អឺរ៉ុប​យក​ពន្ធ​លើ​អង្ករ​កម្ពុជា អាច​ធ្វើ​ឲ្យ​កសិករ​ខ្មែរ​ខាត​បង់ឬ?​

  • 2019-01-24 03:34:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិ​ធាន​​ការ​ណ៍​ការពារទីផ្សារ​របស់​អឺរ៉ុប​យក​ពន្ធ​អង្ករ​ពី​កម្ពុជា​បាន​ចូលជា​ធរមាន​កាលពី​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ២០១៩ ខណៈ​អ្នកខ្លះ​បារម្ភថា​វិធានការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​កសិករ​កម្ពុជា​ខាតបង់ និង​អ្នក​ជំនាញ​ខ្លះ​ទៀត​ថា​​កម្ពុជា​នៅ​មាន​ផ្លូវ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។​

កាលពី​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៩ គណៈកម្មាការ​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​លើ​អង្ករ​នាំចូល​ពីកម្ពុជា និង​មីម៉ាន់ម៉ា​ក្នុង​រយៈពេល​បី​ឆ្នាំ ដោយ​ឆ្នាំពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ២០២១។

ការ​សម្រេច​បែបនេះ​បាន​ធ្វើ​ឲ្យ​​​មាន​ការ​បារម្ភ​ថា​កសិករ​កម្ពុជា​អាច​លក់​ស្រូវ​បាន​ថោក​ជាង​មុន​ពេល​ដែល​អឺរ៉ុម​សម្រេច​យកពន្ធ។ ទោះ​ជា​ក្ដី​បារម្ភ​បែប​នេះ​កើ​ត​មាន​ក្តី​ក៏​មន្ត្រីជំនាញ និង​អ្នកធ្វើ​ការ​ពាក់​ព័ន្ធ នឹង​កសិករ និង​វិស័យ​នាំអង្ករ​ចេញ​ថា​នៅ​តែថា​អាច​មាន​ច្រក​ចេញ ហើយ​ថា​ការ​យក​ពន្ធ​នេះ​ទៀត​សោធ​ក៏​មិនមែន​មាន​ន័យ​ថា​អឺរ៉ុប​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​គ្រប់​ប្រ​ភេទ​នោះ​ទេ។

ថ្លែង​ក្នុង​សន្និសីត​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ ស្ដីពី​វិធានការណ៍​របស់​​អឺរ៉ុបនេះ ឯកឧត្តម សុខ សុភ័​ក្ត្រ រដ្ឋ​លេខាធិការ​ក្រ​សួង​ពាណិជ្ជ​កម្ លើក​ឡើងថា​អង្ករ​កម្ពុជា​ដែល​អឺរ៉ុប​​យក​ពន្ធ​គឺ​មាន​ចំនួន​បួន​លេខ​កូដ ជាប្រ​ភេទ​អង្ករស​ និង​ថាមាន​មួយ​លេខ​កូដ​ជា​អង្ករ​ក្រ​អូប​។

បើ​តាម​ឯកឧត្តម អង្ក​រ​កម្ពុជា​ប្រ​ភេទ​​ផ្សេង​ទៀត​មិន​ជាប់​ពន្ធ​នោះ​ទេ ដូចជា​អង្ករ​សម្រូប​ជា​ដើម និង​​ថា​ការ​យក​ពន្ធ​នេះ​អាច​ធ្វើ​ឲ្យ​កម្ពុជា​ខាត​ពន្ធប្រ​ហាក់​ប្រហែល ឬ​តិច​ជាង​៥០​លាន​​ដុល្លារ​ក្នុង​ឆ្នាំទី​មួយ​។​

​តើ​ការ​យក​ពន្ធលើ​អង្ករ​កម្ពុជា​ពិតជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កសិករ និង​ពាណិជ្ជករ​កម្ពុជា​? ​ អ្នក​ធ្វើ​ការ​ផ្ទាល់​ជាមួយ​កសិករ និង​ជា​ប្រ​ធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង​ សាវឿន លើក​ឡើង​ថា​ការ​យកពន្ធ​លើ​អង្ករ​នាំចូលពី​កម្ពុជា​​របស់​សហភាព​អឺរ៉ុប​នេះ​ពិតជា​បាន​ប៉ះពាល់​ដល់​កសិករ​​ផលិត​ស្រូវ​របស់​កម្ពុជា​មែន។ លោក​ថា​ឈ្មួញ​ទិញ​ស្រូវ​ពី​កម្ពុជា​នឹង​ទម្លាក់​តម្លៃ​ស្រូវ​ពី​កសករ ដែល​នាំ ឲ្យ​កសិករ​ចំណេញ​បាន​តិច​ជាងមុន ឬខាត​ក៏មាន។

ត្រង់​ចំណុចនេះ​លោក​ថា​កសិករ​អាច​រួច​ផុត​ពី​ផល​ប៉ះពាល់​ដែរ​បើ​សិន​ជា​រដ្ឋាភិបាល​ជួយ​ចេញ​ថ្លៃ​ពន្ធ​ឬ​កាត់​បន្ថយ​ថ្លៃ​ដើម​ដូច​ជា​ថ្លៃ​ជី ថ្នាំ​សម្លាប់​សត្វ​ល្អិត គ្រឿង​យន្ត​កសិកម្ម និង​ប្រេង​ឥន្ធនៈ​ជា​ដើម។ ​ ប្រ​ហាក់​ប្រហែល​គ្នានេះ​ដែរ ឯកឧ​ត្តម សុខ សុភ័​ក្ត្រ លើក​ឡើង​ដែរ​បើ​តាម​ការ​វាយ​តម្លៃ​ពី​ក្រុម​ជំនាញ​តម្លៃ​ស្រូវ​អាច​ធ្លាក់ចុះ​ពី​៣០០រៀល ទៅ​៤០០​រៀល​ក្នុង​មួយ​គីឡូក្រាម បើ​សិនជា​គ្មាន​ការ​បញ្ចុះ​ថ្លៃ​ដើម​នៃ​ការ​ផលិត​ដើម្បី​នាំចេញ។​

ឯកឧត្តម​ឲ្យ​ដឹងដែរថា​កម្ពុជា​បាន​នាំអង្ករ​ទៅ​កាន់​អឺរ៉ុប​ចំនួន​២៦៩​ ០០០ តោន​ទៅ​កាន់​អឺរ៉ុប​កាល​ពី​ឆ្នាំ​កន្លង​ទៅ។ បើតាម​តួរលេខ​នេះ​ឯឧត្តម​ថា​កម្ពុជា​អាច​ខាត​បង់​ប្រាក់​បន្ថែម​​សម្រាប់​បង់​ពន្ធ​ប្រហែល​ជា​៥០​លាន​នដុល្លារ​ក្នុង​ឆ្នាំ​២០១៩។ ទោះយ៉ាងណា អង្ករ​កម្ពុជា​តែ​បួន​លេខ​កូដ​ប៉ុណ្ណោះ​ជាប់​ពន្ធ​នេះ គឺ​ប្រ​ភេទ​អង្ករ​ស និង​អង្ករ​ក្រ​អូប​មួយ​លេខ​កូដ ដែលថា​នោះ​ការ​ខាត​ប្រាក់​លើ​ការ​បង់​ពន្ធ​គឺ​មិន​ដល់​៥០​លាន​ដុល្លារ​នោះទេ។​

ដោយ​ឡែក​កាលពី​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ២០១៩ ក្រោយ​ពី​អឺរ៉ុប​ប្រ​កាស​សេចក្តី​សម្រេច​យកពន្ធ​លើ​អង្ករ​កម្ពុជា​នេះ ក្រ​សួងពាណិជ្ជកម្ម​ក៏បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែរ​ថា​ការ​សម្រេច​ចិត្ត​នេះ​«មាន​ឥទ្ធិពល​គ្រាប់​គ្រាន់​ក្នុង​ការ​ដក​ហូត​ចំណូល​កសិករ​ក្រីក្រ​កម្ពុជា និង​ជា​អាវុធ​ធ្វើឃាត​ពួកគាត់ និង​ក្រុម​គ្រួសារ ដែល​កំពុង​ជាប់​បំណុល​ជាមួយ​ស្ថាប័ន​​ឥណទាន»។

សម្រាប់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​វិញ​បាន​កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩ តាម​រយៈ​សេចក្តី​ថ្លែង​ការ​របស់​ខ្លួន​បាន​ហៅ​សេចក្តី​សម្រេច​នេះថា​ «មាន​លក្ខណៈ​ឆាប់​រហ័ស​ពេក​នៅ​ពេល​ដែល​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ត្រូវ​ការ​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​ដើម្បី​ពង្រឹង​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​ ដោយ​មិន​អាស្រ័យ​លើ​ការ​អនុគ្រោះ​ពន្ធ​បាន»។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល សហ​ព័ន្ធស្រូវ​អង្ករ​កម្ពុជា​​ថា​ការ​យក​ពន្ធ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រ​កួត​ប្រ​ជែង​ និង​មាន​ការ​ពិបាក​នាំ​​អង្ករ​កម្ពុជាទៅ​កាន់​សហភាព​អឺរ៉ុប​ដោយ​ថា​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ពេញ​លេញ។​

​ទោះ​យ៉ាងណា​ បើ​តាម​សហព័​ន្ធ​ស្រូវ​អង្ករ​កម្ពុជា អឺរ៉ុប​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​តែ​លើ​ប្រ​ភេទ​អង្ករ​សម្រិត​ចំនួន​បួន​ប្រភេទ​លេខ​កូដ ១០០៦ ៣០ ២៧, ១០០៦ ៣០ ៤៨, ១០០៦ ៣០ ៦៧ និង ១០០៦ ៣០ ៩៨។ សម្រាប់អង្ករ​សម្រូប អង្ករ​បាក់ និង​អង្ករ​ប្រ​ភេទ​ផ្សេង​ទៀត​មិន​ជាប់​ពន្ធ​នោះ​ទេ​។​

តើ​សេចក្តី​សម្រេច​នេះ​ពិត​ជា​រឿង​ធំ និង​គួរឲ្យ​ភ្ញាក់​ផ្អើលស​ម្រាប់​កម្ពុជា?

ការសម្រេច​យកពន្ធ​អង្ករ​មក​​លើ​កម្ពុជា​នេះ​ ឯកឧត្តម សុខ សុភ័​ក្ត្រ ថា​មិនមាន​ជា​កិច្ចការ​ធំ​ខ្លាំង​រហូត​ដល់​ភ្ញាក់​ផ្អើល​ទូទាំង​ប្រ​ទេស​នោះទេ។ ឯកឧត្តម​បន្តថា​នេះ​ជា​វិធាន​ការ​ការពារ​ទី​ផ្សារ​របស់​សហភាព​អឺរ៉ុប ហើយ​ថា​វិធានការ​បែបនេះ​ក៏មាន​ប្រ​ទេស​ជា​សមាជិក​អង្គការ​ពិភព​លោក​ផ្សេង​ទៀត​ធ្លាប់​បាន​អនុវត្ត​ដូច​គ្នា ក្នុង​គោល​បំណង​ការពារ​ផល​ប្រ​យោជន៍​ឧស្សាហកម្ម​ក្នុង​ស្រុក​របស់​ប្រ​ទេស​ទាំង​នោះ​ដែល​អនុលោម​ទៅ​តាមកិច្ច​ព្រម​ព្រៀង​ និង​ច្បាប់​ជាតិ​។​

ក្នុង​សេចក្តី​ប្រ​កាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​បាន​សរសេរ​ថា​ខ្លួន​បាន​ចាប់​ផ្តើម​ស៊ើប​អង្កេត​លើ​អង្ករ​នាំចូលពី​កម្ពុជា និង​មីយ៉ាន់​ម៉ា​កាលពី​ខែ​​មិនា ឆ្នាំ​២០១៩ និងបាន​រកឃើញ​ថា​ការនាំចូល​អង្ករ​របស់ប្រ​ទេស​ទាំង​ពីរមាន​ការ​កើនឡើង​រហូត​ដល់​៨៩​ភាគ​រយនៃ​ចំណែក​ទី​ផ្សារ​​ក្នុង​រយៈពេល​​ប្រាំ​រដូវ​ដាំដុះ​កន្លង​មក ហើយ​ថា​តម្លៃ​លក់​ចេញ​ក៏​ទាប​ផង​ដែរ។ ប្រ​ភព​ដដែល​បន្តថា​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ផលិត​ស្រូវ អង្ក​រអឺរ៉ុប​ជួប​ការ​លំបាក និង​បាត់​បង់​ចំណែកទីផ្សារពី​៦១​​ភាគ​រយ មក​ត្រឹម​២៩​ភាគ​រយ​នៅ​រយៈពេល​ដូច​គ្នា។

ត្រង់​ចំណុចនេះឯកឧត្តម សុខ សុភ័​ក្ត្រ ថា​កំណើត​នាំចូល​កើន​ឡើង​បែបនេះ ធ្វើ​ឲ្យ​ប្រ​ទេស​ផលិត​ស្រូវ អង្ករ​នៅ​អឺរ៉ុប​បារម្ភ រហូត​ឈាន​ដក់​មាន​សេចក្តី​សម្រេច​បែបនេះ។ ទោះយ៉ាងណា ឯកឧត្តម ថា​កម្ពុជា​នឹង​បន្ត​តវ៉ាដោយ​ផ្អែក​លើ​បទដ្ឋាន​ច្បាប់​។

ការ​តវ៉ា​ក៏ដោយ​សារ​ថា​អឺរ៉ុប​មិន​ត្រឹម​តែ​យកពន្ធ​លើ​អង្ករ​សម្រិត​ របស់​កម្ពុជា​ដែល​មាន​ទម្រង់​ប្រ​ហាក់​ប្រហែល​នឹង​អង្ករ​របស់​អឺរ៉ុប​ទេ តែ​ថា​ថែមទាំង​យក​ពន្ធលើ​អង្ករ​ក្រអូប​កម្ពុជា​ ដែល​មិន​មាន​ដាំ​នៅ​អឺរ៉ុប​ផង​ដែរ។

ឯកឧត្តម បញ្ជាក់ថា៖ «អ៊ីចឹងបានជានៅ​ដើម​ឆ្នាំ២០១៨ ស៊ើបអង្កេត និង​អំណះអំណាងផ្សេងៗ យើង​បាន​តវ៉ា ពិគ្រោះ​យោបល់ ពន្យល់ ទៅអឺរ៉ុប អង្ករ​ក្រអូប​ជាងជាង៦០ភាគ​រយ​នាំទៅអឺរ៉ុប​នោះ​មិន​ប៉ះពាល់ ​មិន​ដូច ​ឬស្រដៀង​នឹង​អង្ករ​អ៊ីតាលី អេ​ស្បាញទេ រស់ជាតិខុសគ្នា​ និង​ដាំ​បាន​តែ​នៅ​អាស៊ី​មួយ​គត់​»។​​​​​

​​​​ក្នុង​ជំនួប​ជាមួយ​ប្រ​ធានាធិបតីចិ​ន ស៊ី​ ជិងពីង ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​របស់​សម្តេច ហ៊ុន សែន កាលពី​ថ្ងទី​២២ ខែមករា ឆ្នាំ២០១៩ ភាគីចិន​បាន​សន្សា​បន្តទិញ អ​ង្ករពី​កម្ពុជា​៤០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ និង​សន្យា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​ដល់​១០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៣។​

ក្រៅពី​ទី​ផ្សារ​ចិន ឯកឧត្តម សុខ សុភ័​ក្ត្រ ​ថា​កម្ពុជា​ក៏កំពុង​សម្លឹង​មើល​ទីផ្សារ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ បូក​ចិន ឥណ្ឌា កូរ៉េ អូស្ត្រាលី ញ៉ូហ្សឺឡែន និង​ជប៉ុន ដែល​ថា​ទីផ្សារ​នេះ​មានទំហំធំ​ជាង​ពាក់​កណ្តាល​នៃ​ទីផ្សារ​ពិភព​លោក។

ចំណែក​សហព័ន្ធស្រូវ​អង្ករ​កម្ពុជាវិញ​ការ​កាត់​​បន្ថយ​ថ្លៃ​ដើម​ និង​ការ​ពង្រីក​​ទី​ផ្សារបន្ថែម​ទៀត​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​យក​ពន្ធនេះ​។

លោក ថេង សាវឿន​ ប្រ​ធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ក៏​បាន​លើក​ឡើង​ប្រ​ហាក់​ប្រ​ហែល​គ្នានេះ​ដែរ ដោយ​ថា​កម្ពុជា​ត្រូវ​រក​ទីផ្សារ​ផ្សេង​ទៀត និង​ថា​រដ្ឋាភិបាល​ក៏​គួ​រ​រក​វិធី​ជួយ​ជ្រោម​ជ្រែង​ដល់​កសិករ និង​វិនិយោគ​គិត​បន្ថែម​ទៀត​​ដើម្បី​បាន​កាត់​ថ្លៃ​ដើម។ ការ​កាត់​បន្ថយ​ថ្លៃ​ដើម​នេះ​លោក​ថា​នឹង​ធនានា​បាន​នៅ​តម្លៃ​ស្រូវ​របស់​​កសិករ។

សម្រាប់​​វិធានការ​ណ៍​ជួយ​កាត់​​បន្ថយ​ថ្លៃ​ដើមនេះ ឯកឧត្តម សុខ សុភ័​ក្ត្រ បាន​លើក​ឡើងថា​រដ្ឋា​ភិបាល​កាលពី​ឆ្នាំ​២០១០ បាក​ដាក់ចេញ​នូវ​នយោបាយ​ជំរុញពាណិជ្ជកម្មស្រូវ និង​​បានពិនិត្យ​លើ​ពូជ​ស្រូវ ការ​ដឹកជញ្ជូន វិស័យ​ឥណទាន ឃ្លាំង​ស្តុក ឡសម្ងួត ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី និង​ពន្ធដា​ផ្សេង​ជាដើម។

ឯកឧត្តម​ឲ្យ​ដឹងទៀតថា​​រដ្ឋាភិបាល ក៏​ដូចជា​ក្រ​សួង​ពាណិជ្ជកម្ម​បាន​ទម្លាក់​ចោល​តម្លៃសេវា​ផ្សេង​ដូច​ជា​កាំកុងត្រូល កម្រៃគ្រប់គ្រង​ការ​នាំ​ចេញ និង​ការ​លែង​តម្រូវ​ឲ្យ​សុំ​លិខិត​វិញ្ញាបនបត្រ​បញ្ជាក់​ប្រ​ភព​ដើម ដែល​សេវ៉ាទាំងនេះ​សរុប​មិន​តិច​ជាង​៦០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ឯឧត្តម​បន្ថែម​ថា៖ «​ក្នុង​មួយ​ឆ្នាំៗ គិត​ជា​សរុប​រឿង​ពាក់ព័ន្ធ​ពាណិជ្ជកម្ម​កំណែទម្រង់​អស់​៥០ ទៅ៦០ លាន​ដុល្លារ​ហើយ​គ្រាន់តែជួយ​វិស័យ​ពាណិជ្ជកម្ម វិសស័យ​ស្រូវអង្ករ មិនមែនទឹកដល់ច្រុមុះ​ហើយ​បាន​ធ្វើទេ​យើង​មាន​ធ្វើជាហូរហែរ និង​កំពុងធ្វើបន្ត​ទៀត​»។

ទាំងឯកឧត្តម សុខ សុខភ័ក្រ្ត និង​លោក​ ថេង សាវឿន លើក​ឡើងប្រហាក់​ប្រហែល​គ្នាថាការ​អនុគ្រោះ​ពន្ធ​មិន​មាន​ជារឿង​យូរ​អង្វែង​សម្រាប់​កម្ពុជា​នោះទេ។ លោក ថេង សាវឿន​ថា កសិករ​កម្ពុជា​ក៏​គួរ​ដាំដំណាំផ្សេងៗទៀតក្រៅពី​ស្រូវ​ដូចជាដំឡូង ម្រេច ជាដើម ដែល​អាច​នាំទៅ​អឺរ៉ុប​មិន​ជាប់ពន្ធ​ ឬក៏​អាច​ងាក​មក​ដាំ​បន្ថែ ចិញ្ចឹម​សត្វ​ដើម្បី​ផ្គត់​ផ្គង់ទីផ្សារ​ក្នុង​ស្រុក ហើយ​រដ្ឋាភិបាល​ជួយ​បន្ថែម​ខាង​ប្រ​ពន្ធធារាសាស្រ្ត និង​ឥណទាន​ជាដើម។​

តើ​សហភាពអឺរ៉ុប​ និង​កម្ពុជា​មាន​ទំានក់ទំនង​ពាណិជ្ជកម្ម​បែបណាដែរ?

សម្រាប់​ប្រ​ទេស​អភិវឌ្ឍតិតតួច​​នៅ​អាស៊ី​ដូចជា​អាហ្គានីស្ថាន បង់ក្លាដេស ប៊ូតាន់ ឡាវ មីយ៉ាន់ម៉ា នេប៉ាល់ ទីម័រខាងកើត និង​យេមែន ជាដើម​ សុទ្ធតែ​បាន​ទទួល​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំចូលទៅ​អឺរ៉ុប​ក្នុង​ប្រ​ព័ន្ធ​អ្វីគ្រប់​យ៉ាង​លើកលែង​តែអាវុធ(EBA) ដូច​ទៅ​នឹង​កម្ពុជា​ដែរ ដែល​កាល​នោះ​កម្ពុជា​បាន​ទទួលការ​អនុគ្រោះពន្ធនេះ​តាំងពី​ឆ្នាំ២០០២​។

សហភាព​អឺរ៉ុប​គឺ​ជា​ដៃគូ​ពាណិជ្ជកម្មធំទីពីរ​របស់​​កម្ពុជា ហើយ​បើ​គិត​ក្នុង​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជ​កម្ម​របស់​ភាគីទាំងពីរ​មាន​ចំនួន៥,៨៦​ពាន់​លាន​អឺរ៉ូ ឬ​ប្រហាក់ប្រហែល​នឹង​៦,៦៥​​ពាន់​លាន​ដុល្លារ។ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​ភាគច្រើន​ជា​ផលិត​ផល​សំលៀកបំពាក់ និង​ស្បែក​ជើង និង​ផលិត​ផល​កសិកម្ម ដែល​មាន​ទំហំទឹក​ប្រាក់​​៥​ពាន់​លាន​អឺរ៉ូ ឬ​ប្រ​ហែល​ជា​៥,៦៨​ពាន់​លាន​ដុល្លារ។

ដោយឡែក​សហភាពអឺរ៉ុប​នាំចូល​មក​កម្ពុជាវិញ​នូវ​ដូចជា​គ្រឿង​យន្ត បរិក្ខា​ផ្នែក​ដឹក​ជញ្ជូន និង​ផលិត​ផល​កិសកម្ម ជាដើម ដែលមាន​ទឹក​ប្រាក់៨៥១​លាន​អឺរូ​ឬ​ប្រហែល​នឹង​៩៦៦​លាន​ដុល្លារ​អាមេរិក៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម