៥ប្រទេសក្នុងពិភពលោក ទោះយប់ក៏មេឃនៅតែភ្លឺចែងចាំងចម្រុះ​ពណ៌​

  • 2019-11-01 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្ដី​សុបិន​របស់​អ្នក​ទេសចរ​ជា​ច្រើន ​ប្រាកដ​ជា​ចង់​ឃើញ​​ភាព​ស្រស់​ស្អាត​ដែល​កើត​ឡើង​ពី​ធម្មជាតិ។ ពន្លឺ​លើ​មេឃ​ដូច​គេ​ចាំង​ភ្លើង​ហ្វា​ពេល​យប់ ​​ពិត​ជា​រូប​ភាព​កម្រ​​ណាស់​ដែល​​​កើត​ឡើង​នៅ​បណ្ដាល​ប្រទេស​មួយ​ចំនួន​​​នៅ​ភាគ​ខាង​ជើង​និង​ខាង​ត្បូង​។

បាតុភូត​នេះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ពន្យល់​ថា ​​មក​ពី​ការ​ប៉ះ​ទង្គិច​រវាង​ឧស្ម័ន​ក្នុង​បរិយាកាស​ផែន​ដី​និង​​បំណែក​ថាម​ពល​នៃ​ពន្លឺ​ព្រះ​អាទិត្យ បង្ក​ឲ្យ​មាន​ពន្លឺ​ដ៏​ស្រស់​ស្អាត​នេះ ​ខ្លះ​ចេញ​ជា​ពណ៌​បៃ​តង ​ស្វាយ ​​ផ្កា​ឈូក ​ឬ​ក្រហម​លឿង​ជា​ដើម។ ដូច្នេះ​ហើយ ​​ទេសចរ​​ជា​ច្រើន​​តែង​ចង់​ឃើញ​បាតុភូត​នេះ​ដោយ​ផ្ទាល់​ភ្នែក ដែល​​ថ្ងៃ​នេះ ​កញ្ញា ​សូម​លើក​យក​ប្រទេស​មួយ​ចំនួន​ដែល​មាន​បាតុភូត​អម​ដោយ​ពន្លឺ​​លើ​មេឃ​យ៉ាង​ទាក់​ភ្នែក។​​

១. ​ប្រទេស​ហ្វាំង​ឡង់

​មក​ដល់​ប្រទេស​នេះ ​អ្នក​ច្បាស់​ជា​ផ្លាស់​ប្ដូរ​ទម្លាប់​​គេង​ពេល​ថ្ងៃ​ ​ហើយ​ទុក​ពេល​យប់​អង្គុយ​មើល​បាតុភូត​ពន្លឺ​លើ​មេឃ​វិញ។ ​​​តំបន់​មើល​បាតុភូត​ដ៏​ស្រស់​ស្អាត​នេះ ​នៅ​ទី​ក្រុង Lapland ​នៃ​ភាគ​ខាង​ជើង​ប្រទេស​ហ្វាំង​ឡង់ ដែល​ញឹក​ញាប់​កើត​ឡើង​ចន្លោះ​ខែ​សី​ហា​ដល់​ខែ​មេសា។

២. ​​ប្រទេស​ន័រ​វេស

​ពន្លឺ​លើ​មេឃ​ចេញ​​ជា​​ពណ៌​បៃ​តង ​ក្នុង​ទី​ក្រុង​ Tromso ​ដែល​​ទេសចរ​​ច្បាស់​ជា​គាប់​ភ្នែក​ដោយសារ​ទីតាំង​នៃ​បាតុភូត​នេះ​មាន​ជួរ​ភ្នំ អម​ដោយ​ធម្មជាតិ​ដែល​សក្ដិសម​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ភាព​ស្ងៀម​ស្ងាត់។ ​មួយ​វិញ​ទៀត ​ក្នុង​ទី​ក្រុង Andenes ​នៃ​ភាគ​ខាង​ជើង​ប្រទេស​​ន័រវេស​​ក៏​មាន​ពន្លឺ​នេះ​ដែរ ​ដែល​អ្នក​​មើល​ឃើញ​កាន់​តែ​ច្បាស់​នៅ​ពេល​យប់ ក្នុង​ខែ​កញ្ញា ​ដល់​ខែ​មិនា។​ ​

៣. ប្រទេស​ដា​ណឺ​ម៉ាក

​តោះ​​ ទៅ​លេង​ប្រទេស​ដាណឺម៉ាក​ ​ទោះ​មាន​ព្យុះ​ម្ដង​ម្កាល​ក៏​ដោយ។ ​ទី​នេះ​ក៏​មាន​​ពន្លឺ​ពេល​យប់​​​ចម្រុះ​ពណ៌​នៅ​កោះ ​​Faroe ​នៃ​ភាគ​ខាង​ជើង​​មហា​សមុទ្រ​អា​ត្លង់​ទិច។ ​កុំ​ឲ្យ​ខក ពេល​វេលា​មើល​បាតុភូត​នេះ​ល្អ​បំ​ផុត​ចន្លោះ​ពាក់​កណ្ដាល​ខែ​សីហា ​ដល់​ចុង​ខែ​មេសា។

៤. ប្រទេស​រុស្សី

​ទៅ​លេង​ប្រទេស​រុស្សី​ជាមួយ​គ្នា​ ​មើល​ពន្លឺ​ភ្លឺ​ផ្លេក​លើ​អាកាស​វេហា​ពេល​រាត្រី ​ដែល​ពិត​ជា​ស្អាត​ខ្លាំង​និង​គួរ​ឲ្យ​ចង​ចាំ​បំផុត។ ​​​​បើ​អ្នក​បាន​មក​ចំ​ខែ​កុម្ភៈ ​នៅ​ទី​ក្រុង Murmansk ​ភាគ​ខាង​ជើង​នៃ​ប្រទេស​រុស្សី​ជាប់​ព្រំ​ដែន​ប្រទេស​ហ្វាំង​ឡង់​ នោះ​ជា​ពេល​វេលា​ល្អ​​ដែល​ពន្លឺ​យ៉ាង​ស្រស់​ស្អាត​នេះ​ចែង​ចាំង ​ក្នុង​កណ្ដាល​ហ្វូង​ធម្មជាតិ។ ​លើស​ពី​នេះ ​​ក៏​មាន​បឹង​មួយ​អាច​ឲ្យ​អ្នក​លម្ហែ​កាយ​ស្ទូច​ត្រី​ផង​ដែរ។

៥. ​ប្រទេស​នូវែសេឡង់

​តោះ​បន្ត​ទៅ​ប្រទេស​នូវេ​សេ​ឡង់​ម្ដង ដែល​ពន្លឺ​ស្អាត​អស្ចារ្យ​នេះ​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​នូវែ​សេ​ឡង់។ ​​មិន​ត្រឹម​ពោរពេញ​ដោយ​ធម្មជាតិ​ទេ ​តែ​​ក៏​ជា​ឱកាស​បាន​ផ្ដិត​យក​រូប​ភាព​កម្រ​នេះ​ ហើយ​បើ​អ្នក​កាន់​តែ​មាន​សំណាង​ទៀត​នោះ ​អ្នក​នឹង​បាន​ឃើញ​​ពន្លឺ​​ចាំង​ដូច​ចេញ​ពី​ក្រោម​ដី​ជះ​ឡើង​លើ​មេឃ​រាង​ពង​ក្រពើ​ដែល​មាន​ទទឹង​រហូត​ដល់ ​៥ , ​០០០ ​ km ​ដែល​បាតុភូត​នេះ​មិន​សូវ​កើត​ឡើង​ញឹក​ញាប់​ទេ។ តំបន់​ដ៏​ពេញ​និយម​មើល​ពន្លឺ​ដូច​ព្រះ​ប្រទាន​នេះ ​ច្រើន​នៅ​​​កោះ​បឹង​ទឹក​ថ្លា​​​ ​តំបន់​ Invercargill, Stewart Island, the Catlins, and the popular Dunedin. ជាដើម។ ​ខែ​ដែល​ល្អ​បំផុត​មើល​ពន្លឺ​នេះ ​គឺ​នៅ​ខែ​មិនា៕​​

ចុចអាន៖ ​ សួន​ស្នេហ៍​ជនបទ ​កន្លែង​យុវវ័យ ​បន្ទាយ​មាន​ជ័យ ​មិន​ដែល​រំលង

ប្រភព៖ Sanook   ប្រែ​សម្រួល៖ លឹម សុនា