​ឧស្សាហ៍​ស្ត្រេស​ច្រើន គួរ​ប្រញាប់​ដោះស្រាយ​ដោយ​វិធី​ទាំង​នេះ

  • 2018-04-08 02:21:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លងកាត់​រឿងរ៉ាវ​ក្នុង​ជីវិត​​​កាន់​តែ​ច្រើន ការ​វិវត្ត​នៃ​ចិត្ត​គំនិត បទ​ពិសោធន៍ ចំណេះដឹង​ក៏​​កាន់​តែ​កើន​ឡើង​​មួយ​​កម្រិត​។​ ក្រៅ​​ពី​ចំណុច​ល្អ​ទាំង​​អស់​នោះ អ្នក​ក៏​ប្រហែល​ទទួល​បាន​មេរៀន​​អាក្រក់ៗ មួយ​ចំនួន​ដែល​តែងតែ​តាម​លង​បន្លាច ធ្វើ​ឲ្យ​ព្រួយ​បារម្ភ ​បាក់ស្បាត ដែល​បង្ក​ជា​ភាព​តាន​តឹង​ និង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​មិន​ស្ទើរ​ទេ​។ យ៉ាងណាមិញ ខាង​ក្រោម​នេះ​ជា​វិធី​ងាយៗ ៦​ចំណុច​ដែល​​អាច​ជួយ​អ្នក​ក្នុង​ការ​បំបាត់​ភាព​តានតឹង ធុញថប់​ទាំង​នោះ​បាន​ដោយ​ជោគជ័យ​៖​

១. គេង​ឲ្យ​បាន​​គ្រប់គ្រាន់​

​អ្នក​ត្រូវ​​ចាប់​ផ្ដើម​ទម្លាប់​ល្អ ចូល​គេង​ពី​​ព្រលប់ ងើប​ពី​ព្រលឹម​ឲ្យ​ទៀង​ម៉ោង​។ រយៈពេល​គេង​ដែល​ត្រឹមត្រូវ គឺ​​ប្រាំបី​ម៉ោង​ជា​រៀងរាល់​យប់​។ នៅ​ពេល​ដែល​ភ្នែក និង​ខួ​ក្បាល​អ្នក​សម្រាក​បាន​គ្រប់គ្រាន់ ពួកវា​ក៏​ដំណើរ​ការ​បាន​​ល្អ ដែល​​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ថ្លា និង​រីករាយ​​ពេញ​មួយ​ថ្ងៃ​។​

(រូបតំណាង)

**២. បញ្ឈប់​ការ​ញ៉ាំ​អាហារ​​បំបាត់​ភាព​តានតឹង​**

អ្នក​ប្រហែល​​ជា​ធ្លាប់​ឮ​​ថា ការ​ញ៉ាំ​អាហារ​ដែល​ផ្អែម ឬ​​ប្រៃៗ អាច​បន្ថយ​ភាព​តានតឹង​។ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​ព្យាបាល​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។ បើ​អ្នក​នៅ​តែ​បន្ត លទ្ធផល​អាច​លើស​ដើម ដូច្នេះ​អ្នក​ត្រូវ​រក្សា​របប​អាហារ​ដែល​ត្រឹមត្រូវ​របស់​អ្នក​ដដែល ទើប​ជា​រឿង​ដែល​គួរ​ធ្វើ​។​

៣. បន្លប់​ខ្លួន​ឯង​

បើ​អ្នក​ដឹង​ថា​ខ្លួន​ឯង​កើត​ជំងឺ​តានតឹង​ហើយ កុំ​អង្គុយ​​​សញ្ជឹង​គិត ពិចារណា​យូរ​ពេក​។ បន្លប់​ខ្លួន​ឯង ធ្វើ​ឲ្យ​ខ្លួន​ឯង​រវល់ ជាមួយ​​ការ​លំហែ​អារម្មណ៍​ដូច​ជា​ ដឹក​ឆ្កែ​ដើរ​​លេង​ ហាត់​ប្រាណ អាន​សៀវភៅ ឬ​ធ្វើ​រឿង​ដែល​អ្នក​ចូលចិត្ត​ផ្សេងៗ​​ទៀត​។

(រូបតំណាង)

៤. ចូល​សង្គម​​ជា​ថ្មី​

ភាព​តានតឹង​ពេល​ខ្លះ ធ្វើ​ឲ្យ​អ្នក​ធុញថប់​ មិន​ចង់​ជួប ឬ​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​។ ដូច្នេះ​អ្នក​ត្រូវ​តែ​យក​ឈ្នះ​វា​ឲ្យ​បាន​​។ ណាត់​ជួប​​មិត្តភ័ក្ដិ ទៅ​មើល​កុន ផឹក​កាហ្វេ​ ឬ​ក៏​ទៅ​ចូលរួម​កម្មវិធី​​ជប់លៀង​ផ្សេងៗ ជួប​មិត្ត​ចាស់ៗ ឬ​​មនុស្ស​ថ្មីៗ ឲ្យ​បាន​ច្រើន​។

៥. បង្កើន​ថាមពល​របស់​អ្នក​

ពេល​អ្នក​ជួប​ភាព​តានតឹង អ្នក​នឹង​មាន​អារម្មណ៍​ហត់ ឬ​អស់​កម្លាំង​មួយ​រំពេច។ ដូច្នេះ​អ្នក​គួរ​​បង្កើន​​ថាមពល​ឲ្យ​ខ្លួន​ឯង ដោយ​ប្រើ​​វីតាមីន​បន្ថែម​ ឬ​ញ៉ាំ​អាហារ ភេសជ្ជៈ​​ប៉ូវ​កម្លាំង​មួយ​ចំនួន ដើម្បី​​​​ឲ្យ​​រាងកាយ​អ្នក​អាច​ប្រយុទ្ធ​តស៊ូ​ជាមួយ​​អារម្មណ៍​ធុញថប់​ទាំង​នោះ​បាន​។​

(រូបតំណាង)

៦. គ្រប់គ្រង​ខ្លួន​ឯង​ឲ្យ​បាន​

បាត់បង់​ម្ចាស់ការ គ្រប់គ្រង​ស្ថានការណ៍​លែង​ជាប់ ជា​​រោគសញ្ញា​នៃ​ភាព​តានតឹង​យ៉ាង​ពិត​ប្រាកដ​។ អ្នក​មិន​ត្រូវ​ឲ្យ​វា​ចូល​មក​​​គ្រប់គ្រង​ជីវិត​អ្នក​ទេ​។ ចាប់ផ្ដើម​ស្វែងរក​​ដំណោះស្រាយ ដោយ​​ពិភាក្សា​ជាមួយ​មិត្តភ័ក្ដិ​ជិតស្និទ្ធ ឬ​​អ្នក​ជំនាញ​។ ត្រូវ​ចាំ​ថា​អ្នក​នៅ​តែ​មាន​ជម្រើស ឲ្យ​តែ​អ្នក​ស្វះស្វែង​រក​ ៕

ចុចអាន ៖

ប្រភព៖ Kanha   ប្រែសម្រួល៖ អូន បញ្ញា