ប្រវត្តិ​​ពិត​លោក​​ ជ័យ​ ថាវី គ្រូ​បង្រៀនល្បី​ឈ្មោះ​​នៅ​កម្ពុជា

  • 2019-06-21 04:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​ជ័យ​ ថាវី​​ ជា​សាលា​បង្រៀន​គួរ ត្រៀម​​​ប្រលង​​ឌីប្លូម​​ បាក់​ឌុប​ និង​​​ប្រលង​យក​​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេស​ដ៏ល្បី ជាយូរ​មកហើយ។ កេរ្តិ៍​ឈ្មោះ​​​ល្បី​រន្ទឺ ​​​​​បាន​នាំ​ឲ្យ​យុវជន​​​​​តាំង​ពី​រាជធានី ​រហូត​ដល់​ជន​​បទ​​ បាន​ស្គាល់លោក​គ្រូ ជ័យ ថាវី ដែ​ល​ជាអ្នក​បង្កើត​សាលា​នេះ​ឡើង​។​ តើ​លោក​គ្រូ ​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​ណា​ខ្លះ​ ​ទម្រាំ​ជោគជ័យ​ដូចថ្ងៃ​នេះ​?

លោក ​ជ័យ ថាវី កើត​នៅ​ថ្ងៃ២១​ ​ខែ​ឧសភា ឆ្នាំ​១៩៦២ នៅ​ភូមិស្បែក ឃុំ​កណ្ដោល​ជ្រំ ស្រុក​ពញាក្រែក ​​ខេត្ត​កំពង់ចាម (បច្ចុប្បន្ន​ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ)។ លោក​ជា​​កូន​ច្បង ​​ក្នុង​ចំណោម​បងប្អូន​​ ១០នាក់។ ឪពុក​របស់​លោក​​​ជា​វិស្វករ​គី​មី​នៃ​មន្ទីរ​ពិសោធន៍​ចម្ការ​កៅស៊ូ​ជប់ និង​ជា​ឱសថការី​ផ្នែក​ផលិត​ថ្នាំ​គ្រាប់​ ក្នុង​សម័យ​អាណានិគមនិយម​បារាំង។​ ចំណែក​ម្ដាយ​ ​ជា​មេផ្ទះ។

ប្រវត្តិ​សិក្សា និងការងារ៖

នៅ​ពេល​​ធំ​ដឹង​ក្ដី នា​​ឆ្នាំ​១៩៦៨ កុមារា​ជ័យ ថាវី ​ត្រូវ​បាន​ឪពុក​​បញ្ជូន​​ទៅ​រៀន​នៅ​សាលា​បឋម​សិក្សា​ម្រាម​ទាល ហៅ​ជប់ ។ នៅ​សម័យ​​នោះ​​គេ​រៀន​បញ្ច្រាស​មក​វិញ ​គឺ​ចាប់​​ពី​ថ្នាក់​ទី១២​ ចុះ​មក​ទី​១​​​។ លោក​រៀន​បាន​តែ ២ឆ្នាំ​ក៏​ឈប់​ទៅ​វិញ ព្រោះ​មាន​រដ្ឋ​ប្រហារ​​ ១៨​មីនា ឆ្នាំ​១៩៧០​ កើត​ឡើង។

នៅឆ្នាំ​១៩៧០​ ដដែល​នោះ លោក​បានឡើងមក​រាជធានី​ភ្នំពេញ​​ ដោយ​ស្នាក់​នៅ​ជា​មួយ​ម្ដាយ​ធំ ហើយ​​​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​​ចៅពញា​ហុក សង្កាត់​បឹង​កេង​កង១។ លោក​រៀន​បាន​ចប់​ថ្នាក់​ទី៧ ក៏ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដោយ​សារ​សង្គ្រាម​កាន់​​តែ​ធ្ងន់ធ្ងរ។ សម័យ​ប៉ុល​ពត​ចូល​មក​ដល់​ លោក​មិន​បាន​រៀន​ រហូត​ដល់​ឆ្នាំ​១៩៨១ ទើប​ឪពុក​របស់​លោក បញ្ជូន​ចូល​សាលាវិញ​​ គឺ​នៅ​សាលា​មធ្យមសិក្សា​​កម្រិត​២​សួង។ លោក​​រៀន​នៅ​​សួង​ ៣ឆ្នាំ ​កាល​នោះ​មិន​មាន​គ្រូ​ល្អ​ទេ ព្រោះ​គ្រូ​នៅ​សម័យ​នោះ​ ត្រូវ​បាន​ប៉ុលពត​សម្លាប់​ស្ទើរ​អស់​​ទៅ​ហើយ។ រដ្ឋាភិបាល​នៅ​សម័យ​នោះ​ អនុវត្ត​ផែនការ [អ្នក​ចេះ​ច្រើន​បង្រៀន​អ្នក​ចេះ​តិច]។

ឆ្នាំ​១៩៨៣​ លោក ជ័យ ថាវី ពោល​គឺ​អាយុ​ដល់ទៅ ២១ឆ្នាំ ទើប​លោក​បាន​​ប្រឡង​ជាប់​​ថ្នាក់​ឌីប្លូម។ ដោយសារ​លើស​អាយុ លោក​បាន​កែ​អាយុ ដើម្បី​បាន​ចូល​រៀន​​នៅ​សាលា​កម្រិត​៣​កំពង់ចាម។ នៅ​ឆ្នាំ​១៩៨៦​​ លោក​​បាន​ប្រលង​ជាប់​បាក់ឌុប។

ក្រោយ​ជាប់​បាក់ឌុប លោក​​បាន​ដាក់​ពាក្យ​ប្រលង​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​សុខាភិបាល ប៉ុន្តែ​លោកប្រលង​មិន​​ជាប់​នោះទេ។ ក្រោយ​​ប្រឡង​ធ្លាក់​នៅ​សាលា​នោះ ​ដោយ​សារ​គ្មាន​អ្នក​ធានា​ប្រវត្តិរូប (​សម័យ​នោះ​ ជា​សម័យ​​រដ្ឋកម្ពុជា ​​អ្នក​ធានា​ប្រវត្តិ​រូប​សំខាន់​​ណាស់) លោក​ក៏​​ប្រលង​​ចូល​ធ្វើ​ជា​គ្រូ​បង្រៀន​ផ្នែក​គីមី​វិទ្យា ហើយ​ត្រូវ​រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ​ ៥ឆ្នាំ​​ទៀត។ តាម​ពិត​ទៅ​ លោក​មិន​ចង់​ធ្វើ​​ជា​គ្រូ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​​លោក​​មិន​ធ្វើ​ ខ្លាច​គេ​ចាប់​ទៅ​ធ្វើ​ជា​ទាហាន ហើយ​ម្យ៉ាង​ទៀត​ គ្រូ​នៅ​សម័យ​នោះ​មិន​សូវ​មាន​ផង។

ឆ្នាំ​១៩៨៩​ ពោលគឺ​ក្រោយ​រៀន​មហាវិទ្យាល័យបាន ​៣ឆ្នាំ លោក​​ត្រូវ​ចេញ​មក​ធ្វើ​គ្រូ​​នៅ​សាកលវិទ្យាល័យ​តែ​ម្ដង ដោយ​សារ​ប្រទេស​​កំពុង​​ខ្វះ​គ្រូ​​បង្រៀន។ កាល​នោះ​​លោក​​មិនទាន់​មាន​បរិញ្ញាបត្រ​ទេ គឺ​​បង្រៀន​ផង​​ រៀន​​ខ្លួន​ឯង​ផង។ លោក​បង្រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផង មក​បង្រៀន​គួរ​នៅ​​បាក់​ទូក​ផង។ បច្ចុប្បន្ន លោក​ជា​​ប្រធាន​ដេប៉ាតេម៉ង់​គីមីវិទ្យា​នៃ​សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ។

ប្រវត្តិ​កកើត​នៃ​សាលា​ជ័យថាវី៖

នៅ​ឆ្នាំ​១៩៨៩​ ជា​ឆ្នាំ​​ដែល​លោក​ជ័យ ថាវី ចេញ​បង្រៀន​ដំបូង​​ កាល​នោះ​​លោក​បើក​​​ថ្នាក់​បង្រៀន​នៅ​ផ្ទះល្វែង​។ សាលា​ជ័យ​ថាវី ​ត្រូវ​បាន​​បង្កើត​ឡើង​ នៅ​ឆ្នាំ​១៩៩៣ ​កាល​នោះ​​មាន​តែ​ ២ ទៅ​៣​ថ្នាក់​​ប៉ុណ្ណោះ។ ​នៅ​ពេល​ល្បី​កាន់តែ​​ខ្លាំង លោក​​ក៏​បាន​ពង្រីក​បន្ថែម​ទៀត​ ហើយ​​​គ្រូៗ​ទាំងអស់​ដែល​បាន​បង្រៀន​ជា​មួយ​គ្នា​​ បាន​មូលមតិ​គ្នា​​ដាក់​​ឈ្មោះ​ថា សាលា​ជ័យ ថាវី​នេះ​ទៅ។

លោក ជ័យ ថាវី បាន​ប្រាប់​ក្នុង​បទសម្ភាសន៍​កាលពីឆ្នាំ២០១៤ ថា មូល​ហេតុ​ដែល​លោក​​បើក​សាលា​បង្រៀន​គួរ​នេះ​ឡើង​ គឺ​ដោយ​សា​​​​តែ​​លោក​ចង់​​ពង្រីក​ចំណេះ​​ដឹង​ ហើយ​ម្យ៉ាង​ទៀត​វា​ជា​អាជីព​ក្នុង​​នាម​ជា​គ្រូ​​បង្រៀន​ម្នាក់​របស់​លោក។

លោក​បញ្ជាក់ថា សាលា​ជ័យថាវី ​ចាប់​ផ្ដើម​ល្បី​ខ្លាំង​នៅ​ឆ្នាំ​១៩៩៧។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​សាលា​នេះ​​ល្បី​ខ្លាំង​ ព្រោះ​កម្មវិធី​អប់រំ​ នៅ​​កាល​នោះ​វា​ខុស​ពី​បច្ចុប្បន្ន។ អ្នក​ដែល​ជាប់​បាក់​ឌុប​ ចង់​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​ត្រូវ​តែ​ប្រលង​ចូល។ អីចឹង​​ហើយ​ សិស្ស​ទាំង​នោះ​ត្រូវ​តែ​មក​រៀន​វិញ្ញាសា​ត្រៀម​ដើម្បី​ប្រលង​ ចូល​មហាវិទ្យាល័យ។

អ្វី​ជា​ភាព​ជោគ​ជ័យ​របស់​លោក?

លោក ជ័យ ថាវី បាន​បញ្ជាក់ថា​ តាម​រយៈ​ការ​បង្រៀន និង​ប្រាក់​ដែល​បាន​មក​ពី​ការ​បង្រៀន ​លោក​​អាច​ដោះ​ស្រាយ​ជីវភាពរស់នៅ​ក្នុង​គ្រួសារ​​​បាន​​ដោយ​ស្រួល។ ភាព​ជោគជ័យ​មួយ​វិញ​ទៀត គឺសិស្ស​ជា​ច្រើន​​បាន​ស្គាល់​​លោក​ ហើយ​គ្រូ​គីមីវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រហែល​ជា​៩០% ជា​​កូន​សិស្ស​របស់​លោក។

ជាចុងក្រោយ លោក​គ្រូ ជ័យ ថាវី បាន​ផ្ដាំ​ដល់​យុវវ័យ​ ដែល​ចង់​ក្លាយ​ខ្លួន​ជា​សាស្ត្រាចារ្យ​ល្បី​ គឺ​ត្រូវ​ខិតខំ​ស្រាវជ្រាវ​បន្ថែម​​ជា​ដាច់​ខាត មិន​ត្រូវ​នៅ​ស្ងៀម​នោះ​ទេ។ ការ​បង្រៀន​ទៀតសោត​ គឺ​ត្រូវ​មាន​គរុកោសល្យ​ជា​ចាំបាច់៕

អត្ថបទ៖ សីហា