គួរឲ្យសរសើរ! និស្សិតន័រតុន ២ រូបបង្កើតកម្មវិធីកុំព្យូទ័រស្គាល់អារម្មណ៍មនុស្ស
- 2018-06-11 03:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យសរសើរ! និស្សិតន័រតុន ២ រូបបង្កើតកម្មវិធីកុំព្យូទ័រស្គាល់អារម្មណ៍មនុស្ស
ចន្លោះមិនឃើញ
ដោយការខិតខំព្យាយាម និស្សិតន័រតុន ២ នាក់ បានចំណាយពេលជិត ១ ឆ្នាំបង្កើតបានកម្មវិធីកុំព្យូទ័រស្គាល់អារម្មណ៍មនុស្សជាជំនួយដល់ជនពិការភ្នែក រហូតទទួលបានមេដាយមាសកម្រិតអន្តរជាតិពីប្រទេសម៉ាឡេស៊ី។
ស្នាដៃថ្មីរបស់និស្សិត សៀក ពិសិដ្ឋ និងកញ្ញា ស្រេន ណាស៊ីមះ និស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យន័រតុន មានឈ្មោះថា **NU Speech Assistance ឬ MENA** ជាបច្ចេកវិទ្យាថ្មី មិនទាន់មានអ្នកធ្វើនៅឡើយ ដែលអាចមានសមត្ថភាពអានអក្សរនៅលើក្រដាស អាចប្រើជាជំនួយដល់ជនពិការភ្នែក។
និស្សិតជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ សៀក ពិសិដ្ឋ បានប្រាប់ Sabay ឲ្យដឹងថា ការធ្វើគម្រោងនេះប្រើពេលជិតមួយឆ្នាំ ជួបការលំបាកច្រើនដូចជា ការព្យាយាមសិក្សាពីបច្ចេកវិទ្យា A.I(Artificial intelligence) និងណាមួយបច្ចេកវិទ្យានេះថ្មីសម្រាប់ពួកគេ។
ពិសិដ្ឋបានបន្តថា កម្មវិធី MENA ដំណើរការមិនបាច់ប្រើក្ដារចុច (Keyboard) ឬ Mouse ឡើយ។ គ្រាន់តែប្រាប់ឈ្មោះកម្មវិធីដែលចង់បើកនោះជាការស្រេច។
MENA ជាកម្មវិធីប្លែកប្រើប្រាស់បច្ចេកវិទ្យា AI មានមុខងារជាច្រើនសម្រាប់ជួយឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួល និងអាចកម្សាន្តអារម្មណ៍បានទៀតផង។ កម្មវិធី នេះអាចយល់ពីអារម្មណ៍របស់មនុស្ស ហើយវាអាចធ្វើជាជំនួយការសម្រាប់ការធ្វើការងារជាច្រើន។
MENA អាចអានសៀវភៅឱ្យស្ដាប់បានទៀតផង ដោយគ្រាន់តែដាក់សៀវភៅនៅពីមុខកាមេរ៉ាតែប៉ុណ្ណោះ។ លក្ខខណ្ឌនេះអាចជួយឱ្យចំណេញពេលវេលាក្នុងការធ្វើការងារផ្សេងៗជាមួយនឹងសំឡេងអានអត្ថបទដែលមានប្រយោជន៍ច្រើន។
ជាងនេះទៀត វាក៏អាចជាជំនួយការក្នុងការស្រាវជ្រាវ។ អ្នកអាចសួរសំណួរជាច្រើនទៅកាន់ MENA នៅពេលឆ្ងល់ ហើយទទួលមកវិញនូវចម្លើយដែលមានលក្ខណៈសុក្រឹតមួយ តែបើសំណួរណា MENA មិនអាចឆ្លើយបាន វានឹងស្រាវជ្រាវក្នុង Google ឱ្យតែម្ដង។
“MENA អាចជាមិត្តភក្តិក៏ថាបាន ព្រោះកម្មវិធីនេះអាចស្គាល់ចិត្តរបស់អ្នកច្បាស់ និងអាចជាអ្នកយកចិត្តទុកដាក់ចំពោះអ្នកទៀតផង។ នៅពេលដែលអ្នកចង់ចេញទៅក្រៅ ប្រសិនបើមេឃភ្លៀង MENA នឹងប្រាប់ថា កំពុងមានភ្លៀង កុំភ្លេចយកឆត្រទៅផង ហើយប្រសិនបើធ្វើការងារលើសម៉ោង MENA នឹងជួយដាស់តឿន កុំភ្លេចញ៉ាំបាយ ជាដើម"។
ពិសេសទៀតនោះ កម្មវិធីនេះក៏អាចជួយសម្រាលភាពធុញទ្រាន់ ឬអាចជួយលួងលោមនៅពេលបាក់ទឹកចិត្ត។ នៅពេលដែលអ្នកធ្វើការយូរ ហើយមានភាពធុញទ្រាន់ MENA អាចមើលដឹងតាមរយៈទឹកមុខ។ នៅពេលនោះ វានឹងចាក់ចម្រៀងឱ្យអ្នកស្ដាប់ ឬបង្ហាញវីដេអូមួយចំនួនដែលធ្វើឱ្យអ្នករីករាយមុននឹងចាប់ផ្ដើមបន្តការងារទៅមុខទៀត។
នៅពេលដែលអ្នកបាក់ទឹកចិត្ត MENA នឹងដឹងពីអារម្មណ៍ ហើយអានអត្ថបទលើកទឹកចិត្តឱ្យអ្នកស្ដាប់ ដើម្បីលួងលោម ឬដាស់ស្មារតីឱ្យយើងមានកម្លាំងចិត្តឡើងវិញ និងមានថាមពលកាន់តែខ្លាំងក្នុងការធ្វើការងារ។
ពិសិដ្ឋ មានសុទិដ្ឋនិយមថា ក្នុងពេលដ៏ខ្លីខាងមុខ ខ្លួននឹងខិតខំប្រឹងប្រែងឱ្យអាចអានអក្សរជាភាសាខ្មែរបាន។ “កន្លងមកធ្លាប់មានច្រើនហើយ កម្មវិធីអានអក្សរ ប៉ុន្តែការអានអក្សរលើក្រដាសនៅមិនទាន់មានការបង្កើតឡើងទេ…ខ្ញុំគិតនឹងខិតខំសម្រេចឱ្យបាននូវការអានអក្សរខ្មែរ ដោយត្រូវចំណាយពេលប្រមាណ២ឆ្នាំទៀត”។
ស្នាដៃនេះបានដាក់បញ្ចូល ក្នុងការប្រកួតប្រជែងជាអន្តរជាតិក្នុងកម្មវិធី «គំនិតច្នៃប្រឌិត និងការបង្កើតថ្មី នៃផ្នែកវិទ្យាសាស្ត្រវ័យក្មេងអន្តរជាតិប្រចាំឆ្នាំ ២០១៨ (International Engineering Invention & Innovation Exhibition 2018 ដែលហៅកាត់ថា i-ENVEX2018)» នៅម៉ាឡេស៊ី។ ហើយគម្រោង “NU Speech Assistance” ឬ MENA នេះដែរ ទទួលបានមេដាយមាស ( Gold Medal) ចំនួន១ ពីប្រទេសម៉ាឡេស៊ី មេដាយមាស (Gold Medal) ចំនួន១ ពីក្រុមប្រឹក្សាស្រាវជ្រាវជាតិរបស់ប្រទេសថៃ និងលិខិតសរសើរល្អជាងគេបំផុតចំនួន១ ពីក្រុមប្រឹក្សាស្រាវជ្រាវជាតិរបស់ប្រទេសថៃ៕
អានអត្ថបទបន្ត៖