សំណាងណាស់ កុមារកម្ពុជា ២៤នាក់ ទៅហាត់ជាមួយគ្រូ Spurs ដោយមិនអស់លុយនៅភូកេត
- 2019-06-24 08:29:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំណាងណាស់ កុមារកម្ពុជា ២៤នាក់ ទៅហាត់ជាមួយគ្រូ Spurs ដោយមិនអស់លុយនៅភូកេត
ចន្លោះមិនឃើញ
កុមារកម្ពុជាចំនួន ២៤នាក់ បានទទួលអាហារូបករណ៍ពី AIA ដើម្បីទៅហ្វឹកហាត់ជាមួយគ្រូបង្វឹករបស់ក្រុមលំដាប់អន្តរជាតិ Spurs នៅឯប្រទេសថៃ រយៈពេល៦ថ្ងៃ បន្ថែមបទពិសោធបន្តការអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេឲ្យក្លាយជាកីឡាករឆ្នើមនៅពេលខាងមុខ។
លោក Anton Blackwood ដែលជាគ្រូបង្វឹកមកពីក្រុម Spurs បានឲ្យដឹងថាពិតជាមានការពិបាកក្នុងការវាយតម្លៃ និងជ្រើសរើសកុមារដែលយកទៅហ្វឹកហាត់នៅប្រទេសថៃ ព្រោះអាហារូបករណ៍នេះគឺមានកំណត់ ខណៈកុមារមានទេពកោសល្យប្រហាក់ប្រហែលគ្នា។ គ្រូមកពីក្រុមខ្លាំងនៅអង់គ្លេសខាងលើនេះ លើកឡើងទៀតថា ពួកលោកមានទំនុកចិត្តក្នុងការជ្រើសរើសពួកគេទាំង២៤នាក់នេះ។លោកជឿជាក់ថា អ្នកទាំងអស់នោះពិតជាមានសក្ដានុពលពិតប្រាកដមែន ដែលអាចឲ្យបង្ហាត់ក៏ដូចអភិវឌ្ឍន៍បានយ៉ាងពេញលេញនៅឯប្រទេសថៃខែក្រោយនេះ។
ការហ្វឹកហាត់រយៈពេល៦ថ្ងៃនេះ គឺផ្ដោតលើអភិវឌ្ឍន៍ជំនាញបាល់ទាត់ សុខភាពរាងកាយរបស់កុមារតាមរយៈការហ្វឹកហាត់ និងការប្រកួតផងដែរ។ បន្ថែមពីនេះអាហារូបករណ៍នេះ នឹងមានការអភិវឌ្ឍបុគ្គលិកលក្ខណៈរួមជាមួយនិងមេរៀន ការរៀបចំរបបអាហារូបត្ថម្ភល្អបំផុតសម្រាប់ការលូតលាស់របស់កុមារ។
ចំណែកលោកស្រី Pauline Teoh តំណាង AIA Cambodia ឲ្យដឹងថា មានសេចក្ដីរំភើបរីករាយណាស់តាមរយៈការចាប់ដៃគូជាមួយ និងក្រុមបាល់ទាត់ឈានមុខគេដូចជា Tottenham Hotspur ហើយអាចផ្ដល់ឲ្យកុមារកម្ពុជានូវឱកាសហ្វឹកហាត់បាល់ទាត់លំដាប់ពិភពលោក។ តំណាងម្ចាស់អាហារូបករណ៍រូបនេះ សង្ឃឹមថាគំនិតផ្ដួចផ្ដើមនេះ នឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអនាគតនៃវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ស្របពេលនឹងការផ្សព្វផ្សាយសារដ៏សំខាន់របស់ AIA ដែលថា«ការធ្វើលំហាត់ប្រាណ ជាមូលដ្ឋានគ្រឹះនៃការរស់នៅប្រកបដោយសុខភាពល្អ»។
បញ្ជាក់ផងដែរថា កុមារដែលជាប់ទៅហ្វឹកហាត់នៅឯភូកេត ប្រទេសថៃទាំង២៤នាក់នេះ គឺរាប់រងការចំណាយទាំងស្រុងដោយ AIA Cambodia។ ការហ្វឹកហាត់ជាមួយគ្រូបង្វឹកក្រុម Spurs នេះធ្វើឡើងរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅរមណីយដ្ឋានសុខភាព និងពហុកីឡដ្ឋាន Thanyapura ប្រទេសថៃ៕
Alves ប្រកាសចេញពី PSG អាចនឹងមកអង់គ្លេសជាមួយ City ឬ United
អតីតគ្រូ Spurs ថាឆ្នាំក្រោយ Man City នឹងស្គាល់ជាតិពាន Champions League