អ្នក​ជំនាញ ​សម្ដែងការ​សោកស្ដាយ​ក្រោយ​​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ដាំ​ក្បាល​ចុះ ដើម​ឆ្នាំ​នេះ

  • 2019-03-06 04:28:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​តួលេខ​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ ដើម​ឆ្នាំ​នេះ។ ការ​សោកស្ដាយ​ក៏​បាន​​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​ទំនាក់​ទំនង​រវាង​កម្ពុជា និង​សហគមន៍​អឺរ៉ុប ដែល​បាន​អនុវត្តន៍​កំណត់​យក​ពន្ធ​​ការ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​លឿន​ ផ្ទុយ​ពី​ការ​រំពឹង​ទុក​ថា នឹង​ផ្ដល់​ឱកាស​ដល់​កម្ពុជា​ប្រមាណ​ជា ៣-៤ឆ្នាំ ទៀត។

ឯកឧត្ដម សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់ Sabay ថា "យើង​បាន​គិត​លើ​ផែន​ការ​យើង​​ថា ការ​យក​ពន្ធ​នឹង​ ៣-៤ឆ្នាំ​ ទៅ​ខាង​មុខ​ទៀត​មិន​ស្មាន​ថា​ គាត់​បាន​សម្រេច​ការ​យក​ពន្ធ​លើ​ការ​នាំ​ចេញ​លឿន​ចឹង​សោះ ចឹង​ខុស​ពី​ការ​ស្មាន​របស់​យើង​ ចឹង​ដូច​ប៉ះពាល់​លើ​ទំនុក​ចិត្ត​ទៅ​វិញ​ទៅ​មក​.... យើង​អរគុណ សហគមន៍​អឺរ៉ុប​ដែល​បាន​ជួយ​សេដ្ឋកិច្ច​យើង​កន្លង​មក​ តែ​ការ​ផ្លាស់ប្ដូរ​នេះ​ហាក់​លឿន​ពេក"។

ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​កម្ពុជា​ នៅ​ក្នុង​អំឡុង​ខែ​មករា ឆ្នាំ ២០១៩ មាន​បរិមាណ​ជិត ៦ពាន់​តោន​ថយ​ចុះ​ ៥% ដោយ​​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​គោលដៅ​ ៣៥​ប្រទេស បើ​ធៀប​នឹង​ខែ​មករា ឆ្នាំ ២០១៨ ដែល​ការ​នាំ​ចេញ​មាន​រហូត​ជាង ៦ពាន់​តោន​ឯណោះ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង។

សហគមន៍​អឺរ៉ុប​បាន​កំណត់​យក​ពន្ធ​អង្ករ​នាំ​ចេញ​ពី​កម្ពុជា​រយៈពេល​ ៣ឆ្នាំ ដោយ​ឆ្នាំ​ដំបូង​តម្រូវ​ឲ្យ​បង់​ពន្ធ​ ២០០ ដុល្លារ​ក្នុង​១តោន។ ឆ្នាំ​ទី ២ ចំនួន​១៧០​ដុល្លារ និង​ឆ្នាំ​ទី ៣ ចំនួន ១៤២ ដុល្លារ ក្នុង​១តោន។ អង្ករ​កម្ពុជា​ក៏​អាច​ប្រឈម​នឹង​បញ្ហា​មួយ​ទៀត​ទាក់ទង​នឹង​ទីផ្សារ​អឺរ៉ុប​ផង​ដែរ បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ត្រូវ​បាន​ព្យួរ​នោះ។​

ឯកឧត្ដម សុខ ពុទ្ធីវុធ បាន​មាន​ប្រសាសន៍​ថា ការ​កំណត់​យក​ពន្ធ​នេះ នឹង​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ធ្លាក់​ចុះ និង ប៉ះពាល់​ដល់​តម្លៃ​អង្ករ​កម្ពុជា​ផង​ដែរ។ លោក​សង្កត់​ធ្ងន់​ថា ការ​សម្រេច​របស់​គណៈ​កម្មការ​អឺរ៉ុប​នេះ ហាក់​បីដូច​ជា​ឆាប់​រហ័ស​បន្តិច​សម្រាប់​កម្ពុជា​​ក្នុង​ការ​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ។

យ៉ាង​ណា​ក៏​ដោយ​ ឯក​ឧត្ដម​បាន​លើក​ឡើង​ថា ភាគី​កម្ពុជា​កំពុង​ធ្វើ​កិច្ច​ការ​ជាមួយ​សហគមន៍​អឺរ៉ុប​ និង​មាន​ការ​ត្រួត​ពិនិត្យ​លើ​ផ្លូវ​ច្បាប់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ថា​ តើ​ការ​ធ្វើ​នេះ​ត្រឹមត្រូវ​តាម​ច្បាប់​ដែរ​ឬ​ទេ? ហើយ​មួយ​ទៀត​កម្ពុជា​ក៏​នៅ​តែ​បន្ត​បង្កើន​ទំនាក់ទំនង​ជាមួយ​សហគមន៍​អឺរ៉ុប​ឡើង​វិញ។ ឯ​បញ្ហា​ផ្ទៃ​ក្នុង​ ខាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កំពុង​ជំរុញ​ការ​ផលិត​អង្ករ​កម្ពុជា​ឲ្យ​មាន​គុណភាព ដោយ​ថា នៅ​ពេល​អង្ករ​មាន​គុណភាព តម្លៃ​ថ្លៃ​បន្តិច​ ក៏​នៅ​តែ​មាន​ទីផ្សារ​ចង់​បាន​ដែរ៕

អត្ថបទពេញនិយម