Lexus RX300 ប៉ុង១ និងប៉ុង២ មួយណាពេញនិយមជិះនៅខ្មែរ

  • 2019-06-25 01:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​មួយ​ទឹក​ ជា​ទូទៅមាន​ការ​ប្រើ​ប្រាស់​ច្រើន​​ទាំង​លក្ខណៈ​គ្រួសារ និង​ការ​ប្រកប​រប​រ​ផ្សេងៗ។ ដូចជា​​ប្រភេទ Lexus ,Highlander, Camry, Prius ជា​ដើម ។

ងាក​មក​រថយន្ត​ប្រភេទ Lexus RX​300 ដែលប្រភេទ​ប៉ុង ១ មាន​​ការ​ប្រើ​ប្រាស់​ច្រើន​ជាង​ប៉ុង ២ និង​ហេតុ​ផល​ប៉ុង១ ពេញ​និយម​ជាង​ប៉ុង ២ សម្រាប់ទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន។

លោក សៅ រិទ្ធី ជា​អ្នក​​ជំនាញ​​ទិញ​និង​មើល​រថយន្ត​មួយ​ទឹក​ប្រាប់ Sabay ថា​ មូល​ហេតុ​ដែល Lexus RX300 ប៉ុង ១ មាន​អ្នក​ជិះ​ច្រើន​ជាង​ប៉ុង ២ ព្រោះ​នៅ​តាម​ការាស​ភាគច្រើន​នាំ​យក​រថយន្ត​ប្រភេទ​ប៉ុង ១ មក​លក់​ច្រើន​​ជាង​ប៉ុង ២ និង​នៅ​មាន​ស្ថាន​ភាព​ស្អាត​ងាយ​ស្រួល​លក់​ចេញ។

លោក​បាន​លើកយក​ហេតុផល​ចំនួន ២ ដែល​ Rx300 ប៉ុង ១ លក់​ថ្លៃជាង​ប៉ុង ២ នៅ​ខ្មែរ។

នេះ​មក​ពី​ទី​ផ្សារ​រថយន្ត​មួយ​ទឹក​នៅ​សហរដ្ឋអាមេរិក មាន​ស្ថានភាព​ប្រើ​ប្រាស់​ដូច​ស្រុក​យើងច្រើន​ដូច​ជា​ប៉ុង ១​ ដែល​ប្រើ​នៅ​ស្ថានភាព​ផ្លូវ​ធម្មតា ទី​ក្រុង​ប្រជុំ​ជន។ ចំណែក​​ប៉ុង ២ ប្រើ​នៅ​តំបន់​មាន​ព្រិល តំបន់​ទឹក​លិច​ក្បែរ​​មាត់​សមុទ្រ និង​ផ្លូវ​ប្រភេទ​ពិបាកៗ​ ដែល​ធ្វើ​ឲ្យ​រថយន្ត​ប្រភេទ​ប៉ុង២​​នេះ​មិន​សូវ​ស្អាត ឆាប់​ច្រេះ ខូច​គ្រឿង​ក្រោម ជាហេតុ​ពុំ​សូវ​មាន​គេ​នាំ​ចូល​មក​លក់​​។

អ្នក​ប្រើ​ប្រាស់​តែង​តែ​ចង់​បាន​រថយន្ត​ប៉ុង ១ ជាង​ប៉ុង ២ ព្រោះ​គិត​ថា​ស៊ី​សាំង​តិច ជាង​រថយន្ត​ប៉ុង ២ ណាមួយ​ពុំ​សូវ​ប្រើ​ប្រាស់​នៅ​លើ​ផ្លូវ​លំបាក​ច្រើន។ រថយន្ត​ប្រភេទ​ប៉ុង ១​ មាន​ទី​ផ្សារ​ជាង ងាយ​ស្រួល​លក់​ចេញ ឬ​ចង​ប្ដូរ​ស៊េរី​ថ្មី​ដោយ​មិន​សូវ​ខាត​ច្រើន។

លោក​ប្រាប់ថា រថយន្ត Lexus RX300 ប៉ុង ១ មាន​តម្លៃ​ថ្លៃ​ជាង​ប៉ុង ២​ ប្រមាណ​ជា ១ពាន់​ដុល្លារ​ សម្រាប់​ទីផ្សារ​​ស្រុកយើង​។ យ៉ាង​ណា លោក​ណែនាំ​​ឲ្យ​អ្នក​ប្រើ​ប្រាស់​គួរ​ងាកមក​ចាប់​អារម្មណ៍​រថយន្ត​ប្រភេទ​ប៉ុង ២ ចាប់​ពី​ស៊េរី​ឆ្នាំ ២០០០ មក​ព្រោះ​មាន​ភាព​ងាយ​ស្រួល​ប្រើ បើ​ទោះ​ជា​កម្រិត​ស៊ីសាំង ខុស​គ្នា​បន្តិច​ពី​ប៉ុង​មួយក៏ដោយ។

ណា​មួយ​ចាប់​ពី​ស៊េរី​ឆ្នាំ​២០០០ មក​នេះ​ ក្រុម​ហ៊ុន​ផលិត​បាន​កែ​ប្រែ​ចំណុច​ខ្លះៗ​លើ​រថយន្ត ដូច​ជារូប​រាង​ចង្កៀង​មុខ ក្រោយ ផ្នែក​ខាង​មាន​ប្រព័ន្ធ​ប្រាប់​ទិស​ដៅ គ្រឿង​ម៉ាស៊ីន​ប្រព័ន្ធ​ផ្សេងៗ ទំនើប ធន់ ជាង​ស៊េរី​មុនៗ។ នេះ​ប់ើតាម​បទពិសោធន៍ របស់លោក​ធ្លាប់​ជួប​ប្រទះ​កន្លង​មក៕​​

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី