ឧបករណ៍ធ្វើពីឫស្សី ជួយកសិករចាប់អន្ទង់លក់បានខ្ទង់ម៉ឺនៗរាល់ថ្ងៃ
- 2018-09-21 02:56:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧបករណ៍ធ្វើពីឫស្សី ជួយកសិករចាប់អន្ទង់លក់បានខ្ទង់ម៉ឺនៗរាល់ថ្ងៃ
ចន្លោះមិនឃើញ
លាន់ជាឧបករណ៍នេសាទបែបបុរាណមួយប្រភេទដែលកសិករតាមជនបទប្រើប្រាស់សម្រាប់ចាប់អន្ទង់ជំនួសឲ្យការដើរជីករន្ធនៅតាមវាលស្រែឬតាមត្លុកត្រពាំងនានា។
ឧបករណ៍បែបសាមញ្ញនេះផលិតឡើងពីបំពងឫស្សីប្រវែង១,២ម៉ែត្រទៅ១,៤ម៉ែត្រដោយមានមាត់ប្រើសនៅចុងម្ខាងសម្រាប់បញ្ឆោតឲ្យអន្ទង់ចូលស៊ីចំណី។
កំពុងតែអូសទូកបណ្តើរសំឡឹងរកទីតាំងដាក់លាន់បណ្តើរកសិករវ័យក្មេងម្នាក់គឺលោក អ៊ឺង ហៃ មានទីលំនៅក្បែរមាត់អូរមួយកន្លែងក្នុងឃុំគោកពោធិ ស្រុកបូរីជលសារ ខេត្តតាកែវ បានប្រាប់ Sabay ថាឧបករណ៍នេះងាយធ្វើនិងស្រួលប្រើបំផុតដោយថាគ្រាន់តែប្រើនុយក្តាមបុកលាយជាមួយដីដំបូកឲ្យម៉ត់រួចច្រកចូលតាមមាត់លន់ទៅក្នុង និងបន្ទាប់មកយកទៅដាក់នៅតាមទីតាំងដែលជម្រៅទឹកពីកន្លះម៉ែត្រទៅមួយម៉ែត្រ។
កសិករវ័យ២៣ឆ្នាំរូបនេះរៀបរាប់ថាដោយសារតែលោកដាក់ពាក្យប្រលងទៅធ្វើការនៅប្រទេសកូរ៉េមិនជាប់លោកក៏សម្រេចចិត្តធ្វើការងារស្រែចម្ការរួមទាំងរបរនេសាទដាក់លាន់យកអន្ទង់លក់ដើម្បីបានកម្រៃសម្រួលជីវភាពគ្រួសារវិញ។
ដោយប្រើប្រាស់លាន់ប្រមាណជា៣០កសិកររូបនេះប្រាប់ថាលោកនេសាទអន្ទង់បានប្រមាណជាង២គីឡូក្រាមក្នុងមួយយប់និងអាចលក់បានប្រាក់ពី៤ទៅ៥ម៉ឺនរៀល។ លោកបន្តថា៖«អន្ទង់ឆ្នាំនេះសម្បូរហើយធំជាងឆ្នាំមុនៗព្រោះទឹកឡើងធំ ដូច្នេះ សង្ឃឹមថាផលនេសាទនឹងបានកើនជាងឆ្នាំមុនៗដែរ»។
អ្នកភូមិផ្សេងទៀតក៏បានប្រកបរបរមួយនេះដែរសូម្បីសិស្សសាលា ពេលទំនេរឆ្លៀតដាក់លាន់យកអន្ទង់លក់សម្រាប់ចំណាយថ្លៃសិក្សា។ នៅតំបន់ខាងលើនេះមានទឹកជនឡើងធំដែលនាំឲ្យកសិករឆ្លៀតពេលទឹកជន់នេះដើម្បីនេសាទអន្ទង់រកចំណូលសម្រាប់គ្រួសារ៕