មនុស្ស​វ័យ​ចំណាស់​នៅ​ជនបទខ្លះ ចង់​ឃើញ​មុខកូន​នៅ​ឯនាយ​សមុទ្រ​ ខំរៀន​ប្រើ​បណ្តាញ​សង្គម​

  • 2018-12-31 02:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មែន​តែ​យុវជន​នោះ​ទេ​ដែល​និយម​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ជាពិសេស​បណ្តាញ​សង្គម​ហ្វេសប៊ុក តែមនុស្ស​​វ័យ​ចំណាស់ដែល​អ្នក​រស់​នៅ​តាម​បណ្តា​ខេត្តក៏​ចូល​ចិត្ត​​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​នេះ​ដែរ​។

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នៅ​តាម​បណ្តាខេត្ត​បាន​លើក​ឡើង​ថា​ខ្លួន​​ក៏​ទំនងជា​ដូចយុវវ័យ​ឬ​មនុស្ស​​វ័យ​ចំណាស់​នៅ​ទីក្រុង​ដែរ​ពោល​គឺ​ប្រើ​បណ្តាញ​សង្គម​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ និង​តាម​ដាន​ព័ត៌មាន​ជា​ដើម​។​

(អ្នកស្រី ហ៊ុន សុផល កំពុង​វចុចទូរសព្ទ បើក​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​)

ស្រ្តី​វ័យ​៥០​ឆ្នាំ​ម្នាក់​រស់​នៅខេត្ត​តាកែវ​លើក​ឡើងថា​ អ្នក​ស្រីបាន​ប្រើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​អស់​​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ ពោ​ល​គឺ​ពេល​ដែល​កូន​របស់​អ្នកស្រី​ចេញ​ទៅ​រស់​នៅ​បរទេស។ ការប្រើ​បណ្តាញ​មួយ​នេះ​អ្នកស្រី ហ៊ុន សុផល លើក​ឡើង​ថា​ដើម្បី​ងាយ​ស្រួល​ទាក់ទង​ជាមួយ​កូន និង​ចំណាយ​ថវិកាតិច។ ​​​​​ សម្រាប់​អ្នកស្រី​ហ៊ុន សុផល គឺ​ចូលចិត្ត​ទាក់ទង​ជាមួយ​កូនស្រី​ដែល​កំពុងរស​នៅ​ និង​ធ្វើ​ការ​នៅ​ប្រ​ទេស​កូរ៉េ​តាម​រយៈ​វីដេអូ​​ខល​ តាម​Messenger ជាង​ការ​ទាក់ទង​​តាម​ប្រព័ន្ធ​ទូរសព្ទ​ធម្មតា​ ព្រោះ​ថា​អាច​មើល​មុខ​គ្នា​ឃើញ​ដូច​បាន​ជួប​ផ្ទាល់​និង​​ម៉្យាងទៀត​វា​មាន​ភាព​ងាយ​ស្រួល​។

អ្នកស្រីបញ្ជាក់ថា៖ « ពីមុន​ខ្ញុំ​នឹក​ចៅ​ចង់​ឃើញ​មុខ​ចៅ​ពិបាក​ណាស់...ឥឡូវ​នេះ​បាន​ធូរ​អារម្មណ៍​តិច​ពេល​បាន​ឃើញ​គាត់​ពេល​កូន​ខល​មក​ជួប​ម្ដងៗ​...មាន​អារម្មណ៍​ថា​សប្បាយ​ពេល​ហ្នឹង»។

នៅ​តាម​បណ្តា​ខេត្ត​ទោះនៅ​​បីជិត ឬ​ឆ្ងាយ​ពីទី​ប្រ​ជុំជន​ក្តី ក៏​ឃើញ​មាន​មនុស្ស​វ័យ​ចំណាស់​មាន​ទូរសព្ទ​ដៃ​ប្រ​ភេទ​ស្មាត​ហ្វូន និងមាន​ទាំងភ្ជាប់​បណ្តាញ​សង្គម​ផង​ដែរ។ ទិន្នាការ​នៃការរីកចម្រើន​ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នេះ​អាច​មក​ពី​តម្លៃ​ទូ​រសព្ទ​ស្មាត​ហ្វូត​ធូរថ្លៃដែល​អាចរក​​ទិញ​បាន​ក្នុង​តម្លៃ​ទាបជាង​២០០​ដុល្លារ​ក៏​មាន។

មួយ​វិញ​ទៀត​បណ្តាញ​អ៊ីនធឺណែត​មាន​គ្របដណ្តប់​ស្ទើ​រពេញ​ផ្ទៃ​ប្រ​ទេស ជា​ពិសេស​មាន​ប្រ​ព័ន្ធ​4G ទៀត​ផង។​

បើ​តាម​ទិន្ន័យ​របស់​ក្រ​សួង​ទូរគមនាគមន៍​​ដែល​បង្ហាញ​ដោយ​មន្ត្រីជំនាញ​នាពេល​កន្លង​ទៅ​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ឆ្នាំ​២០១៧​ មាន​អ្នក​ប្រើ​ស៊ីម​កាត​១៩​លាន​ស៊ីម និង​អ្នក​ភ្ជាប់​អ៊ីនធឺណែត​ចំនួ​ន​៨,៥លាន​ និង​បណ្តាញ​4G មាន​គ្រប់​២៥​រាជធានី ខេត្ត ឬស្មើ​នឹង​៦០​ភាគ​រយ​នៃ​ទឹក​ដី​កម្ពុជា។

​ចំណែក​ស្រ្តី​វ័យ​៥៥​ឆ្នាំ​ម្នាក់​ទៀត រស់​នៅ​ខេត្ត​តាកែវ​ដែរ គឺ​អ្នស្រី អ៊ូច ស៊ា មាន​ប្រ​សាសន៍ថា​អ្នកស្រី​មិន​ចេះភាសា​​អង់គ្លេស​អ្វីទេ ប៉ុន្តែថា​អ្នកស្រី​ចេះ​ប្រើ​បណ្តាញ​សង្គម​នេះដោយ​ក្មួយ​ជួយ​បង្រៀន។ អ្នកស្រី​បន្តថា​ប្រើ​បណ្តាញ​សង្គម​មិន​ត្រឹ​ម​ងាយ​ស្រួល​ទាក់ទង​កូន​នៅ​ឯសហរដ្ឋអាមេរិក​​​នោះទេ ប៉ុន្តែ​ថែម​ទាំង​អាច​មើល​ព័ត៌មាន​ទៀត​ផង។

អ្នកស្រី​បន្ត​ថា៖ «​ដំបូង​មាន​ការ​លំបាក​ដែរ​ ...ព្រោះ​មិន​ចេះ​អក្សរ​ ខ្មែរ​ ឬ​អង់គ្លេស​អី​ទេ..ហើយ​ពីមុន​មក​សូម្បី​ត​បើក​វិទ្យុ​ហ្នឹង​ ក៏​អត់​ចេះ​ផង...តែ​បាន​កូន​ក្មួយ​ជួយ​ប្រាប់​ជួយ​ណែនាំ​​ទៅ​...ឥឡូវ​អាច​ខល​ទៅ​រក​កូន​ បងប្អូន​នៅ​ភ្នំពេញ​ បាត់ដំបង​ បាន​ដោយ​ខ្លួនឯង...ចូលចិត្ត​តាមដាន​ព័ត៌មាន​តាម​ហ្វេសប៊ុក​ផង​ដែរ​​...មិនបាច់​ចាំ​ចំណាយ​ពេល​អង្គុយ​នៅ​មុខ​កញ្ចក់​ទូរទស្សន៍​ដូចមុន​ទៀត​ឡើយ»៕

អត្ថបទដោយ៖ ជិន វេន

អត្ថបទថ្មី