កំហុសសាមញ្ញ ១០ យ៉ាងអ្នកធ្វើដោយមិនដឹងខ្លួន រអ៊ូថាមានទូរសព្ទថតអត់ស្អាតដូចគេ
- 2018-12-18 05:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសសាមញ្ញ ១០ យ៉ាងអ្នកធ្វើដោយមិនដឹងខ្លួន រអ៊ូថាមានទូរសព្ទថតអត់ស្អាតដូចគេ
ចន្លោះមិនឃើញ
ការថតរូបលើទូរសព្ទ ពិតណាស់វាងាយស្រួល គ្រាន់តែដកមកថតតែម្ដង មិនចាំបាច់ត្រូវគិតច្រើន បន្ទាប់មកក៏រអ៊ូថាមានទូរសព្ទថតអត់ស្អាតដូចគេ។ ខាងក្រោមនេះ អ្នកគួរ ដឹងពីកំហុសសាមញ្ញ ១០ យ៉ាងអ្នកធ្វើដោយមិនដឹងខ្លួន។
១) ប្រញាប់ប្រញាល់ថតពេក
អ្នកគួរគិតទុកជាមុន ប្រើកម្មវិធីដែលបានលេង យល់ពីរបៀបប្រើប្រាស់ និងមុខងារដែលត្រូវប្រើ។ នោះនឹងជួយបង្រួមពេលវេលា ផ្ដល់ឱកាសឲ្យអ្នកផលិតរូបភាពបានលឿន និងមានប្រសិទ្ធភាព។
២) គិតថាការចាប់ប្លង់ថតអត់ប្រយោជន៍
អ្នកគួរយល់ពីដឹងពីការចាប់ប្លង់ថតខ្លះៗ អ្នកអាចចាប់ផ្ដើមពី ការថតរូបពេលថ្ងៃរៀបលិច ឬរូបបែប Leading lines ឬធ្វើយ៉ាងណាឲ្យផ្ទៃខាងមុខ និងផ្ទៃខាងក្រោយ បង្ហាញមកស៊ីចង្វាក់គ្នា ឲ្យទីតាំង Subject ផ្សំជាមួយទិដ្ឋភាពបង្ហាញរូបមកអស្ចារ្យ។
៣) មិនខ្វល់ខ្វាយពីរូបមន្ត Rule of Thirds
នៅលើកម្មវិធីកាមេរ៉ាអាចបង្ហាញបន្ទាត់ Grid បីជួរដេក និងបីជួរឈរ។ នេះផ្ដល់ភាពងាយស្រួលបញ្ចូលការប្រើប្រាស់រូបមន្ត Rule of Thirds លើទិដ្ឋភាពបាន។ ពេលកំពុងថត អាចកំណត់ Subject ឲ្យស្ថិតនៅចំណុចប្រសព្វបន្ទាត់។ រូបមន្តនេះ Subject ពុំគួរកំណត់ឲ្យស្ថិតនៅកណ្ដាលទិដ្ឋភាពនោះទេ។
៤) ចូលចិត្តបើក Flash គ្រប់រូបភាព
អ្នកគួរបិទ Flash ចោល កុំប្រើអីក៏ល្អដែរ ប៉ុន្តែនៅលើកាមេរ៉ាស្មាតហ្វូនទំនើបៗមាន សេនស័រ ចាប់បានទិដ្ឋភាពក្នុងស្ថានភាពងងឹតបានគ្រាន់បើហើយ ករណីភាគច្រើន ប្រហែលជាមិនត្រូវការវានោះទេ។ តែបើអ្នកគិតថាត្រូវការករណីយប់ជ្រៅមើលអីមិនឃើញ អាចបើកបានខ្លះដែរ។
៥) បើកមុខងារ Zoom អស់ពេក
អ្នកមិនគួរប្រើមុខងារពង្រីកទិដ្ឋភាព ឬ Zoom ពេលថតអស់ពេកនោះទេ។ គួរចូលទៅជិត Subject តាមដែលអាចធ្វើបាន រួចចាប់ប្លង់ឲ្យត្រឹមត្រូវ ចាំពង្រីកទិដ្ឋភាពពេលក្រោយ បើចាំបាច់។
៦) មិនប្រើ Tripod ជំនួយ
អ្នកគួរទិញ Tripod មួយ ប្រសិនបើចង់បាន គុណភាពរូបភាពផលិតចេញពីស្មាតហ្វូនបានស្អាត។ ការប្រើ Tripod ជាមួយស្មាតហ្វូន មានគ្រប់ទំហំ តូចធំ ងាយស្រួលបត់បែនហើយតម្លៃក៏សមរម្យ។
៧) មិនសូវខ្វល់កាមេរ៉ារង្គើ
មានវិធីច្រើន ដើម្បីរក្សាលំនឹងស្មាតហ្វូនឲ្យនឹងពេលថតរូប ដោយអាចដាក់លើថ្ម ដើមឈើ ផ្អែកជញ្ជឹង ឬកាន់ដៃពីរពេលថតរូប។ បញ្ហារង្គើកាមេរ៉ា ភាគច្រើនកើតឡើង ពេលចុចថត ដូច្នេះ កាមេរ៉ាដាក់ដៃឲ្យនឹងកុំឲ្យរង្គើ។
៨) មិនខ្វល់ខ្វាយពី Setting លើកាមេរ៉ាទូរសព្ទ
អ្នកគួរដឹងពីកាមេរ៉ា Setting មានក្នុងកម្មវិធី។ គួរស្វែងយល់ខ្លះៗពីទាក់ទងនឹងកម្រិត Aperture, ISO និង Shutter Speed ដើម្បីរូបភាពចេញមកស្អាតប្លែកខុសពីធម្មតា។
៩) មិនចាប់អារម្មណ៍លើពន្លឺ
ពន្លឺជាធាតុផ្សំសំខាន់ជួយឲ្យរូបថតមួយសន្លឹក មានជីវិតរស់រវើក និងផ្ដល់ពណ៌បែបធម្មជាតិ។ អ្នកគួរ តែរកកន្លែងមានពន្លឺបន្តិច មុននឹងចាប់ផ្ដើមថត។
១០) មិនគួរថតតែមួយសន្លឹក
អ្នកគួរថតរូប ច្រើនសន្លឹក អាចប្រើប្លង់ដដែល ឬប្ដូរតិចតួច។ ទំហំមេម៉ូរីទូរសព្ទបច្ចុប្បន្នធំគ្រប់គ្រាន់ អាចធ្វើបាន អ្នកគួរតែថតរូបឲ្យបានច្រើនសន្លឹក រួមសឹមគិតគូរលុបចេញ បើមិនចេញចិត្ត៕