បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បើ​បាន​ឆ្លៀត​ទៅ​វត្ត មក​​អាន​បម្រាម ​៤​ចំណុច​ ទៅ​វត្ត​ឲ្យ​បាន​សមសួន​ជា​កូន​ខ្មែរ

  • 2019-04-12 04:15:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​ចូល​ឆ្នាំ​ ៣ថ្ងៃ ក្រៅ​ពី​ជួបជុំ​សាច់ញាតិ​ បងប្អូន​ មិត្ត​ភក្ដិ​ សប្បាយ​រីករាយ​ មាន​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ និង​ការ​ដើរ​កម្សាន្ត​ផ្សេង​ៗ​នៅ​តាម​ស្រុក​ភូមិ ប៉ុន្តែ​ប្រជាជន​ខ្មែរ​ក៏​មិន​ភ្លេច​ទៅ​វត្ត។ ដើម្បី​ទៅ​វត្ត​ឲ្យ​សមសួន​តាម​ទំនៀមទម្លាប់​ កុំ​ឲ្យ​ខុស កុំ​ឲ្យ​ឆ្គង ថ្ងៃ​នេះ​ Sabay ចង់​ណែនាំ​ប្រិយ​មិត្ត​រៀប​ចំ​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​មុន​ទៅ​វត្ត ដូច​មាន​ការ​រៀបរាប់​ខាង​ក្រោម​នេះ៖

១. សំលៀក​បំពាក់​ទៅ​វត្ត៖ មិន​ថា​ប្រុស​ មិន​ថា​ស្រី មាន​របៀប​រៀប​ចំ​ខ្លួន​ប្រាណ​ទៅ​វត្ត​ប្រកប​ដោយ​ដំណើរ​សង្រួម​តាំង​ពី​ឫកពា ព្រម​ទាំង​សំលៀក​​បំពាក់​ទៀត​ផង ឲ្យ​ល្មម​សម​ កុំ​ប្រើ​ពណ៌​ឲ្យ​ឆើត​ពេក​។ សំពត់​អាវ​ដែល​ស្លៀក​ពាក់​ទៅ​វត្ត​ក៏​គប្បី​បិទបាំង រូប​កាយ​ឲ្យ​បាន​គត់​មត់​ល្អ។ សម្រាប់​ស្ត្រី​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ស្លៀក​ពាក់​ខើច​ពេក​ ខ្លី​ពេក​ ឬ​ចំហ​មុខ​ក្រោយ​ឲ្យ​លេច​ឃើញ​ទី ដែល​បង្កើត​ឡើង​នូវ​តម្រេក​ដល់​បុរស។ ស្ត្រី​ទាំង​ឡាយ​គួរ​គប្បី​ប្រើ​ពណ៌​យ៉ាង​ខ្ចី​យ៉ាង​ស្រគាំ ស ឬ​ខ្មៅ អាវ​វៀល​ក ឲ្យ​តូច​ល្មម​មាន​ដៃ​វែង​ ឬ​ខ្លី​ល្មម ហើយ​ត្រូវ​ដណ្ដប់​ក្រមា​ទៀត​ ទើប​សមរម្យ​ជា​អ្នក​ចូល​វត្ត (បើ​ពាក់​អាវ​ស សម​ជាង​គេ​បំផុត)។

  • ការ​ស្លៀក​ពាក់​ស្រ្តី​ពី​ដើម​ទៅ​វត្ត​ គឺ​ស្រ្តី​គេ​ធ្លាប់​ស្លៀក​សំពត់​ចងក្បិន​ សំពត់​សំឡុយ​ ឬ​ខៀន ពាក់​អាវ​បំពង់​ខ្លី ឬ​អាវ​បំពង់​វែង តែ​គេ​តែង​មាន​ក្រមា​ដណ្ដប់​បិទ​ទ្រូង​ទៀត​នោះ ជា​ការ​ចាំ​បាច់​ លើក​លែង​តែ​ស្ត្រី​ព្រហ្មចារី​ចេញ គេ​ឥត​រិះគន់​ទេ។ ដល់​មក​សតវត្ស​នេះ​វប្បធម៌​អឺរ៉ុប​ចូល​មក សំលៀក​បំពាក់​បណ្ដា​ជន​ផង​ទាំង​ពួង​ក៏​ចំរើន​ទៅ​តាម​បែប​ផែន​នោះ​ដែរ​ ព្រម​ទាំង​ការ​រចនា​ផ្សេងៗ​ទៀត​ក៏​ល្អ លើស​លុប​ជាង​ពី សម័យ​បុរាណ​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់ ហើយ​ប្លែក​ៗ​គ្នា​ផង។

  • ឯ​ការ​ស្លៀក​ពាក់​របស់​បុរស​កាល​ពី​បុរាណ​វិញ គឺ​បុរស​គេ​ធ្លាប់​ស្លៀក​សំពត់​ចង​ក្បិន ខោ​ចិន​ ពាក់​អាវកុត ឬ​អាវ​ចិន​ប៉ុណ្ណេះ​ល្មម​ហើយ យើង​មិន​ចាំ​បាច់​ក្រវាត់​ក្រមា​ពី​លើ​អាវ​ទៀត​ទេ។ តែ​បើ​រៀប​ចំ​ខ្លួន​ប្រាណ​តាម​ទំនើប​ថ្មី​ក៏​បាន​ កុំ​តែ​ពាក់​ស្បែង​ជើង​ឡើង​កុដិ​លោក ឡើង​ព្រះ​វិហារ ឬ​ព្រះ​ចេតិយ ជាដើម។

២. ការ​ពាក់​ស្បែង​ជើង៖ ការ​ពាក់​ស្បែក​ជើង​សម្រាប់​ការ​ពារ​បាត​ជើង​កុំ​ឲ្យ​ប៉ះ​ទង្គិច​ ឬ​មុត​ និង​ការពារ​ក្ដៅ​ត្រជាក់​ផង។ ប៉ុន្ដែ​ខាង​ គារវកិច្ច របស់​គ្រហស្ថ​ប៉ែក​ខាង​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​វិញ​ ស្បែក​ជើង​ពាក់​ចូល​វត្ត​មាន​ការ​ទាស់​ខុស​ជាច្រើន​ប្រការ៖ ព្រះ​សង្ឃ​ដែល​គ្មាន​ពាក់​ស្បែង​ជើង​ មិន​ត្រូវ​និយាយ​ស្ដី​នឹង​គ្រហស្ថ​ ដែល​ពាក់​ស្បែក​ជើង​ទេ។ បើ​ពាក់​ដូច​គ្នា​មិន​ជា​ការ​ទាស់​ខុសទេ។

គ្រហស្ថ​មិន​ត្រូវ​ពាក់​ស្បែក​ជើង​ឡើង​កុដិ​លោក​សង្ឃ ឬ​ឡើង​ព្រះ​វិហារ​ ព្រះ​ចេតិយ​ទេ។ ត្រូវ​ដោះ​ទុក​នៅ​កាំ​ជណ្ដើរ​ខាង​ក្រោម​ទើប​រួច​ទោស​កំហុស​ក្នុង​ គារវកិច្ច។

៣. ការ​ពាក់​មួក​ និង​ឆ័ត្រ៖ នៅ​ពេល​ទៅ​វត្ត​ មិន​ត្រូវ​ពាក់​មួក​ ឬ​បាំង​ឆ័ត្រ​ដើរ​កាត់​វត្ត​ឡើយ​ សូម្បី​តែ​ដើរ​កាត់​មុខ​វត្ត​ ក៏​ត្រូវ​តែ​ដោះ​មួក​ពី​លើ​ក្បាល​ចេញ ឬ​បិទ​ឆ័ត្រ​ដើរ​ឲ្យ​ផុត​ពី​វត្ត​ទៅ​សិន​ ចាំ​ពាក់​-បាំង​តទៅ​ទៀត។ អ្នក​កាន់​ភារវកិច្ច​យ៉ាង​មាំទាំ គេ​តែង​លើក​ដៃ​ថ្វាយ​បង្គំ​ព្រះ​ថែម​ទៀត​ផង​ កាល​ណា​គេ​ដើរ​ទៅ​ដល់​មុខ​ព្រះ​វិហារ។ តែ​ប្រសិន​បើ​ជា​ដើរ​ទៅ​ប្រទះ​នឹង​ភ្លៀង​បង្អុរ​មក​នោះ​គប្បី​បាំង​ឆ័ត្រ ទៅ​ចុះ ឯ​មួក​ហាម​ដាច់​ខាត​មិន​ត្រូវ​ពាក់​ដើរ​ចូល​ទៅ​ក្នុង​វត្ត ឬ​កាត់​មុខ​វត្ត​ឲ្យ​សោះ​មិន​ថា​ពេល​ណា​​ជា​ពេល​ណា​ឡើយ។ មួយ​ទៀត​ ការ​ទទូរ​សំពត់​ ឬ​ជួត​ក្បាល​ក៏​ត្រូវ​មាន​កិច្ច​គារវៈ​វត្ត​ដូច​គ្នា​នឹង​ពាក់​មួក​ដែរ។

រូបតំណាង

៤. គ្រឿង​អលង្ការ និង​គ្រឿង​ក្រអូប៖ ស្រីៗ​ស្រឡាញ់​សំលៀក​បំពាក់​ ស្រឡាញ់​គ្រឿង​អលង្ការ​ និង​គ្រឿង​ក្រអូប​ជា​ទី​បំផុត ប៉ុន្តែ​វេលា​ទៅ​វត្ត​គួរ​គប្បី​កុំ​តែង​ខ្លួន​ឲ្យ​សួស​មាឌ​ពេក។

  • គ្រឿង​អលង្ការ ការ​រៀប​ចំ​ខ្លួន​ប្រាណ​ទៅ​វត្ត ហើយ​ប្រដាប់​ទៅ​ដោយ​គ្រឿង​អលង្ការ​ និង​គ្រឿង​ក្រអូប​នោះ​ មិនមែន​ឃាត់​ហាម​ទេ តែ​ត្រូវ​ពាក់​គ្រឿង​មាស​ពេជ្រ​ឲ្យ​ល្មម​ កុំ​ឲ្យ​ច្រើន​ពេក​ ព្រោះ​ការ​ធ្លាប់​ពាក់​ទៅ​ហើយ ក៏​ពាក់​ខ្លះ​ទៅ​ចុះ ដោយ​មិន​ធ្លាប់​ខ្លួន​ទទេ។

  • គ្រឿង​ទឹក​អប់៖ ទឹក​អប់​មិន​ត្រូវ​លាប​ច្រើន​ពេក​ឲ្យ​ទាល់​តែ​ផ្អើល​គេ​ឯង​ទេ​ គឺ​ថា​ក្រអូប​អស់​មួយ​កុដិ​ ឬ​មួយ​សាលា​នោះ។ ម្សៅ​ទៀត​ក៏​កុំ​ប្រផូរ​ពេក​ បបូរ​មាត់​ក៏​កុំ​ឲ្យ​ក្រហម​ពេក​ដែរ។ មូល​សេចក្ដី​ទៅ​ថា​មិន​ត្រូវ​តែង​ខ្លួន​ឲ្យ​ដូច​ដើរ​មើល​បុណ្យ​ង៉ាន ឬ​ដើរ​លេង​កម្សាន្ត ធម្មតា​នោះ​ទេ ចូល​វត្ត​ត្រូវ​តែ​កាន់​កិរិយា​សុភាព​ជា​ដរាប។

ដក​ស្រង់​ពី​សៀវភៅ៖ ទំនៀមទម្លាប់​ និង​ប្រពៃណី​ខ្មែរ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី