សេវាកង់ឌុប ធ្វើការ​តែមួយព្រឹក ចំណូល​ចង់ច្រើន​ជាងអ្នកខ្លះ​ធ្វើការ​ពេញ​មួយ​ថ្ងៃ​

  • 2018-02-06 08:42:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ព្រលឹម​ស្រាងៗ​នៅ​ផ្សារ​ឈូក មាន​អ្នកខ្លះលក់​បន្លែ និង​អ្នកខ្លះទៀត​​មក​ទិញ​ទំនិញ​ផ្សេងៗ​សម្រាប់​យកទៅ​លក់​បន្ត​នៅ​តាម​ភូមិ។ ផ្សារ​នេះមាន ទីតាំង​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ៣ ក្នុង​ស្រុកឈូក ខេត្ត​កំពត។ ដោយសារ​មានសកម្មភាព​លក់​ដូរ​មមាញឹក​បែប​នេះ​ហើយ​ដែល​តម្រូវ​ឲ្យមាន​សេវា​ដឹកញ្ជូន​ពី​ស្តង់​លក់​ឥវ៉ាន់​ទៅ​កាន់​ចំណតរថយន្ត និង​រ៉ឺម៉ក​ក៏ច្រើន​ដែរ។

(បុរសរត់កង់ឌុប​ម្នាក់​កំពុង​ដឹក​ឪឡឹក​ម៉ូយ​របស់​គាត់​ទៅកាន់​ចំណត​រ៉ឺមក​ ដែលមាន​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​កន្លែង​លក់​ឪឡឹក)

​សេវា​កង់​ឌុប​នៅ​ក្នុង​ផ្សារ​នេះ​កំពុង​ពេញ​និយម​នៅ​ឡើយ ហើយមាន​អ្នក​ប្របក​របរនេះ​មិន​តិច​ជាង​២០​នាក់​នោះ​ដែរ។ សេ​វាកង់​ឌុប​ទទួល​ដឹកជញ្ជូន​ឥវ៉ាន់​​ពី​កន្លែង​ស្តង់​ឥវ៉ាន់ ឬ​កន្លែង​លក់​បន្លែ​ឬផ្លែឈើ ចំណែក​ឯអ្នកទិញ​បាន​បន្ត​ដើរទិញ​ឥវ៉ាន់​ផ្សេងទៀត​ និង ទុក​ឥវ៉ាន់​ដែល​ខ្លួន​បាន​ទិញ​រួច​ហើយ​ឲ្យ​ម្ចាស់​កង់​ឌុបជាអ្នកជញ្ជូន​ទៅ​កាន់​ចំណត​រថ​យន្ត ឬរ៉ឺម៉ក។​​​

កំពុង​តែ​អូស​កង់​ដែល​ផ្ទុក​ពេញ​ដោយ​ឥវ៉ាន់​នៅរាន​កង់​ខាង​ក្រោយ​ លោក លឹម នី ដែល​ប្រ​កប​របរ​នេះ​ជាង​១៥ឆ្នាំ​​មក​ហើយ​នោះ​ឲ្យ​ដឹង​ថា​​ ក្នុង​មួយ​ព្រឹក​ៗ​លោក អាច​រកចំណូល​បាន​មិនទៀង​ទាត់​នោះ​ទេ ដោយ​ថា​អាស្រ័យ​មាន​ម៉ូយ​តិច​ឬច្រើន តែថា​ជា​មធ្យម​ប្រហាក់ប្រហែល​នឹង​៣ម៉ឺន​រៀល​។

លោក​ឲ្យ​ដឹងថាៈ « ចំណូល​មិន​ទៀង​ទាត់​ទេ​ ថ្ងៃ​ខ្លះ​បាន​៣ម៉ឺន ថ្ងៃខ្លះបាន២ម៉ឺន​ ១ម៉ឺនជាង...ដោយ​សារ​ម៉ូយ​គេ​អត់​មក​អីចឹង»។

លោក​រៀបរាប់​បន្តថា​ពេល​មិន​សូវ​មាន​ម៉ូយ​លោក​អូសកង់​ដើរ​ពី​ស្តង់លក់​ឥវ៉ាន់​មួយ​កន្លែង​ទៅ​មួយ​ទៀត ដោយ​សង្ឈឹម​ថា​នឹង​អាច​មាន​អ្នក​ហៅ​ដឹក​ទំនិញ​។ សម្រាប់​ការ​ដឹក​ជញ្ជូនពី​ស្តង់​លក់​ឥវ៉ាន់​ទៅ​កាន់​ចំណតរថយន្ត ឬរ៉ឺម៉ក់​ លោក​ថា​បាន​ថ្លៃ​ឈ្នួល​ពី​១ ០០០រៀល​ ទៅ​៣ ០០០​រៀល តាម​សណ្តាន​ចិត្ត​របស់​អតិថិជន​។

លោក​បន្ថែមថាៈ «យើង​មិន​មែន​ចាំ​តែ​ម៉ូយ​ប្រចាំ​របស់​យើង​ទេ ​យើង​ដើរ​ទៅ​បើ​គេ​ឃើញ​ គេ​ហៅ​ទៅ​...​អ្នក​ខ្លះ​គេ​អាណិត​យើង​គេឲ្យ​២០០០រៀល ៣០០០រៀល​ តែ​អ្នក​ខ្លះ​វិញ​ឥវ៉ាន់​ឡើង​ពេញ​ម៉ាកង់​គេ​ដឹង​តែ​ឲ្យ១០០០រៀល»។

ទោះ​បី​ចំណូល​នេះ មិន​សូវជា​ច្រើន​សម្រាប់​រូប​លោក ក៏​ដោយ ក៏​លោក​ លឹម នី​ ថា ការងារ​នេះ​បាន​នៅ​ជិត​ផ្ទះ ជិត​ប្រ​ពន្ធកូន​មិន​បាច់​ចំណាកស្រុក និង​ម្យ៉ាងថា​ត្រូវការ​ចំណាយ​ពេល​តែ​មួយ​ព្រឹក​តែប៉ុណ្ណោះ។

ប្រ​ហាក់​ប្រហែល​គ្នា​នឹង​លោក លឹម នី​ ដែរ​អ្នក​ប្រ​កប​របរ​កង់ឌុប​ដទៃ​ទៀត​លើកឡើងថា​ការងារ​នេះ​បាន​នៅ​ជិត​ផ្ទះ និងអាច​បាន​ចំណូល​សម្រាប់​ចំណាយ​ផ្សេង​ប្រចាំ​គ្រួសារ និង​មាន​ឱកាស​ធ្វើ​ការ​ផ្សេង​ទៀតបាន។ ដោយ​ហេតុ​ផលទាំងនេះ​ហើយ​ទើប​អ្នកទាំង​នោះ​នៅ​បន្ត​ការ​ងារ​កង់​ឌុបននេះ​ដោយ​មិនរំពឹង​ថា​នឹង​បោះបង់​នោះទេ៕

អត្ថបទដោយ៖ គីម សាយ