ស្វាមី ភរិយាវ័យចំណាស់ទ្រាំប្រកបរបរដុតធ្យូងមិនហ៊ានឈប់ ព្រោះមានចៅពីរនាក់ក្នុងបន្ទុក
- 2019-01-08 03:44:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វាមី ភរិយាវ័យចំណាស់ទ្រាំប្រកបរបរដុតធ្យូងមិនហ៊ានឈប់ ព្រោះមានចៅពីរនាក់ក្នុងបន្ទុក
ចន្លោះមិនឃើញ
ស្ត្រីវ័យចំណាស់ម្នាក់មិនអាចឈប់ពីការងារដុតធ្យូងដែលខ្លួនបានប្រកបជិត២០ឆ្នាំមកហើយនោះបានទេបើទោះបីការងារនេះត្រូវប្រើកម្លាំងច្រើន និងពេលវេលាយូរក៏ដោយ។
មិនអាចឈប់បានក៏ដោយសារស្រ្តី និងស្វាមីចំណាស់ទាំងពីរនេះត្រូវចិញ្ចឹម និងមើលថែចៅប្រុសដល់ទៅពីរនាក់ ខណៈម្តាយរបស់ចៅៗទាំងពីរបស់អ្នកស្រីទៅធ្វើការនៅខេត្តឆ្ងាយ។
អ្នកស្រី ពិន គ្រឹន និងស្វាមីដែលមានវ័យជាង៧០ឆ្នាំទៅហើយនោះ និងកំពងុរស់នៅឃុំព្រែកអំពក ស្រុកគីរីវង់ ខេត្តតាកែវ បានប្រកបរបរដុតធ្យូង១៨ឆ្នាំមកហើយ ហើយមិនទាន់ហ៊ានឈប់ពីការងារនេះទេ បើទោះបីជាខ្លួនជរាបន្តិចហើយក៏ដោយ។
អ្នកស្រីថាខ្លួនបានប្រកបរបរដុតធ្យូងយូរឆ្នាំមកហើយតែជីវភាពមិនបានល្អប្រសើរអ្វីនោះទេ តែថែមទាំងត្រូវទទួលបន្ទុកចិញ្ចឹមចៅប្រុសៗពីរនាក់ទៀតផង។ ចៅអ្នកស្រីទាំងពីរនាក់ត្រូវឪពុកស្លាប់ចោល និងម្តាយចំណាកស្រុកទៅធ្វើកម្មករសំណង់នៅឯខេត្តកោះកុងជាច្រើនឆ្នាំមកហើយ។
អ្នកស្រី ពិន គ្រឹន កំពុងដុតភ្លើងឡធ្យូងបណ្ដើរ រៀបរាប់បណ្ដើរថា មួយខែអ្នកស្រីអាចដុតធ្យូងបានចំនួនពីរដងដោយម្តងត្រូវចំណាយប្រាក់ចំនួន២០ម៉ឺនរៀលដើម្បីទិញឱស និងលក់វិញបានចំណេញប្រហែល១៥ម៉ឺនរៀលប៉ុណ្ណោះ។
អ្នកស្រីឲ្យដឹងថាស្វាមីអ្នកស្រីមានវ័យចំណាស់ទៅហើយ មិនអាចចេញរកឱសពីព្រៃដើម្បីយកមកដុតធ្វើធ្យូងនោះទេ ដូច្នេះហើយបានជាត្រូវចំណាយច្រើនលើការទិញឱសពីអ្នកភូមិ។
អ្នកស្រីបន្តថា៖ «ទូទាត់ថ្លៃចំណាយរួចហើយនៅសល់ខ្លះ ដើម្បីយកទិញអង្ករ និងម្ហូបចិញ្ចឹមខ្លួន និងចៅៗ ដែលទើបរៀនថ្នាក់ទី១ និងទី២ប៉ុណ្ណោះ...កូនខ្ញុំមួយខែ ឬពីរខែទើបផ្ញើលុយមកម្តង តែបួនប្រាំម៉ឺនរៀលទេ»៕