តើការរៀនជំនាញ A ពេលមកធ្វើការជំនាញ B បានដែរឬអត់?
- អង្គារ, 16 កក្កដា 2019 00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើការរៀនជំនាញ A ពេលមកធ្វើការជំនាញ B បានដែរឬអត់?
ចន្លោះមិនឃើញ
យុវវ័យភាគច្រើន ពិសេសយុវវ័យដែលទើបបញ្ចប់ថ្នាក់វិទ្យាល័យតែងមានសេចក្ដីបារម្ភ ថា មិនដឹងគួររៀនជំនាញអ្វីនៅថ្នាក់មហាវិទ្យាល័យ។ ពួកគេឆ្ងល់ថា បើគេរៀនជំនាញ A ហើយធ្វើការជំនាញ B បានដែរឬអត់?
ដូច្នេះ Sabay នឹងនាំយោបល់ពីអ្នកធ្លាប់ឆ្លងកាត់រឿងទាំងនេះផ្ទាល់ ទៅកាន់ប្រិយមិត្តដែលធ្លាប់បារម្ភពីបញ្ហានេះ។
អ្នកនាង គង់ ច័ន្ទវណ្ណា សព្វថ្ងៃជាគណនេយ្យករនៅក្រុមហ៊ុនអាកាសចរមួយកន្លែងបានប្រាប់ Sabay ថា អ្នកនាងមិនបានកាន់បរិញ្ញាបត្រ ជំនាញគណនេយ្យឡើយ តែផ្ទុយទៅវិញ ជំនាញអក្សរសាស្ត្រអង់គ្លេសជាជំនាញ វណ្ណា ជ្រើសរើស កាលនៅមហាវិទ្យាល័យ។
«មិនមែនមានន័យថា រៀនជំនាញ A ហើយទៅធ្វើការ B បាននោះទេ គឺវាអាស្រ័យលើជំនាញដែរ ឧទាហរណ៍ថា ទៅរៀនគណនេយ្យចង់ធ្វើការពេទ្យម៉េចនឹងបាន? មួយទៀតវាក៏អាស្រ័យលើក្រុមហ៊ុន ដែលយើងដាក់ពាក្យធ្វើការ ព្រោះក្រុមហ៊ុនខ្លះ រកតែសញ្ញាប័ត្រ ឯក្រុមហ៊ុនខ្លះទៀត អត់សញ្ញាប័ត្រក៏បានឱ្យតែមានសមត្ថភាព!»។ អ្នកនាងបានបន្ថែម។
ចំពោះ លោក សាន់ ភក្ដី វិញបានឱ្យដឹងផងដែរថា រូបលោកកាន់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម តែសព្វថ្ងៃជាអ្នកបកប្រែភាសាអង់គ្លេសឱ្យបណ្ដាញសារព័ត៌មានមួយកន្លែង។
លោកបានបន្ថែមថា «នេះជាបញ្ហាមួយដែល យុវវ័យភាគច្រើន រួមទាំងខ្ញុំកាលពីមុនជួបប្រទះ ព្រោះពួកគេមិនបាន set គោលដៅឱ្យបានច្បាស់លាស់ ប៉ុន្តែពួកគាត់មិនចាំបាច់បារម្ភឡើយចំពោះការងារដែលមិន Specific ព្រោះថា ឱ្យតែពួកគាត់មាន សមត្ថភាពគឺអាចធ្វើបានហើយ! ដូចអាជីពជាអ្នកបកប្រែ ដូចខ្ញុំ មិនចាំបាច់មានសញ្ញាប័ត្រអង់គ្លេសទេ ឱ្យតែចេះបក!»។
«កាលទើបចប់បាក់ឌុបខ្ញុំស្ទើរតែខាតមួយឆ្នាំចោល ព្រោះខ្ញុំមិនដឹងថារៀនផ្នែកអី ហើយក៏មិនដឹងថាខ្លួនចង់ធ្វើស្អីដែរ! សាលានេះមិនរៀន សាលានោះមិនរៀនព្រោះមិនដឹងច្បាស់ ម្យ៉ាងទៀតខ្ញុំតែងគិតថា បើខ្ញុំរៀនជំនាញផ្សេង ធ្វើការជំនាញផ្សេងបានអត់?»។ នេះជាការលើកឡើងរបស់ កញ្ញាសេន សុវណ្ណ សិស្សទើបបញ្ចប់បាក់ឌុបកាលពីឆ្នាំមុននេះ។
សុវណ្ណ ក៏បានបន្ថែមថា អ្នកដែលបានកំណត់គោលដៅច្បាស់លាស់ គឺងាយស្រួលទេ តែសម្រាប់អ្នកដែលមិនច្បាស់លាស់ ដូចជានាង គឺមានការពិបាក ហើយច្រើនតែធ្វើការខុសជំនាញ។
«តែពេលនេះលែងបារម្ភហើយ ព្រោះខ្ញុំរកការងារធ្វើបាន ជាមន្ត្រីទំនាក់ទំនងសាធារណៈ ទោះបីរាល់ថ្ងៃរៀនអក្សរសាស្ត្រអង់គ្លេសក៏ដោយ! ខ្ញុំគិតថា ធ្វើចឹងវាចំណេញដូចបានរៀនជំនាញពីរផ្សេង ក្នុងពេលតែមួយ»។ សុវណ្ណបានប្រាប់។
ចំណែកលោក ដុំ ដារ៉ា ជាប្រធានផ្នែកធនធានមនុស្សនៅអង្គការមួយបានប្រាប់ថា លោកកាន់សញ្ញាប័ត្រ ទេសចរណ៍ តែមិនបានយកជំនាញនេះទៅប្រើឡើយ។
លោកបានបញ្ជាក់ថា «ឱ្យតែអាចប្រើភាសាអង់គ្លេស និង កុំព្យូទ័របាន មិនបាច់ភ័យរឿង រៀនខាងA ធ្វើការខាងB ទេ! សំខាន់ឱ្យតែ ខិតខំរៀន មានការច្នៃប្រឌិត ប៉ុន្តែលើកលែងជំនាញមួយចំនួនដូចជា វិស្វករ ពេទ្យអីជាដើម ទាល់តែរៀនជំនាញហ្នឹងបាន ធ្វើខាងហ្នឹងកើត»។
សម្រាប់លោក ដារ៉ា ផ្ទាល់ ទោះបីជាការសិក្សាជំនាញផ្សេង ហើយធ្វើការជំនាញផ្សេង អាចទៅរួចចំពោះមុខវិជ្ជាមួយចំនួនក៏ពិតមែន ប៉ុន្តែលោកមិនគាំទ្រឱ្យយុវវ័យចេះតែរៀន ដោយមិនបានកំណត់គោលដៅឱ្យបានច្បាស់លាស់នោះទេ។
«បើអាច ពួកគាត់គួរតែ មានគម្រោងឱ្យច្បាស់លាស់ វាប្រសើរជាងចេះតែរៀនហើយចេះតែធ្វើការឱ្យតែបានៗលុយ! នេះសម្រាប់អ្នកដែលហួសហើយ បើបារម្ភថា រៀន នេះ ខ្លាចធ្វើការងារ នោះមិនកើត គួរកុំបារម្ភអី ខំប្រឹងរៀនធម្មតាទៅបានហើយ!» ។ ប្រធានផ្នែកធនធានមនុស្សរូបនេះបានបន្ថែម៕