អស់បារម្ភ! ដោះស្រាយបញ្ហាសក់ស្ដើង ជាមួយរូបមន្តបែបធម្មជាតិងាយៗទាំងនេះ

  • 2019-03-02 07:49:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីជាបញ្ហាសក់ស្ដើង ហើយថែមទាំងជ្រុះតែងកើតមានធម្មតាចំពោះបុរស ប៉ុន្តែមនុស្សស្រីក៏អាចជួបប្រទះបញ្ហានេះផងដែរកំឡុងពេលមានផ្ទៃពោះ, ប្រើប្រាស់ថ្នាំណាមួយ, តំណពូជ ឬបញ្ហាសុខភាពណាមួយ។ មកទល់នឹងពេលបច្ចុប្បន្នផលិតផលថែ​រក្សាសក់ព្យាបាលសក់ជ្រុះស្ដើងមានមិនខ្វះឡើយ តែវាមានតម្លៃថ្លៃ ហើយមួយចំនួនមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភាព។ ប៉ុន្តែកុំបារម្ភ! មានរូបមន្តបែបធម្មជាតិច្រើនណាស់ជួយដោះស្រាយបញ្ហាសក់ស្ដើង ហើយជ្រុះប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ សូម​មើល​ការណែនាំ​ខាង​ក្រោម​នេះ៖

១. កាត់បន្ថយការលេងស្ទាយល៍សក់

ស្ត្រីភាគច្រើនចូរចិត្តលេងស្ទាយល៍សក់ជាមួយឧបករណ៍កម្ដៅផ្សេងៗដូចជា ម៉ាស៊ីនកៀប, ម៉ាស៊ីនផ្លុំសក់ និងមូររួញ។ កម្ដៅខ្លាំងដែលចេញពីឧបករណ៍ទាំងនេះបំផ្លាញសក់គួរឱ្យព្រួយបារម្ភដែលអាចធ្វើឱ្យក្លាយជាបែកចុង, ផុយស្រួយ និងចាប់ផ្ដើមជ្រុះ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមកាត់បន្ថយការលេងស្ទាយល៍សក់បែបមូររួញ ឬកៀបឱ្យត្រង់មកត្រឹម ១ ឬ ២ ដងបានហើយក្នុងមួយសប្តាហ៍ ដើម្បីទុកពេលឱ្យសក់ជួសជុលខ្លួនឯងបានខ្លះ។ ហើយគួរចាំក្នុងចិត្តផងដែរថា របៀបនៃការលេងស្ទាយល៍សក់ឱ្យស្អាតមានច្រើនណាស់មិនចាំបាច់ត្រូវតែប្រើប្រាស់ម៉ាស៊ីនកៀប ឬផ្លុំឡើយ។

២. ម៉ាស្សាស្បែកក្បាលជាមួយប្រេង

វិធីព្យាបាលសក់ជ្រុះស្ដើងបែបធម្មជាតិមួយទៀត គឺការប្រើប្រាស់ប្រេងដូចជា ប្រេងអូលីវ និងប្រេងដូងម៉ាស្សាលើស្បែកក្បាល។ ប្រេងទាំង ២ នេះមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អៗ រួមទាំងវីតាមីន និងជាតិរ៉ែដែលមិនត្រឹមតែជួយជួសជុលសក់ខូចជ្រុះប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរចំពោះស្ថានភាពនៃស្បែកក្បាលផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងរហូតដល់ក្ដៅឧណ្ហៗ រួចចាប់ផ្ដើមម៉ាស្សាវាលើសក់ និងស្បែកក្បាល។ ហើយទុកចោលសម្រាប់រយៈពេល ៤៥ នាទីសិន សឹមកក់សម្អាតសក់ជាមួយសាប៊ូដូចធម្មតាជាការស្រេច។

៣. ប្រើប្រាស់ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកជែលប្រទាលកន្ទុយក្រពើប្រមាណជា ២ ស្លាបព្រាកាហ្វេ មកកិន ឬវឹករហូតក្លាយជាម៉ដ្ឋរលោង សឹមម៉ាស្សាលើស្បែកក្បាលដោយប្រើចុងម្រាមដៃសម្រាប់រយៈពេល ៥ នាទី។ ហើយទុកចោលសម្រាប់រយៈពេល ២៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៤. លាបខ្ទិះដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាខ្ទិះដូងលើសក់ និងស្បែកក្បាល ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។ អនុវត្តន៍រូបមន្តនេះឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។

៥. ស៊ុត

អ្វីដែលអ្នកត្រូវធ្វើ គឺលាយស៊ុត ១ គ្រាប់ ជាមួយប្រេងអូលីវ ១ ស្លានព្រាបាយ ក្នុងចានគោមតូចមួយរហូតដល់ក្លាយជាល្បាយម៉ដ្ឋរលោង។ លាបល្បាយលើសក់ និងស្បែកក្បាលរហូតដល់សព្វ។ គ្របសក់ជាមួយមួកពាក់ងូតទឹក ហើយទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមកក់លាងសម្អាតសក់ចេញជាមួយសាប៊ូ និងទឹកត្រជាក់ជាការស្រេច៕

ប្រភព៖ Health.com.kh   អត្ថបទ៖ Dane

អត្ថបទថ្មី