ជំនាន់កំព្រា

  • 2019-06-04 03:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

ខ្ញុំចាំបានថា កាលនោះជារសៀលថ្ងៃអាទិត្យមួយ ហើយគ្រួសារខ្ញុំទាំងមូលកំពុងជុំគ្នា អង្គុយមើលទូរទស្សន៍ក្នុងផ្ទះ។ កូនៗ បីនាក់កំពុងតឹងសសៃកឈ្លោះប្រកែកគ្នា ទាំងកុហកគ្នាផង ទាំងព្រមានគ្នាផង ដើម្បីដណ្តើមតេឡេទូរទស្សន៍មកកាន់ក្នុងដៃរៀងៗខ្លួន។ ធម្មតា យើងតែងសាមគ្គីគ្នា ដើម្បីច្បាំងជាមួយក្រុមមនុស្សចាស់ ដើម្បីឲ្យគាត់ដាក់ប៉ុស្តិ៍តុក្កតា (Cartoon Network) ដូចដែលគេនិយាយអញ្ចឹងថា ចង្កឹះមួយបាច់កាច់មិនបាក់នោះអី។ តែម្តងនេះ ខ្ញុំបានចេញពីក្រុម ហើយប្រជែងជាមួយបងប្អូនខ្លួនឯង។

នោះក៏ដោយសារខ្ញុំទើបចាប់ផ្តើមមើលរឿង តន្រ្តីអនុវិទ្យាល័យ (High School Musical) ដែលគេចាក់នៅប៉ុស្តិ៍ផ្សេង ហើយបានជម្រុញឲ្យខ្ញុំក្បត់ក្រុមចាស់របស់ខ្ញុំ ដណ្តើមតេឡេដើម្បីតាមដានរឿងថ្មីនេះ។ ពេលនោះ ចិត្តពុះកញ្ជ្រោលចង់ដឹងថាតួទាំងពីរនឹងជួបគ្នាឬអត់… កំពុងតែឈ្នះ កំពុងតែមើលរឿងសុខៗ ស្រាប់តែ​ប៉ា​ មកកាត់ ដកយកតេឡេហើយនិយាយថា៖ «ចេង មិនគួរមើលរឿងហ្នឹងទេ។ វាមិនសម…» គាត់បន្តនិយាយដោយមិនប្រែទឹកមុខ៖ «មានតែកូនឯងទេ ដែលស្តាប់យល់។»

កាលនោះនៅក្មេង ហើយដូចដឹងស្រាប់ហើយ ពេលយើងនៅក្មេង យើងតែងគិតថាប៉ាម៉ាក់យើងគ្មានគុណវិបត្តិនោះទេ។ ពួកគាត់ដូចជាព្រះពីរអង្ គដែលចេះដឹងគ្រប់យ៉ាងនៅក្នុងកែវភ្នែកដ៏ក្មេងខ្ចីរបស់ខ្ញុំ។ កាលនោះ ខ្ញុំឆ្ងល់ ហាក់ដូចជាមិនយល់ទេ ពេលដែលគាត់ថាមានតែខ្ញុំស្តាប់យល់។ តែដល់ធំទៅៗ ទើបដឹងថា គាត់មិនត្រឹមតែមិនអាចស្តាប់យល់ ថាហេតុអ្វីបានជាតួប្រុសក្នុងរឿង តន្រ្តីអនុវិទ្យាល័យ (High School Musical) ក្តោបក្បាលតក់ស្លុតនោះទេ គាត់ថែមទាំងមិនយល់ពីទម្រង់កោសិកា ក៏មិនដឹងពីកំណាព្យជំនាន់សតវត្សរ៍ទី ១៩ របស់ខ្មែរផងដែរ។

កាន់តែធំទៅ កាន់តែបែកពីគាត់ទៅ។ ព្រះពីរអង្គនៅក្នុងកែវភ្នែកក្មេងខ្ចីរបស់ខ្ញុំ ប្រែកាយទៅជាព្រះដែលសឹងតែមិនស្គាល់អ្វីសោះក្នុងកែវភ្នែកជំទង់របស់ខ្ញុំ។

រសាត់ពីពួកគាត់បានកាន់តែឆ្ងាយ ខ្ញុំកាន់តែមានអារម្មណ៍ឯកោទៅៗ។

រូបភាពពី៖ មេខ្ស (Maixhn)

បើនិយាយពីរឿងផ្សេងៗ ប៉ាម៉ាក់របស់ខ្ញុំគាត់បានផ្គត់ផ្គត់ទាំងអស់។ គាត់បានឲ្យអាហារ ឲ្យផ្ទះនៅ ក៏ដូចជាការថែទាំពេលឈឺថ្កាត់ផងដែរ។ តែបើនិយាយពីរឿងទាក់ទងនឹងគំនិត និងវប្បធម៌វិញ… ខ្ញុំមានអារម្មណ៍ដូចកូនកំព្រា គេទុកចោលឲ្យដើររកស៊ីខ្លួនឯងនៅក្នុងពិភពនៃសៀវភៅ និងចំណេះដឹងអញ្ចឹង។ ដោយសារហេតុនេះហើយ ខ្ញុំត្រូវបង្កើតឪពុកឱ្យខ្លួនឯងពីកំណាព្យរបស់សន្ធរម៉ុក ហើយរឿងរបស់លោកសេកស្ពៀរ (Shakespeare) ច្រៀងបំពេរខ្ញុំឲ្យចូលដេកដូចសំលេងដ៏ស្រទន់របស់ម្តាយអញ្ចឹង។

ប្រាកដណាស់ ខ្ញុំជឿថា មានយុវវ័យជាច្រើនទៀតដែលមិនហ៊ាននិយាយពីគំនិតខ្លួនឯង ដោយសារខ្លាចចាស់ៗមិនស្តាប់ ឬស្តាប់មិនយល់។ តាមពិតទៅ ប្រទេសគេក៏មានបញ្ហានេះកើតឡើងដែរ កន្លែងណា សង្គមណា ពេលណាក៏តែងមានបញ្ហាដោយសារភាពខុសគ្នាពីជំនាន់មួយទៅមួយដែរ តែខ្ញុំជឿថាជំនាន់យើង និងជំនាន់ឪពុកម្តាយយើង ដូចជាមេឃ និងដីអញ្ចឹង។ ដោយសារតែនៅក្នុងជំនាន់ខ្មែរក្រហម ភាគច្រើន ប៉ាម៉ាក់យើងគាត់មិនគិតអ្វីក្រៅពីធ្វើយ៉ាងណាឲ្យរស់រានមានជីវិតនោះទេ។ តើមានប៉ុន្មាននាក់អានកំណាព្យដើម្បីលំហែចិត្តពេលគាត់នៅតូច? ហើយមានប៉ុន្មាននាក់ចេះអង់គ្លេស ហើយយល់ពេលយើងកំប្លែងលេងពីរឿងដែលនិយាយអង់គ្លេសនោះ? យើងអាចព្យាយាមបកស្រាយ តែមិនងាយស្រួលទេ ដូចយើងព្យាយាមបកស្រាយពីទ្រឹស្តីប៊ីកប៊ែង (Big Bang) ឲ្យម្តាយយើងដែលក្នុងមួយជីវិតគាត់ទាំងមូល គាត់អានមិនបានលើសពី ១០ ទំព័រសៀវភៅផង។

លោក អាន ចនផន បាននិយាយថា៖ «ដើម្បីព្យាបាលរាងកាយមនុស្ស យើងត្រូវការមន្ទីរពេទ្យ តែខ្ញុំគិតថា បើយើងស្តារសិល្បៈ គឺយើងស្តារអត្តសញ្ញាណ និងសេចក្តីថ្លៃថ្នូររបស់មនុស្សបានផងដែរ។» នេះហើយជាសម្តីរបស់បុរសម្នាក់ដែលធ្លាប់ឆ្លងកាត់ ហើយមើលឃើញការបំផ្លាញជីវិតមនុស្ស ក៏ដូចជាវប្បធម៌នៅជំនាន់ខ្មែរក្រហម។ តែពីសំណេះសំណល់នៃការបំផ្លិចបំផ្លាញនោះ ឪពុកម្តាយរបស់យើងគាត់បានខំប្រឹងរាវរកវត្ថុធាតុដើមដែលអាចប្រើការបាន យកមកបង្កើតប្រទេសខ្មែរឡើងវិញ ដែលមានផ្ទះ និងមានពេទ្យច្រើនកន្លែងដូចយើងឃើញសព្វថ្ងៃនេះ។

ពួកគាត់បានខំប្រឹងអស់ពីកម្លាំងកាយ និងចិត្តរបស់គាត់ហើយ។ ចុះពួកយើងវិញ ពួកជំនាន់ក្មេងកំព្រានេះអាចធ្វើអ្វីបាន? ខ្ញុំគិតថា យើងអាចមើលក្នុងផ្លូវអាក្រក់ ហើយទួញយំ និងតូចចិត្តនឹងវាសនាខ្លួនដែលកើតមកក្នុងប្រទេសបែកបាក់ នៅសល់តែផេះផង់ ហើយរអ៊ូថាមិនមាននរណាគេឲ្យឥដ្ឋ ឲ្យសុីម៉ង់ត៍យើងបង្កើតវប្បធម៌ខ្លួនឯង។ ឬក៏យើងអាចមើលក្នុងផ្លូវល្អ… អាចព្យាយាមរាវរកកម្ទេចកម្ទី ដែលម្តាយឪពុកយើងប្រើដើម្បីសង់មន្ទីរពេទ្យនោះ មកសង់ពេទ្យសម្រាប់ចិត្តយើងទាំងអស់គ្នាទៅវិញ។

  • អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

  • បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់Wapatoa.com !

អត្ថបទ៖ Sokcheng Seang

អត្ថបទថ្មី