ព្រឹត្តិការណ៍សំខាន់ៗ អំឡុងសប្ដាហ៍មុន

  • 2018-03-12 07:30:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដឹងអត់កាលពីសប្ដាហ៍​មុន​នេះ តើមានព្រឹត្តិការណ៍​ធំ​អ្វីខ្លះ​កើត​មាន​ឡើង​? ខាងក្រោម​នេះ គឺជាព្រឹត្តិការណ៍​ធំៗ ដែល​ Sabay សូម​បង្ហាញ​ជូន និង​ជាព័ត៌មាន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​អាន​ច្រើន​ពី​មិត្ត​អ្នក​អាន​ទាំង​ឡាយ។

ព័ត៌មាន​កីឡា

១. អតីត​កីឡាករ​លំដាប់​ពិភពលោក Ryan Giggs ​​មក​កម្ពុជា​៖ អតីត​កីឡា​ករ​ក្រុម​បិសាច​ក្រហម និង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រទេស​វែល​ ​ Ryan Giggs មក​កម្ពុជា​រយៈ​ពេល​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​៩​-១១ ខែ​មីនា​ តាម​រយៈ​ការ​អញ្ជើញ​ពី​សំណាក់​​ក្រុមហ៊ុន​ CBL។ Ryan Giggs មក​កម្ពុជា​រយៈពេល​៣​ថ្ងៃ គឺ​ដើម្បី​ចូលរួម​កម្មវិធី Tiger Street Football Festival 2018 ​និង​ចែក​រំលែក​បទ​ពិសោធ​របស់​ខ្លួន​​ដល់​យុវជន និង​វិស័យ​បាត់​ទាត់​កម្ពុជា​។

ព័ត៌មាន​លម្អិត៖ មើល​ Fans ណា​ខ្លះ​ថត​ជា​មួយ​ Giggs នៅ Tiger Street Football Festival 2018 យប់​មិញ​?

ព័ត៌មាន​បច្ចេកវិទ្យា

១. រថយន្ត​អង្គរ​ឆ្នាំ​២០១៨​ចេញ​បង្អួត​រាង​ហើយ​៖ ស្ថាបនិក​រថយន្ត​អង្គរ​ លោក ​ញាន ផល្លឹក​ បាន​បង្ហោះ​រូប​រថយន្ត​អង្គរ​ឆ្នាំ​២០១៨ លើ​គណនី​ផ្លូវ​ការ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១១ មីនា កន្លង​ទៅ​ថ្មីៗ​នេះ​។ ​​រថយន្ត​អង្គរ​ ឆ្នាំ​២០១៨​នេះ​​ ជា​ប្រភេទ​រថយន្ត​ Golf car មាន​ពណ៌​សូកូឡា រចនា​ឡើង​ដោយ​​មាន​តែ​កៅ​អី​សម្រាប់​អង្គុយ​ពីរ រត់​ដោយ​ថាមពល​អគ្គិសនី មិន​ប្រើ​សោ (​ប្រើ​កាត) ដើម្បី​បញ្ឆេះ និង​​​មាន​កន្លែង​សម្រាប់​ដាក់​ឥវ៉ាន់​ខាងក្រោយ បាន​ចេញ​បង្ហាញ​រាង​​​​។

ព័ត៌មាន​លម្អិត​៖ ញាន ផល្លឹក​ ចេញ​រថយន្ត​អង្គរម៉ូឌែល​ថ្មី ២០១៨ រចនា​ប្លែក​ភ្នែក​ ខុស​ពី​មុន​ដាច់​

ព័ត៌មាន​កម្សាន្ត

១.សិល្បករ​ សិល្បការិនី ​ជួប​សម្តេច​តេជោ៖ សិល្បករ សិល្បការិនី ចាស់ ក្មេង គ្រប់​ជំនាន់ គ្រប់​ទម្រង់ បាន​ជួប​ផ្ទាល់​ជាមួយ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នៅ​កោះ​ពេជ្រ​កាល​ពី​រសៀល​ថ្ងៃ​ទី​៦​ មីនា​ ឆ្នាំ​២០១៨​។ ពិធី​ជួប​ជុំ​​ទទួល​ទាន​អាហារ​សាមគ្គី និង​សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹក​នាំ​កំពូល​នេះ​ធ្វើ​ឡើង​ដើម្បី​អបអរសាទរ "ទិវា​វប្បធម៌​ជាតិ​លើក​ទី​២០"។

ព័ត៌មាន​លម្អិត​៖ ផ្អើល​កោះ​ពេជ្រ​! តារា​ល្បី​ៗ​ជុំ​គ្នា​គគ្រឹកគគ្រេង ជួប​នាយក​រដ្ឋ​មន្ត្រី​ រសៀល​នេះ

២.មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៨៖ កម្ពុជា​ប្រារព្ធ​ធ្វើ​​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ លើក​ទី​៨ ឆ្នាំ​២០១៨​​ មាន​រយៈ​ពេល​៦​ថ្ងៃ​​ចាប់​ពី​ថ្ងៃ ៥មីនា ដល់​ថ្ងៃ ១១មីនា ឆ្នាំ២០១៨។ ឆ្នាំ​២០១៨​ នេះ​​ភាពយន្ត​សរុប​ ១៣០ មក​ពី​៥១​ប្រទេស​ និង​មាន​សមិទ្ធិករ​ភាពយន្ត ៧០នាក់ មកពី ១៦ប្រទេស​ចូលរួម។​​

ព័ត៌មាន​លម្អិត មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៨ បិទបញ្ចប់ដោយបន្សល់ទុកសន្យាមួយ

ព័ត៌មាន​សង្គម​

១.បុណ្យ​ទន្លេ​លើ​ទី​៤​ធ្វើ​នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល៖ បុណ្យ​ទន្លេ​រយៈពេល​៣​ថ្ងៃ​​នៅ​ទី​ក្រុង​តាខ្មៅ​ឆ្នាំ​នេះ​ធ្វើ​ឡើង​ក្នុង​ប្រធាន​បទ​  «ទន្លេ​សន្តិភាព មិត្តភាព និង​និរន្តរភាព​ទេសចរណ៍»។ បុណ្យ​ទន្លេ​ នេះ​បង្កើត​ឡើង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​តភ្ជាប់​មហា​អនុ​តំបន់​ទន្លេ​មេគង្គ និង​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​សមាជិក​ទន្លេ​មេគង្គ​ បង្កើត​ផលិតផល​ថ្មីៗ​ បាន​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌ ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​​។ ក្រសួង​ទេសចរណ៍​រំពឹង​ថា​នឹង​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​បុណ្យ​ទន្លេ​ឆ្នាំ​នេះ​មាន​​ប្រមាណ​ ១លាន​នាក់​។

ព័ត៌មាន​លម្អិត​៖ កក្រើកបុណ្យទន្លេនៅតាខ្មៅព្រឹកនេះ មនុស្សចូលរួមយ៉ាងកកកុញ

២. បុណ្យ​ភូមិ​លើក​ទី​៥​ប្រកាស​ទីតាំង​៖ បុណ្យ​ភូមិ​​លើកទី៥​​ឆ្នាំ២០១៨ នឹង​ធ្វើ​នៅ​ក្នុង​​វត្ត​គោក​អំពិល​ ផ្លូវ​៦០ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក​ ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ​។ បុណ្យ​ភូមិ​ឆ្នាំ​នេះ​នឹង​ប្រារព្ធ​ធ្វើ​រយៈ​ពេល​​៣​ថ្ងៃ​ ​ចាប់​ពី​ថ្ងៃ ​៦មេសា​ ដល់ទី៨ មេសា៕

ព័ត៌មានលម្អិត ក្ដៅៗ! ដឹងទីតាំងបុណ្យភូមិឆ្នាំ ២០១៨ហើយ

អត្ថបទ៖​ លន ហ្សាឌីណា​