ពី​អ្នក IT ប្រាក់​ខែ​ទាប មក​ជា​នាយក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យ៉ាង​ជោគជ័យ

  • 2018-07-27 04:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​ភ្លើង​មហិច្ឆតា​ខ្លាំងក្លា ទើប​ជំរុញ​ឲ្យ​យុវជន IT វ័យ​ក្មេង​៤ រូប​ខំ​ប្រឹង​អភិវឌ្ឍ​ខ្លួន​ពី Developer ប្រាក់​ខែ​ទាប មក​ជា​នាយក​ក្រុមហ៊ុន​បច្ចេកវិទ្យា​រក​ប្រាក់​ចំណូល​យ៉ាង​ច្រើន​ក្នុង​មួយ​ខែៗ។

#លោក មាស ស៊ីណាល់- Bayonia

រូបភាព៖ ផ្ដល់ឲ្យ

មាស ស៊ី​ណាល់ ធ្លាប់​ធ្វើ​ការ​ជា Web Developer រយៈ​ពេល​ពេល​ច្រើន​ឆ្នាំ​នៅ​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​មួយ​ចំនួន។ ប៉ុន្តែ​ដោយ​មើល​ឃើញ ការ​លំបាក​របស់​ពលរដ្ឋ​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​ពី​កន្លែង​​ស្នាក់​នៅ ពេល​ពួក​គេ​ធ្វើ​ដំណើរ​កម្សាន្ត​នានា។ យុវជន​មាន​ស្រុក​កំណើត​មក​ពី​ទឹក​ដី​អង្គរ បាន​ចំណាយ​​ពេល​ជាមួយ​មិត្តភក្តិ​ជាង​ ២ ឆ្នាំ ទើប​បង្កើត​បាន​កម្មវិធី​ផ្ដល់​សេវាកម្ម​​កក់​បន្ទប់​សណ្ឋាគារ​អនឡាញ Bayonia(បាយ័នា) សម្រាប់​​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់។

​Bayonia(បាយ័នា) ជា​វិបសាយ​​​ជួយ​សម្រួល​អ្នក​ដំណើរ​ដែល​ត្រូវការ​​កក់​បន្ទប់​ស្នាក់នៅ​​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ ចំណញ​ពេល​វេលា និង​ថវិកា។​

បច្ចុប្បន្ន ស៊ីណាល់ ក្លាយ​ជា​នាយក​ក្រុមហ៊ុន​ផ្នែក​ផ្តល់​សេវាកម្ម​កក់​សណ្ឋាគារ​និង​រមណីយដ្ឋាន​ល្បីៗ​ក្នុង​ស្រុក ដោយ​មាន​ដៃគូ​​ច្រើន​ជាង ៣០ កន្លែង​និង​បាន​ក្លាយ​វិបសាយ​ក្នុង​ស្រុក​មួយ​ដែល​​មាន​​កម្រិត​​មួយ​​អាច​​​ទុក​ចិត្ត​​បាន បើ​ធៀប​នឹង Booking.com ឬ Agoda.com។

#លោក សុខ សុភមង្គល-Codingate

រូបភាព៖ ផ្ដល់ឲ្យ

លោក សុភមង្គល បច្ចុប្បន្ន​ជា​នាយក​ក្រុមហ៊ុន​ផ្តល់​សេវា​បង្កើត​វិបសាយ និង​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​លើ​អាជីវកម្ម​ឈ្មោះ Codingate និង​ធ្លាប់​បម្រើការ​ជា Solution Developer ច្រើន​ឆ្នាំ។

ប៉ុន្តែ​ដោយ​សារ​​សេរី​ភាព​មិន​ចង់​ស្ថិត​ក្រោម​ការ​បញ្ជា​ឆ្វេង​ស្តាំ លោក បាន​សម្រេច​ចិត្ត​ចោល​ប្រាក់​ខែ​រាប់​ពាន់​មក​បើក​ក្រុមហ៊ុន CODINGATE ដោយ​មាន​ដើម​ទុន​ដំបូង​តែ ១២០ដុល្លារ។ បើក​​ដំបូង​មាន​គ្នា​តែ​ពីរ​បី​នាក់ តែ​ដល់​ពេល​ដំណើរ​ការ​រយៈ​ពេល​ ៣ ឆ្នាំ​​ក៏​បាន​ពង្រីក​សមាជិក​ឡើង​ប្រមាណ ៣០ នាក់​ដល់​បច្ចុប្បន្ន។

មក​ដល់​ពេល​នេះ​សម្រាប់​ក្រុមហ៊ុន Codingate របស់ មង្គល បាន​សហការ​ជាមួយ​ដៃគូ​ក្រៅ​ប្រទេស​មួយ​ចំនួន​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​បច្ចេកវិទ្យា​ថ្មីៗ​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក។

បច្ចុប្បន្ន Codingate បាន​បង្កើត​កម្មវិធី​ទូរសព្ទ​និង Web ជា​ច្រើន​សម្រាប់​ដៃ​គូទាំង​ក្នុង​និង​ក្រៅ​ប្រទេស ហើយ​លោក​ជឿ​ថា​ នៅ​រយៈ​ពេល ៥ឆ្នាំ​ខាង ក្រុមហ៊ុន​នឹង​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី ដោយ​យក Google ជា​គំរូ។

#លោកជា ឡង់​ដា-BookmeBus

លោក ជា ឡង់ដា ធ្លាប់​ធ្វើ​ការ​ជា Web Developer រយៈ​ពេល​ពេល​ច្រើន​ឆ្នាំ​នៅ​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​មួយ​ចំនួន។ ប៉ុន្តែ​ដោយ​មើល​ឃើញ ការ​លំបាក​របស់​ពលរដ្ឋ​ក្នុង​ការ​ទិញ​សំបុត្រ​ឡាន​ក្រុង​ពេល​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​ម្តងៗ យុវជន​សម្បុរ​ស្រអែម​រូប​នេះ បាន​ព្យាយាម​បង្កើត​កម្មវិធី​កក់​សំបុត្រ​ឡាន​ក្រុង​អស់​រយៈពេល ៥ ទើប​រួច។

កម្មវិធី​កក់​សំបុត្រ​ឡាន​ក្រុង ឡង់​ដា បាន​យក​ទៅ​ដាក់​ប្រកួត​ប្រជែង​កម្មវិធី​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា​ប្រចាំ​ឆ្នាំ ២០១៦ (Cambodia ICT Award 2016) ​រហូត​ទទួល​បាន​ជយលាភី​មេដាយ​មាស​ផ្នែក​ការ​បង្កើត​ធុរកិច្ច (ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​) ដោយ​ទទួល​បាន​រង្វាន់​ទឹកប្រាក់ ៥ ០០០ ពាន់​ដុល្លារ​។

បច្ចុប្បន្ន ឡង់ ដា ក្លាយ​ជា​នាយក​ក្រុមហ៊ុន​ផ្នែក​ផ្តល់​សេវាកម្ម​កក់​សំបុត្រ​ឡាន​ក្រុង BookMeBus ដោយ​មាន​ដៃ​គូ​សហការ​ជាង ២៧ ក្រុមហ៊ុន។

#លោក ថុល រិទ្ធី-Smallworld

រូបភាព៖ channelnewsasia

ត្បិត​តែ​មិន​ធ្លាប់​ជា​និស្សិត IT ក៏​ប៉ុន្តែ​លោក​ថុល រិទ្ធី ចូល​ចិត្ត​និង​ស្រលាញ់​បច្ចេកវិទ្យា។ លោក ធ្លាប់​ធ្វើ​ការ​ជា​ច្រើន​ទាក់​ទង​នឹង​វិស័យ​នេះ រហូត​ដល់​​​បង្កើត​​កន្លែង​បណ្ដុះ​បណ្ដាល​​​​ចំណេះ​ដឹង​បច្ចេកវិទ្យា​មួយ​រូប​មាន​ឈ្មោះ​ថា​ SmallWorld ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០១១។ ពេល​នេះ​ SmallWorld កំពុង​ធ្វើ​ការ​បោះ​ជំហាន​ធំ​មួយ​ តាម​រយៈ​ការ​បង្កើត​កុំព្យូទ័រ​​ផ្ទាល់​ខ្លួន ដើម្បី​​​ជា​ការ​លើក​ទឹក​ចិត្ត​​ដល់​អ្នក​រៀន​សរសេរ​កូដ​ជំនាន់​ក្រោយ។

គំនិត​របស់​ SmallWorld គឺ​បង្កើត​នូវ​កុំព្យូទ័រ​យួរ​ដៃ​ដែល​មាន​​តម្លៃ​ធូរ​ថ្លៃ សមត្ថភាព​ខ្លាំង​ និង​អាច​ដំណើរ​ការ​កម្មវិធី​បែប​ Open Source បាន​ទៀត​ផង។ លោក​ ធុល រិទ្ធី បាន​​ឲ្យ​ដឹង​ថា​កុំព្យូទ័រ​ដែល​ខ្លួន​ផលិត​និង​ក្រុម​ការងារ​ផលិត​ឡើង​នេះ​ បាន​ប្រើ​ម៉ាក​សញ្ញា​ឈ្មោះ​ Koompi “គម្ពីរ" ដោយ​គោលដៅ​គឺ​លក់​ឲ្យ​សិស្ស​-និស្សិត​ដែល​មិន​ធ្លាប់​ប៉ះ​កុំព្យូទ័រ​ពី​មុន​មក។

ផលិត​ផលកុំព្យូទ័រ​ម៉ាក​ Koompi នេះ​​ត្រៀម​នឹង​ដាក់​លក់​នៅ​ខែ​សីហា​ខាង​មុខ​នេះ ដោយ​​នឹង​ប្រើ​ប្រាស់​ Software កូន​កាត់​ Windows លាយ​នឹង​ Software របស់​ Apple ដែល​ងាយ​ស្រួល​ប្រើ​សម្រាប់​អ្នក​ប្រើ​ថ្មីៗ។

បច្ចុប្បន្ន គម្ពីរ ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​ខ្លាំង ថែម​ទាំង​បញ្ជា​ទិញ​យ៉ាង​ច្រើន​សន្ធឹក។ ទៅ​ថ្ងៃ​ខាង​មុខ លោក​នឹង​ពង្រីក​ទីផ្សារ​ចូល​ទៅ​តំបន់​អាស៊ាន ឬ​អ៊ឺរ៉ុប​ថែម​ទៀត​ផង៕

ចុច​អាន​អត្ថបទបន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី