អាហារសម្រន់​តាម​រដូវ របស់​អ្នក​ខេត្ត​កំពត អ្នក​លក់​ថា​«ឆ្ងាញ់»

  • 2018-02-08 09:50:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្នោត​ដុះ​ជា​អាហារ​សម្រន់​មួយ​ប្រ​ភេទ​សម្រាប់អ្នក​ខេត្ត​កំពត តែអាហារ​ប្រភេទនេះ​មិន​មាន​គ្រប់​រដូវ​កាល​នោះ​ទេ ពោល​គឺមាន​តែ​ចន្លោះ​ពី​ខែ​សីហា ដល់​ខែ​កុម្ភៈ តែប៉ុណ្ណោះ​។

(គ្រាប់​ត្នោត​ដាក់​បណ្តុះ​សម្រាប់​យក​កូន​ត្នោត)​

ដំបូង​ឡើយ​ត្នោត​ដុះនេះ​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ​អាច​ដើរ​ដក​តាម​ក្រោម​ដើម​ត្នោត​ដើម្បី​​​យក​ទៅ​ស្ងោរ​ទទួល​ទាន​។ ពេល​វេលា​ប្រែ​ប្រួល ត្នោត​ដុះទាំងនេះ​ត្រូវបាន​ប្រជា​ពល​រដ្ឋ​ខ្លះ​ដាំ​ដោយ​ខ្លួន​ឯង​វិញ​សម្រាប់​ស្ងោរ​លក់​បន្ត​។ ​ អ្នក​ស្រី យក់ ហាវ ជាអ្នក​ស្ងោរត្នោត​ដុះ​​លក់​ លើកឡើងថា​អ្នកស្រីបាន​ដើរ​រើសត្នោត​មក​ឲ្យ​គោស៊ី និង​បាន​យក​គ្រាប់​ត្នោតទាំង​នោះ​ទៅ​គរទុក​ឲ្យ​ដុះ​ដោយមាន​រោយដីពី​លើ​ផង និង​ស្រោច​ទឹក​ជាប្រចាំ​ផង។ ធ្វើ​បែប​នេះ​អ្នក​ស្រី​ថា​ដើម្បី​ឲ្យ​ត្នោត​ដុះ​បាន​ល្អ ហើយ​រយៈ​ពេល​ប្រាំទៅ​ប្រាំ​មួយ​ខែ​ទើប​អាច​ដក​ស្ងោរ​លក់​បាន។

(កូន​ត្នោត​ដុះ​ដែលទើប​ដក​រួច)

អ្នកស្រី​បន្ថែមថាៈ «ជា​​ជាង​​​បោះ​វា​ចោល​ស្តាយ​វា ​ព្រោះ​ត្នោត​ច្រើន​ណាស់​... មិន​លក់​ធ្វើ​មាន​បាន​អ្វី​ទេ»។ អ្នក​ស្រី​ឲ្យ​ដឹង​ថា​កូន​ត្នោត​ដុះ​ដែល​ស្ងោរ​រួច​ អាច​លក់​បាន​ក្នុង​តម្លៃ​៥០០​រៀល​ក្នុង​មួយ​ដុំ ដែល​មាន​កូន​ត្នោតដុះ​​ចំនួន​បី។ បើ​លក់​ឲ្យ​អ្នក​លក់​បន្ត អ្នកស្រី​ថា បាន​មួយ​ដុំ​តែ​៧០០​រៀល​ប៉ុណ្ណោះ ដែល​មួយ​ដុំ​មាន​កូន​ត្នោត​ចំនួន​ប្រាំមួយ។ លក់​ម្តង​អ្នកស្រីថា​បាន​ប្រាក់​ពី​៤​ម៉ឺន​ទៅ​៦ម៉ឺន​រៀល ហើយ​ពី​បីថ្ងៃ​​ទៅ​មួយ​សប្តាហ៍​ទើប​អាច​ដក​កូន​ត្នោត​លក់​បាន​ម្តង​។​

(កូន​ត្នោត​ដុះ​ដែល​ស្ងោរ​រួច និងចងបាច់​សម្រាប់​លក់)

អ្នកស្រុកឈូក រូបនេះ​ឲ្យ​ដឹងទៀតថា​ត្នោត​ដុះ​ដែល​ល្អ​គឺ​មាន​រាង​វែងៗ ​ថ្លោស​ និង​មាន​ពណ៌​លឿង​ក្រម៉ៅ​បន្តិច​។​ ក្រោយ​ពី​ជីក​បាន ​អ្នកស្រីថា​ត្រូវ​យក​ទៅ​ចិត​ឫស ​និង​លាង​ទឹក​សម្អាត​ឲ្យ​ស្អាត​ មុន​ដាក់​ស្ងោរ​ពី១០ ទៅ១៥នាទី​។ ពេល​ទទួលទាន​អ្នកស្រីថា​ត្រូវ​បក​សំប​ក​​ចេញ​ និងថា​ចំពោះ​អ្នក​ដែល​មិន​ធ្លាប់​ទទួល​ទាន​ ដំបូង​អាច​មាន​រស​ជាតិ​ល្វីង​តិចៗ​ តែ​បើ​បាន​ទទួល​ទាន​​ច្រើន​បន្តិច​ នឹង​ទទួល​បាន​រស​ជាតិ​ឆ្ងាញ់​មិន​ខាន​៕

អត្ថបទដោយ៖ គីម សាយ