មិនត្រូវ Share រឿង ៨ យ៉ាងនេះលើ Facebook ដាច់ខាត បើមិនចង់មានរឿងទៅថ្ងៃក្រោយ
- 2018-04-07 02:50:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនត្រូវ Share រឿង ៨ យ៉ាងនេះលើ Facebook ដាច់ខាត បើមិនចង់មានរឿងទៅថ្ងៃក្រោយ
ចន្លោះមិនឃើញ
បណ្ដាញសង្គម Facebook កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងសព្វថ្ងៃនេះ។ វាបង្កលក្ខណៈងាយស្រួលក្នុងការរក្សាទំនាក់ទំនងជាមួយមិត្តភ័ក្ដិ គ្រួសារ ការកម្សាន្ត ចែករំលែកព័ត៌មាន ឬបញ្ចេញគំនិតនានា ព្រមទាំងហេតុការណ៍ថ្មីៗ ជុំវិញពិភពលោកផងដែរ។ ក្រៅពីគុណសម្បត្តិ Facebookក៏ជាកន្លែងចែកចាយពាក្យចចាមអារ៉ាម ការបំពុលសង្គម ក៏ដូចជាឧបករណ៍រកស៊ីរបស់ជនខិលខូចមួយចំនួន។ ដូច្នេះ អ្នកមិនត្រូវShareរឿងទាំង៨យ៉ាងខាងក្រោមដាច់ខាត បើមិនចង់នាំទុក្ខដាក់ខ្លួន៖
១. ជម្លោះស្នេហា
នៅពេលអ្នកខឹង អន់ចិត្ត ឬឈ្លោះប្រកែកគ្នាជាមួយមិត្តប្រុស អ្នកក៏ត្អូញត្អែរប្រាប់មិត្តភ័ក្ដិក្នុង Facebook ក្នុងបំណងចង់ឲ្យគេជួយលួងលោមប៉ុណ្ណោះ។ ប៉ុន្តែកុំភ្លេចថាមិត្តភ័ក្ដិទាំងនោះមិនបានដឹងរឿងលំអិតផ្សេងទៀតទេ ដូច្នេះពួកគេអាចនឹងវាយតម្លៃមិត្តប្រុសអ្នកក្នុងផ្លូវអាក្រក់ក៏ថាបាន។ អ្នកត្រូវចេះរក្សាកិត្តិយស និងរឿងផ្ទាល់ខ្លួនទើបជាការប្រសើរ។
២. រូបថតក្មេងអាក្រាតកាយ
រូបថតកូនក្មេងស្រាត មើលទៅគួរឲ្យក្នាញ់ ទាក់ទាញ និងធម្មជាតិខ្លាំង ប៉ុន្តែអ្នកក៏មិនគួរShare វាលើFacebook ដែរ។ មនុស្សដែលមានគំនិតអាក្រក់អាចយករូបទាំងនោះទៅប្រើក្នុងផ្លូវមិនល្អបាន ដូច្នេះបើអ្នកចង់Post រូបបែបនោះ អ្នកគួរប្រើStickers ផ្សេងៗមកបិតបាំងទើបជាការប្រសើរ។
៣. រឿងអាម៉ាស់របស់អ្នកដទៃ
អ្នកមិនគួរPost រឿងអាម៉ាស់អ្នកដទៃដោយគ្មានការអនុញ្ញាតសោះឡើយ មិនថារឿងរបស់ប្តី មិត្តភ័ក្ដិ ឬកូនអ្នកផ្ទាល់ក៏ដោយ។ វាអាចជារឿងកំប្លែងសម្រាប់អ្នក ប៉ុន្តែពួកគេអាចមានអារម្មណ៍មិនល្អ ខ្មាសគេ ឬអាចត្រូវបានអ្នកផ្សេងយកមកសើចចំអកដាក់នៅពេលក្រោយ។
៤. អាសយដ្ឋាន ឬប្រវត្តិរូប
មិនថាទីកន្លែងស្នាក់នៅ ឬក៏លេខទូរស័ព្ទ អ្នកមិនគួរបង្ហាញជាសាធារណៈតាមFacebookឡើយ។ នេះជាការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ព្រោះមនុស្សដែលអ្នកស្គាល់តាមFacebookទាំងអស់មិនប្រាកដថាជាមនុស្សល្អទាំងអស់នោះទេ។
៥. បង្ហាញទស្សនៈចំពោះរឿងអ្នកដទៃ
សម្ដីមនុស្សមុតជាងកាំបិតទៅទៀត។ ឧទាហរណ៍ប្រសិនអ្នកមិនពេញចិត្តចំពោះការដាក់ឈ្មោះកូនរបស់អ្នកណាម្នាក់ ហើយអ្នកទៅនិយាយបញ្ចេញមតិ នៅលើFacebook ជឿជាក់ថាការឈឺឆ្អាលបែបខុសរឿងនោះ បានត្រឹមតែបង្កជម្លោះ និងធ្វើឲ្យមានការខឹងសម្បាគ្នាប៉ុណ្ណោះ។
៦. រូបថតអាក្រក់ៗ
អ្នកខ្លះគិតថារូបថតសាហាវៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ របួស ហូរឈាម ស្តែងៗពិតជាគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែសម្រាប់អ្នកខ្លះវាពិតជាមិនល្អមើលសោះឡើយ ដោយសារពួកគេជាមនុស្សដែលឆាប់ស្លុត។ មិនថារូបថតសាហាវៗ ឬរូបថតដែលមើលទៅគួរឲ្យខ្ពើម គួរកុំShare ច្រើនពេក។
៧. រឿងដែលអ្នកមិនចង់ឲ្យគេដឹង
ប្រសិនបើអ្នកមិនចូលចិត្តអ្នកណាម្នាក់ ដូចជា មេ មិត្តរួមការងារ ឬការងារផ្ទាល់របស់អ្នក អ្នកមិនគួរបង្ហាញអារម្មណ៍ស្អប់ ឬរិះគន់ លើFacebookឡើយ។ វាមានឧកាសច្រើនដែលអ្នកផ្សេងយករឿងនោះទៅបង្ហាញគេឯង ដែលអាចបង្កផលពិបាកដល់អ្នកនៅពេលក្រោយ។
៨. ព័ត៌មានអ្នកដទៃ
មានព័ត៌មានសំខាន់ៗមួយចំនួនដែលមនុស្សខ្លះមិនចង់បង្ហាញគេឯងដូចជា ការមានផ្ទៃពោះ ការរៀបការ ការលែងលះជាដើម ដូច្នេះបើអ្នកចង់អបអរសាទរពួកគេ អ្នកគួរសរសេរជាសារវិញ។ ដរាបណាពួកគេមិនបានបើកចំហរឿងនោះជាសាធារណៈ ដោយការប្តូររូបProfileឬប្រកាសដោយខ្លួនឯងទេ អ្នកគ្មានសិទ្ធិទៅលូកលាន់រឿងផ្ទាល់ខ្លួនគេឡើយ ៕
ចុចអាន៖