មក​ស្គាល់​អ្នក​បច្ចេកវិទ្យាល្បីឈ្មោះ ៥ រូប​ មក​ពី​សាកលវិទ្យាល័យ​ន័រតុន

  • 2018-06-05 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ប្រិយមិត្ត ប្រហែល​ជា​ធ្លាប់​ស្គាល់​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា ឬ​អ្នក​ជំនាញ​នានា។ ​ពេល​នេះ​ក្រុម​ការងារ Sabay នឹង​ណែនាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ស្គាល់​បុគ្គល​បច្ចេកវិទ្យា​ក្នុង​ស្រុក​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ជំនាញ​បច្ចេកទេស ឬ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ដោយ​បង្កើត​បាន​ស្នាដៃ​លេច​ធ្លោ​មួយ​ចំនួន​ដូច​ខាងក្រោម៖

#១ បែ ចិន្រ្តា ស្ថាបនិក​រៀបចំ​ព្រឹត្តិការណ៍​បារខែម

ជា​ស្ថាបនិក​​​ដ៏​សំខាន់​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​បារខែម​ដំបូង​គេ​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ ២០០៨​។ លោក​បាន​ខិតខំ​បង្កើត​កម្មវិធី​នេះ​ទាំង​បាត​ដៃ​ទទេ មាន​ក្រុម​ការងារ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែល​ផ្តោត​លើ​ការ​វិវឌ្ឍន៍​នៃ​វិស័យ​​បច្ចេកវិទ្យា មាន​វាគ្មិន​ជំនាញៗ​​នឹង​លើក​យក​ចំណេះដឹង​និង​របក​គំហើញ​ថ្មីៗ ចែក​រំលែក​​ដល់​​អ្នក​​ចូលរួម​ឲ្យ​បាន​យល់​ដឹង​ពី​បច្ចេកវិទ្យា​ ជាពិសេស​យុវវ័យ​ដែល​ចង់​ចាប់​ជំនាញ​ផ្នែក​បច្ចេកទេស។

#៣ ទី រ៉ាឌី ស្ថាបនិក​វិបសាយ​ទិញ​លក់​អនឡាញ​

ប្រិយមិត្ត​​ដែល​ចូលចិត្ត​ទិញ​-លក់​ទំនិញ​តាម​អនឡាញ​ប្រាកដ​ជា​ស្គាល់​វិបសាយ​ Khmer 24 ដែល​អាច​ឲ្យ​អ្នក​​ទិញ ឬ​ដាក់​លក់​ផលិតផល​ទំនិញ​សព្វសារពើ​ ចាប់​ពី​គ្រឿង​ប្រើប្រាស់​ទូទៅ រហូត​ដល់​គ្រឿង​សម្ភារៈ​ទំនើប។ មុន​នឹង​ជោគជ័យ​ក្លាយ​ជា​វិបសាយ​ទិញ​លក់​អនឡាញ​ដ៏​ល្បី​ល្បាញ​នេះ ស្ថាបនិក​លោក ទី រ៉ា​ឌី តស៊ូ​ខំ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០៨ ដោយ​គ្មាន​ក្រុម​ការងារ​សូម្បី​ម្នាក់​ ហើយ​ក៏​បាន​បរាជ័យ​លើ​ការងារ​នេះ​ច្រើន​ដង​មក​ហើយ(បង្កើត​ដំបូង​អ្នក​ចូល​តែ​ជាង ៥០ នាក់​ប៉ុណ្ណោះ)។ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ Khmer24 ក្លាយ​ជា​វិបសាយ​ឈាន​មុខ​គេ​ ខាង​លក់ដូរ​ទំនិញ ជាពិសេស​គឺ​ផ្ទះ​និង​រថយន្ត។ ក្នុង​មួយ​ខែ​ៗ​មាន​អ្នក​ទិញ និង​លក់​ទំនិញ​ច្រើន​ជាង កន្លះ​លាន​នាក់។

២ ជា ឡង់​ដា ស្ថាបនិក​កម្មវិធី​កក់​សំបុត្រ​រថយន្ត​អនឡាញ​

ជា​អតីត​និស្សិត​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ​ដែល​​សុខចិត្ត​បោះ​បង់​ការងារ​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី​ មក​​ចំណាយ​ពេល​​ បង្កើត​កម្មវិធី​កក់​សំបុត្រ​ឡាន​តាម​អនឡាញ​លើ​ទូរសព្ទ​ដៃ​ រហូត​ជោគជ័យ​​ទទួល​បាន​ជយលាភី​លេខ ១​ ពាន​រង្វាន់ Cambodia ICT Award ប្រចាំ​ឆ្នាំ ២០១៦ និង​ក្លាយ​ជា​កម្មវិធី​កក់​សំបុត្រ​រថយន្ត​តាម​អនឡាញ​ដំបូង​គេ​​នៅ​កម្ពុជា​ សម្រាប់​សម្រួល​ដល់​ការ​ធ្វើដំណើរ​ប្រចាំ​ថ្ងៃ។

#៤ ប៊ិន សុផល​ឧត្តរៈ អ្នក​បង្កើត​កម្មវិធី​មួយ​បាន​មេដាយ​ប្រាក់​ពី​​ប្រទេស​ម៉ាឡេស៊ី

ត្រឹម​ជា​និស្សិត​ឆ្នាំ​ទី ៣ ​តែ​ ប៊ិន សុផល​ឧត្តរៈ​និង​មិត្តភក្តិ​បង្កើត​បាន​កម្មវិធី​មួយ​ឈ្មោះ​ថា Cambodian Driving Test ជា​គម្រោង​ថ្មី​មួយ​ដែល​ទើប​នឹង​ទទួល​បាន​មេដាយ​ប្រាក់​ពី​​ប្រទេស​ម៉ាឡេស៊ី ក្នុង​ការ​ប្រកួត​ការ​ស្រាវ​ជ្រាវ​ និង​ការ​បង្កើត​ថ្មី​ផ្នែក​វិទ្យាសាស្ត្រ (IDRIS 2017)

កម្មវិធី​ការ​ប្រលង​សាកល្បង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ក៏​ទទួល​បាន​មេដាយ​ប្រាក់​ពី​ប្រទេស​ម៉ាឡេស៊ី ក្នុង​ចំណោម ២៥០ ស្នាដៃ​មក​ពី១៦ ​ប្រទេស​ផ្សេង​គ្នា។ ចំពោះ​លក្ខណៈ​ពិសេស​នៃ​កម្មវិធី​ការ​ប្រលង​សាកល្បង​​ច្បាប់​​ចរាចរណ៍​​ផ្លូវ​គោក (Cambodian Driving Test) អាច​ឲ្យ​អ្នក​សាកល្បង​ដឹង​ថា មាន​សមត្ថភាព​ប្រលង​ជាប់ ឬ​ធ្លាក់ ព្រម​ទាំង​មាន​សំណួរ​ចម្លើយ និង​ការ​ប្រលង​សាកល្បង​ចំណេះដឹង​ទូទៅ​ទាក់​ទង​នឹង​ច្បាប់​មុន​ចូល​ប្រលង​មែន​ទែន។ កម្មវិធី​នេះ ប្រិយមិត្ត​អាច​ចូល​ទៅ​​ដោនឡូត​ដោយ​ឥត​គិត​ថ្លៃ​ទាំង​នៅ​លើ App និង Play Store។ ​បច្ចុប្បន្ន​ឧត្តរៈ​​កំពុង​សិក្សា​ឆ្នាំ​ទី ៤​ត្រៀម​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ។

#៥ ខឿន សក្ដិ​សុនីតា អ្នក​បង្កើត​កម្មវិធី​កុំព្យូទ័រ​"​ប្រព័ន្ធ​គ្រប់​គ្រង​គ្រូ​បង្រៀន

អំឡុង​ពេល​សរសេរ​សារណា​បញ្ចប់​ការ​សិក្សា កញ្ញា​បាន​សរសេរ​កម្មវិធី​កុំព្យូទ័រ​មួយ​គឺ ​"​ប្រព័ន្ធ​គ្រប់​គ្រង​គ្រូ​បង្រៀន" Teacher Management System ) ​​ពេល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ ដែល​​ប្រព័ន្ធ​គ្រប់​គ្រង​នោះ​ត្រូវ​បាន​យក​ទៅ​ដាក់​ឲ្យ​​ប្រើប្រាស់​នៅ​ការិយាល័យ​សិក្សា​ស្រុក​ស្អាង ខេត្ត​កណ្ដាល។ ថ្មីៗ​នេះ កញ្ញា​ទើប​នឹង​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​និង​ភាព​ជា​សហគ្រិន ដោយ​ផ្អែក​លើ​ការ​ស្ថាបនា​អាយស៊ីធី(ICT) មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង។

*កុំ​ភ្លេច​ចែក​រំលែក​មិត្តភក្តិ​អ្នក​បាន​ដឹង​ផង! ក្រុមការងារ​នឹង​បង្ហាញ​បុគ្គល​បច្ចេកវិទ្យា​មក​ពី​សាកលវិទ្យាល័យ​​ល្បីៗ​នៅ​ភាគ​បន្ត៕

អានអត្ថបទបន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី