Porsche Macan 2018 ទៅ Review ផ្ទាល់​ចង់​លង់​បាត់ទៅ​ហើយ (វីដេអូ)

  • 2018-06-24 23:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Porsche AG ជា​ក្រុមហ៊ុន​ផលិតរថយន្ត​ស្ព័រ​ដ៏​ចំណាស់​មួយ​​របស់​អាល្លឺម៉ង់។ មិនថា​ផលិត​ជា​រថយន្ត​ប្រភេទតួទាប Sedan ឬ ក៏តួខ្ពស់ SUV ក្រុមហ៊ុនផលិត​រថយន្តដែលមានទីស្នាក់ការនៅទីក្រុង Stuttgart នេះមិន​ចោល​ការ​ឌីហ្សាញ​ជា​លក្ខណៈប្រភេទ​ស្ព័រ​។

ចំពោះរថយន្តដែលចូលមកក្នុងត្រកូល Porsche ក្រោយគេនាឆ្នាំ ២០១៥ នោះ​ គឺ Macan ដែលជារថយន្តតួខ្ពស់ SUV ប្រភេទ Compact (Compact SUV) មានទំហំរាងតូចជាង SUV របស់ Porsche ដែលមានស្រាប់គឺ​ Porsche Cayenne។

Porsche Macan ស៊េរីឆ្នាំ ២០១៨ ប្រភេទ Base Option មានបំពាក់មកជាមួយម៉ាស៊ីនទំហំ ២ លីត្រ ៤ ស៊ីឡំាង អាចបង្កើតបានកម្លាំងអតិបរមាដល់ទៅ ២៥២ សេះ។ វាអាចបង្កើនល្បឿនពី ០ ទៅ ១០០គ.ម ដោយប្រើពេល ៦,៧ វិនាទី ហើយកម្រិតស៊ីសាំងត្រឹម ៧,២ ទៅ ៧,៤ លីត្រប៉ុណ្ណោះក្នុង ១០០គ.ម ដោយប្រើធុងសាំងចំណុះ ៧៥ លីត្រ។ និយាយពីផ្នែកសោវិញ វា​រចនា​ឡើង​មក​ឲ្យ​មាន​រូបរាង​ដូចជា​រថយន្តតែម្ដង មើលទៅទាក់ទាញម៉្យាងដែរ។

បើមើលពីរូបរាងខាងក្រៅ Porsche Macan ឆ្នាំ ២០១៨ ប្រភេទ Sporty Package នេះ មានបំពាក់មកជាមួយចង្កៀងមុខប្រភេទ​ LED ដោយប្រើបច្ចេកវិទ្យា Porsche Dynamic Light System Plus (PDLS Plus) និងចង្កៀងក្រោយជាប្រភេទ​ LED tailight។ ទាំងក្បាំងមុខ ក្រោយ ផ្នែកដំបូល និងផ្នែកចំហៀងត្រូវបានលាបពណ៌ ឲ្យត្រូវជាមួយនឹងតួរថយន្តតែម្ដង បូករួម​នឹង​បំពង់​ស៊ីម៉ាំង​ភ្លោះ ២ គូ​នៅខាងក្រោម ធ្វើឲ្យរថយន្តនេះមើលទៅស័ក្កសម​ជារថយន្តស្ព័រ SUV ដូច្នោះដែរ។ ឯកាំរបស់វាវិញ មានទំហំ ២០អុីញ ជាប្រភេទ Spyder ដែលមានរូបតំណាង Porsche ពណ៌ខ្មៅ ប្រផេះ ខុសពីកាំធម្មតាដែល រូបតំណាង Porsche នោះមានពណ៌មាស លាយក្រហម។

ផ្នែកខាងក្នុងនៃរថយន្ត​ដេរឡើងដោយប្រើស្បែកពណ៌ខ្មៅ លាយក្រហមក្រម៉ៅ (ពណ៌ឆឺរី) ជាមួយ​តួ​កណ្ដាល ដែល​មាន​ចង្កឹះ​លេខ និង​មាន​ប៊ូតុង​បញ្ជាជាច្រើន ដូចជា ដំឡើងបន្ថយសីតុណ្ហភាព Off-Road និងហ្វ្រាំងដៃ (Power Brake) ជាដើម។ Porsche Macan ២០១៨ មានចង្កឹះលេខ ៧ វគ្គប្រភេទ​អូតូ តែវាក៏អាចឲ្យអ្នកបើកបរកំណត់យកលេខដៃ (Manual) ផងដែរ។ ផ្នែក​ចង្កូតវិញ មានប៊ូតុងបញ្ជាផ្សេងៗ និងមានទាំងលេខដៃ​ទាំងសងខាង សម្រាប់ដក ឬដាក់លេខ ពេលអ្នកបើកបរប្រើប្រាស់ចង្កឹះលេខ M (Manual)។

រថយន្តប្រភេទ ៥ កៅអីនេះ មានម៉ាស៊ីនត្រជាក់ ដែលអាចកំណត់សីតុណ្ហភាពបាន ៣ កន្លែងដាច់ពីគ្នា (3 climate zones) ដោយមួយនៅផ្នែកអ្នកបើកបរ មួយទៀតនៅផ្នែកអ្នកអង្គុយខាងមុខ និង​ចុងក្រោយ​នៅផ្នែក​អ្នក​ដំណើរ​ខាងក្រោយ។ លើសពីនេះទៅទៀត ប្រព័ន្ធកម្សាន្តរបស់រថយន្តនេះ មានបំពាក់​ជាមួយ​អេក្រង់ទំហំ ៤,៨ អុីញ HD Touch Screen ដែលបង្ហាញព័ត៌មាននានា ទាក់ទង​នឹង​ប្រព័ន្ធ​កម្សាន្ត​ដូចជាវិទ្យុ CD/DVD ឬចាក់ចម្រៀងចេញពីអង្គចងចាំជាដើម បូករួម​ជាមួយ​នឹង​ឧបករណ័​បំពង​សម្លេង​ចំនួន ១០ គ្រាប់​ របស់ Bose Surround Sound System កម្លាំង ១៥០ វ៉ាត់ យ៉ាង​ពិរោះរងំ។

បើនិយាយពីប្រព័ន្ធសុវត្ថិភាព​វិញ រថយន្តនេះ​មាន​បំពាក់​ជាមួយ​នឹង​បច្ចេកវិទ្យា​ដូចខាងក្រោម៖

  • មានដែកខ្វែង បង្កប់ក្នុងទ្វាររថយន្តបន្ថយកម្រិតគ្រោះថ្នាក់ពីការបុកពីចំហៀង
  • ប្រភេទហ្រ្វាំង ABS
  • ប្រព័ន្ធ Traction Control ការពារពីការគ្រលែងក្នុងពេលបើកបរ
  • ប្រព័ន្ធវាស់សម្ពាធកង់ Tyre Pressure Monitoring
  • ប្រព័ន្ធឲ្យសញ្ញាពេលរថយន្តបើកចេញពីគន្លង
  • ពោងសុវត្ថិភាពពីខាងមុខការពារអ្នកបើកបរ និងអ្នកដំណើរមុខ រួមជាមួយនឹងពោងចំហៀងចេញពីទ្វារទាំង ៤

តម្លៃ​ (Base) Porsche Macan ចាប់​ពី ១២៣ ០០០ ដុល្លារ

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ

អត្ថបទថ្មី