ឯកា ភាពភ័យខ្លាច បទពិសោធន៍ពិត ពីអតីតនិស្សិតស្រីរើសរៀនមុខជំនាញ IT
- 2016-03-04 17:30:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកា ភាពភ័យខ្លាច បទពិសោធន៍ពិត ពីអតីតនិស្សិតស្រីរើសរៀនមុខជំនាញ IT
ចន្លោះមិនឃើញ
អារម្មណ៍ឯកា ភាពភ័យខ្លាច ការគ្មានទំនុកចិត្តលើខ្លួនឯងនិងការប្រឈមមុខបញ្ហាគ្រប់បែបយ៉ាង ជាបទពិសោធន៍ដែលអតីតនិស្សិតស្រីរៀនមុខជំនាញព័ត៌មានវិទ្យា ខឿន សក្ដិសុនីតា ចង់ចែករំលែកក្នុងដំណើរសិក្សារយៈពេល ៤ ឆ្នាំដ៏លំបាក ដែលស្ទើរធ្វើឲ្យយុវតីរូបនេះបោះបង់ចោលការសិក្សាកណ្តាលទី។
ស្ថិតក្នុងស្ថានភាពគ្រួសារមធ្យមដែលមានឪពុកជាគ្រូបង្រៀន និងម្ដាយជាស្រ្ដីមេផ្ទះនៅឯស្រុកស្អាង ខេត្តកណ្ដាល បន្ទាប់ពីប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០០៩-២០១០ សក្ដិសុនីតា បានទទួលអាហារូបករណ៍ពីរគឺមួយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមួយទៀតនៅសាកលវិទ្យាល័យន័រតុន។ ចុងក្រោយក៏សម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យន័រតុន ដើម្បីសិក្សាបន្តជំនាញក្នុងក្តីស្រមៃ។
ក្នុងដំណើរសិក្សាជំនាញព័ត៌មានវិទ្យា ដែលគ្រប់គ្នាហៅថាជាជំនាញរបស់បុរស យុវតីសម្បុរស្រអែមរូបនេះត្រូវប្រឈមមុខបញ្ហាគ្រប់បែបយ៉ាង។ នីតា ថា ក្នុងចំណោមនិស្សិតប្រុស ៨០ នាក់មាននិស្សិតស្រីតែ ៣ នាក់ប៉ុណ្ណោះ។ ក្នុងបរិយាកាសបែបនេះ កញ្ញាមានអារម្មណ៍ថា ឯកា ខ្វះការទំនាក់ទំនងដែលធ្វើឲ្យការសិក្សាមិនសូវទទួលបានលទ្ធផលល្អប្រសើរ រហូតគិតចង់បោះបង់សិក្សាចោលកណ្តាលទី។
ដោយសារមើលឃើញលទ្ធផលមិនល្អ ហើយការសិក្សាលំបាកពេក អតីតសិស្សពូកែរូបនេះបានគិតឡើងវិញតើគួរសិក្សាបន្ត ឬបោះបង់ជំនាញដែលខ្លួនស្រលាញ់។ បន្ទាប់ពីត្រិះរិះពិចារណា និងមានការលើកទឹកចិត្តពីគ្រួសារ កញ្ញាបានសម្រេចចិត្តបន្តការសិក្សាលើជំនាញដែលមជ្ឈដ្ឋានជុំវិញមិនសូវឲ្យតម្លៃសម្រាប់ស្រ្តី ដោយខិតខំប្រឹងទ្វេដងដើម្បីសម្រេចលទ្ធផលមួយឲ្យបាន។
បន្ទាប់ពីបានប្ដេជ្ញាចិត្តបែបនេះហើយ ទើបធ្វើឲ្យលទ្ធផលនៃការសិក្សាបានប្រែប្រួលក្លាយជាសិស្សពូកែក្នុងថ្នាក់ដោយទទួលបានចំណាត់ថ្នាក់លេខមួយប្រចាំដេប៉ាតឺម៉ង់ធ្វើឲ្យភ្ញាក់ផ្អើលអស់ប្រុសៗក្នុងថ្នាក់ រហូតទទួលការកោតសរសើរពីសាស្រ្តាចារ្យទៀតផង។
ការទទួលបានជោគជ័យលើការសិក្សា យុវតីរូបនេះក៏ទទួលបានឱកាសបំប៉នជំនាញផ្នែកព័ត៌មានវិទ្យានៅមជ្ឈមណ្ឌល Korea Software HRD Center និងក្លាយជាគ្រូស្រីដំបូងគេដែលត្រូវបានជ្រើសរើសទទួលបន្ទុកបណ្ដុះបណ្ដាលមុខវិជ្ជា Web Development សម្រាប់សិស្សនិស្សិតនៅក្នុងមជ្ឈមណ្ឌល។ ជាមួយគ្នានេះក៏ជាអ្នកចូលរួមកអភិវឌ្ឍន៍វិបសាយ Khmer Academy ដែលជាវិបសាយផ្ដល់ការសិក្សាជាភាសាខ្មែរដំបូងគេលើអនឡាញផងដែរ។
បន្ថែមពីនេះកញ្ញាបានសរសេរសារណាបញ្ចប់ការសិក្សា "ប្រព័ន្ធគ្រប់គ្រងគ្រូបង្រៀន" Teacher Management System ) ពេលបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ដែលប្រព័ន្ធគ្រប់គ្រងនោះត្រូវបានយកទៅដាក់ឲ្យប្រើប្រាស់នៅការិយាល័យសិក្សាស្រុកស្អាង ខេត្តកណ្ដាល។
អ្នកគ្រូបង្រៀនវ័យក្មេង នៅថ្ងៃអនាគតមានបំណងចង់ទៅបន្តការសិក្សានៅក្រៅប្រទេសបន្ថែមទៀត ដើម្បីក្រេបយកចំណេះដឹងផ្នែកព័ត៌មានវិទ្យា មកអភិវឌ្ឍន៍ប្រទេសកំណើតរបស់ខ្លួនវិញតាមប្រព័ន្ធ E-Government ឲ្យដើរទាន់សម័យទំនើបដូចប្រទេសជឿនលឿននៅប៉ែកអឺរ៉ុបដែរ ។
ជាមួយគ្នានេះ អ្នកគ្រូសម្បុរស្រអែមរូបនេះ ក៏បានសំណូមពរដល់និស្សិតស្រីជំនាន់ក្រោយដែលចាប់អារម្មណ៍ចង់រៀនជំនាញព័ត៌មានវិទ្យា សូមកុំខ្លាច ធ្វើអ្វីដែលខ្លួនស្រឡាញ់ ទោះជាមានឧបសគ្គបែបណាក៏ដោយ។ ត្រូវជឿជាក់ថា សិស្សស្រីក៏មានសមត្ថភាពឬអាចរៀនពូកែខ្លាំង ជាងសិស្សប្រុសទៀតផង។
បន្ដអាន៖ ចង់ក្លាយជាអ្នកបង្កើតហ្គេម ហួយលីង សម្រេចរៀន IT ដែលនារីភាគច្រើនមិនប្រាថ្នា
អត្ថបទ៖ រក្សា
រូបថត៖ សុនីតា