុក​លក់​)

ចាប់​ពី​​ចុង​ខែ​ធ្នូ រហូត​ដល់​ចុង​ខែ​មករា ស្ដៅតែ​ង​ចេញ​ផ្កា និង​លាស់ស្លឹក​ខ្ចី ប៉ុន្តែ​ស្លឹក​អាច​លាស់​ខ្ចីជាថ្មី​បើ​សិន​ជាមាន​អ្នកបេះវា​ម្តង​ហើយ​ម្តងទៀត​។ ដោយ​ឡែក​ផ្កា​មិន​អាច​ចេញ​ថ្មី​នោះទេ ពោល​គឺមានតែ​ម្តង​ក្នុ​ង​មួយ​ឆ្នាំ។​

សម្រាប់​កសិករ​នៅស្រុក​ឈូក ​ខេត្តកំពត គឺ​អ្នកស្រី​ សួន ណូត មាន​ដើម​ស្ដៅ​មួយ​ដើម​នៅ​ក្នុង​ដី​ភូមិ​របស់​អ្នកស្រី ដែល​ដើមស្ដៅ​នេះបាន​រក​ចំណូល​ឲ្យ​អ្នកស្រី​មិន​តិចជាង​៦០​ម៉ឺន​រៀន​នោះទេ​ក្នុង​មួយ​រដូវៗ។

(ផ្កាស្តៅ​ដែល​ចងរួច​)

​​​អ្នកស្រី​ឲ្យ​ដឹងថា​រៀង​រាល់ពីរ​ថ្ងៃ​ម្តង ​អ្នក​ស្រី​ប្រមូល​ផ្កា​ស្តៅ​ ដោយ​បេះ​នឹង​តម្ពក់ពី​ដី និង​ឡើង​លើ​ដើម​វា​ផ្ទាល់​។ អ្នកស្រីថាៈ «អា​ណា(ផ្កា)នៅ​ទាប​ល្មម​បេះ​នឹង​តម្ពក់បាន​ បេះ​ខ្លូន​ឯង​ បើ​នៅ​ចុង​ឪវា​អ្នក​ឡើង​បេះ ​ថ្ងៃ​ខ្លះ​ឲ្យ​ក្មេងៗ​វាឡើង​បេះ...ស្តៅ​កាល​ណា​យើង​បេះ​ផ្កា​របស់​វា​ហើយ ​វា​នឹង​ដុះ​ត្រួយ​ថ្មី​ តែ​វា​លែង​ចេញ​ផ្កា​ហើយ​....​បើ​គិត​ទៅ​ត្រួយ​ឆ្ងាញ់​ជាង​ផ្កា​ផង​»។

(អ្នកស្រី សួន ណូត កំពុង​យកតម្ពក់​ថ្ពក់បេះផ្កាស្តៅ)

អ្នកស្រី សួន ណូន បាន​បេះ​ផ្កាស្តៅនេះ​ទុក​ពី​ល្ងាច​ជា​ស្រេច ​លុះព្រឹក​ឡើង​ក៏​ដឹក​យកទៅ​ផ្សារ​ដើម្បី​បោះ​ដុំ​លក់​ឲ្យ​ម៉ូយដែល​ចាំទិញ​ទុក​លក់​បន្ត​។ សម្រាប់​ស្តៅ​មួយ​ដុំ​អ្នកស្រី​បោះ​ដុំ​ឲ្យ​ម៉ូយ​បាន​តម្លៃ​១​៧០០រៀល រីឯ​អ្នក​លក់​បន្ត​អាច​លក់​បាន​២ ០០០​រៀល​ក្នុង​មួយ​ដុំ។ ក្នុង​រយៈពេលពីរ​ថ្ងៃ អ្នកស្រី​ថា​ អាច​បេះ​បាន​ស្តៅ​ប្រហែល​៣០​ដុំ និង​ពេញ​មួយ​រដូវកាល​អាចរកប្រាក់ពីស្តៅមួយ​ដើម​នេះបាន​ប្រហែល៦០​ម៉ឺន​រៀល សម្រាប់​បំពេញ​តម្រូវការ​ក្នុង​គ្រួសារ​បាន​មួយ​រយៈ​៕

អត្ថបទដោយ៖ គីម សាយ