របស់ចាស់មិនប្រាកដថាអន់! បើចេះក្បាច់ទាំងនេះ អាចថតល្អជាងរបស់ថ្មីផង
- 2019-04-01 04:39:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់ចាស់មិនប្រាកដថាអន់! បើចេះក្បាច់ទាំងនេះ អាចថតល្អជាងរបស់ថ្មីផង
ចន្លោះមិនឃើញ
របស់ថ្មីៗ ទេសភាពស្អាតៗ មនុស្សស្រីស្រស់ៗ តែងតែជាភាពទាក់ទាញរបស់អ្នកថតរូប តែតាមពិតទៅរឿងនេះមិនប្រាកដគ្រប់ពេលនោះទេ ព្រោះរបស់ទុកចោលជុំវិញខ្លួនអ្នក ឬវត្ថុចាស់ៗក៏អាចបង្កើតជារូបភាពទាក់ទាញមួយសន្លឹកបានដែរ។
តែអ្វីដែលសំខាន់នោះសួរថា ធ្វើបានដូចម្ដេច?
ទី១៖ មើលឲ្យជិត
របស់ចាស់ដែលទុកចោល បើគ្រាន់តែមើលមួយក្លេតច្បាស់ជាគ្មានអ្វីគួរឲ្យទាក់ទាញ ហើយថែមទាំងកខ្វក់ទៀតផង។ អ៊ីចឹងត្រូវបំភ្លេចថាវាកខ្វក់សិន រួចមើលឲ្យគ្រប់ជ្រុងជ្រោយ អ្នកនឹងអាចរកឃើញមុំដ៏ទាក់ទាញមួយសម្រាប់រូបថតរបស់អ្នក។ កាន់តែឆាប់ អ្នកក៏អាចសាកល្បងថតតែរបស់ចាស់ៗសុទ្ធពេញ ១សប្ដាហ៍ អ្នកនឹងចាប់ផ្ដើមឃើញពីតម្លៃ។
ទី២៖ ប្ដូរទីតាំង
ពេលខ្លះនៅពេលដែលអ្នកឃើញវាជារៀងរាល់ថ្ងៃ ប្រាកដជាមិនអាចឃើញពីភាពល្អ ឬប្លែករបស់វត្ថុមួយនោះទេ ដូច្នេះទៅមើលកន្លែងផ្សេងម្ដង ដូចជាស្វែងរកអគារចាស់ៗ ឡានចាស់ ឬវត្ថុផ្សេងៗ អ្នកនឹងមានអារម្មណ៍ប្លែកពីកន្លែងដែលឃើញរាល់ថ្ងៃ បើទោះជាវាស្រដៀងគ្នាក៏ដោយ។
ទី៣៖ ថតពីជ្រុងដែលល្អបំផុត
បើរកឃើញថាផ្នែកណានៃវត្ថុដែលអ្នកចង់ថតទាក់ទាញគ្រប់គ្រាន់ហើយនោះ ជ្រុងនៃការថតក៏ត្រូវតែល្អដូចគ្នា អាចពីក្រោម ពីលើជាដើម។ មិនមែនជារឿងងាយស្រួលទេដែលត្រូវដឹងថាចាប់ប្លង់ពីខាងណា តែបើអនុវត្តឲ្យច្រើន អ្នកនឹងចាប់ផ្ដើមយល់ដោយខ្លួនឯង។
ទី៤៖ ភាគល្អិតដែលទាក់ទាញ
របកថ្នាំ ប្រេះ ស្រាំ បាក់ បែក សុទ្ធតែជាកន្លែងដែលទាក់ទាញ ហើយពេលខ្លះវាក៏អាចចេញជារូបរាងអ្វីមួយបន្ថែមពីលើរបស់ចាស់ទាំងនោះ ដែលនេះសុទ្ធតែអាចឲ្យអ្នកប្រើភាពច្នៃប្រឌិតបន្ថែមលើរូបមួយសន្លឹកនោះ។
ទី៥៖ Edit
ជៀសមិនផុតទេដែលអ្នកត្រូវកែរូបបន្តិចបន្តួចដើម្បីភាពទាក់ទាញ។ ឧទាហរណ៍ថា ប្លង់ទាក់ទាញ រូបក៏ទាក់ទាញ តែអ្វីដែលមិនល្អគឺពណ៌នៅលើវត្ថុ ដែលមិនសូវស្រឡះ ឬទាក់ភ្នែកសោះ។ ចំណុចនេះអ្នកអាចកែពណ៌បន្ថែម ឬក៏អាចប្រែទៅជាពណ៌សខ្មៅក៏ថាបាន៕