ចូល​ឆ្នាំ​ហើយ តាម​ច្រក​តូច​ៗ តើ​មាន​អ្នក​ប្រមូល​សំរាម​ហើយ​ឬ​នៅ?

  • 2019-04-18 03:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៨ ខែ​មេសា ២០១៩ នេះ ផ្លូវ​តូច​ៗ​មួយ​ចំនួន​នៅ​មិនទាន់​ឃើញ​មាន​អ្នក​ប្រមូល​សំរាម​នៅ​ឡើយ ក្រោយ​ពី​​មាន​ការ​ជូន​ដំណឹង​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ថា នៅ​អំឡុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ ការ​ផ្ដល់​សេវា​ប្រមូល​សំរាម​មិន​បាន​ពេញ​លេញ​នោះ​ទេ ចាប់​ពី​ថ្ងៃ​ទី​១៤ រហូត​ដល់ ១៧ មេសា។

ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ថា ការ​ប្រមូល​សំរាម​នៅ​ផ្លូវ​តូចៗ ចាប់​ពី​ថ្ងៃទី ១១-១៨ មេសា​នេះ នៅ​តែ​មិន​ទាន់​មាន​បុគ្គលិក​ក្រុម​ហ៊ុន ស៊ិន​ទ្រី​ ឬ​ផ្នែក​ណា​មួយ​ចុះ​​មក​ប្រមូល​សំរាម​នៅ​ឡើយ ដែល​នៅ​មុខ​ផ្ទះ​មួយ​ចំនួន​សំរាម​គរ​ និង​មាន​ក្លិន​ផង​ដែរ។

នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​មក​ដល់ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​អំពី​ការ​ផ្ដល់​សេវា​សម្អាត និង​ដឹក​ជញ្ជូន​សំរាម នៅ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​មិន​បាន​ពេញ​លេញ​ឡើយ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី ១៤-១៧ មេសា។ សេចក្ដី​ជូន​ដំណឹង​ដដែល​ក៏​បាន​សុំ​ការ​យោគយល់​ដល់​ម្ចាស់​ផ្ទះ កុំ​បញ្ចេញ​សំរាម​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​នៅ​អំឡុង​ពេល​ផ្ដល់​សេវា​មិន​បាន​ពេញ​លេញ​ ដោយ​ស្នើ​ឲ្យ​រក្សា​សំរាម​នៅ​ទីតាំង​រៀង​ៗ​ខ្លួន​បណ្ដោះ​អាសន្ន។

អាន​សេចក្ដី​ជូន​ដំណឹង​ទាំងស្រុង​របស់​ រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ជូន​ដំណឹង​មុន​ពេល​ចូល​ឆ្នាំ

ប្រសិន​ដូច​ការ​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ខាង​លើ គឺ​នៅ​ថ្ងៃ​នេះ ការ​ប្រមូល​សំរាម​ដំណើរ​ការ​ធម្មតា ប៉ុន្តែ​តំបន់​មួយ​ចំនួន​ឃើញ​ថា នៅ​មិនទាន់​មាន​អ្នក​ប្រមូល​នៅ​ឡើយ​ ហើយ​ប្រសិន​បើ​ការ​អូស​បន្លាយ​នៃ​ការ​ប្រមូល​សំរាម​ទៀត តើ​សំរាម​ដែល​ដាក់​នៅ​តាម​មុខ​ផ្ទះ តាម​ច្រក​តូចៗ នឹង​កាន់តែ​ច្រើន​ឡើង ហើយ​ក្លិន​ក៏​កាន់តែ​ស្អុយ​ផង​ដែរ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី