អាណិត​ ធន់​ សុភា​ ហេតុ​តែ​ចង់​ឲ្យ​សិស្សឈ្នះ​នៅ​ Thai Fight​ សុខ​ចិត្ត​ទិញ​សំបុត្រ​យន្តហោះ​ខ្លួន​ឯង​ទៅ​ឲ្យ​ទឹក​ដល់​ថៃ​

  • 2019-11-15 07:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ល្បីឈ្មោះ​ និង​បណ្ដុះ​កីឡាករ​ថ្នាល​បាន​ច្រើន​ ធន់​ សុភា​ ថា​លោក​នឹង​ចេញ​លុយ​ខ្លួន​ឯង​ទិញ​សំបុត្រ​យន្តហោះ​ទៅ​ថៃ​ជា​មួយ​ ម៉ឺន​ សុភា​ ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ ជួយ​ឲ្យ​ទឹក​សិស្ស​ព្រោះ​ការ​ប្រកួត​នេះ​សំខាន់​សម្រាប់​មុខមាត់​កម្ពុជា​ណាស់។​

ធន់ សុភា និង​សិស្ស

លោក​ ធន់​ សុភា​ បាន​ឲ្យ​ដឹង​មុន​នេះ​ថា​ ឥលូវ​នេះ​បាន​សុំ​ច្បាប់​នៅ​សង្វៀន​បាយ័ន​រួច​ហើយ​ និង​បាន​ឲ្យ​គេ​ពិនិត្យ​សំបុត្រ​យន្តហោះ​បណ្ដើរៗ​ត្រៀម​ទិញ​ទៅ​ប្រទេស​ថៃ​ជា​មួយ​កូន​សិស្ស​របស់​ខ្លួន​ ម៉ឺន​ សុភា​ ប្រកួត​នៅ​ Thai Fight។​

លោក ធន់ សុភា ពេលធ្វើអាជ្ញាកណ្ដាលនៅ Thai Fight

គ្រូ​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​នេះ​មាន​សារសំខាន់​ណាស់​ចំពោះ​មុខមាត់​ប្រទេស​ និង​មុខមាត់​គុន​ខ្មែរ​ផង​ដែរ​ ព្រោះ​កម្មវិធី​នេះ​ធំ​លំដាប់​ពិភពលោក​ ហើយ​មាន​គេ​មើល​ច្រើន​ គេ​ទទួល​ស្គាល់​ច្រើន​ ដូច្នេះ​បើ​ឈ្នះ​ជា​ឱកាស​ល្អ​ផ្សព្វផ្សាយ​ពី​ប្រដាល់​បុរាណ​របស់​ខ្មែរ​តែ​ម្ដង។​

ម៉ឺន សុភា ពេលប្រកួតនៅ Thai Fight

គ្រូ​ប្រដាល់​ល្បីឈ្មោះ​ខាង​លើ​បន្ត​ថា​ លោក​ក៏​មិន​សូវ​មាន​ធនធាន​ថវិកា​ដែរ​ ប៉ុន្តែ​ត្រូវ​តែ​ទៅ​ព្រោះ​ទី១​ផ្ដល់​ភាព​កក់ក្ដៅ​ ទី២បាន​ជួយ​បង្ហាត់​នៅ​ទីនោះ​ ទី៣ជួយ​ឲ្យ​ទឹក​ និង​ប្រាប់​ៗ​ពេល​ដែល​ត្រូវ​ប្រកួត​ជាក់ស្ដែង​ថែម​ទៀត​ផង។​ ខាង​កម្មវិធី​របស់​គេ​ឲ្យ​ ម៉ឺន​ សុភា​ ជិះ​ឡាន​ទៅ​ចូលរួម​កម្មវិធី​នេះ​ តែ​លោក​គ្រូ​ ធន់​ សុភា​ មិន​អនុញ្ញាត​ទេ​ អាច​នឹង​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​សិស្ស​វិញ​ព្រោះ​ ម៉ឺន​ សុភា​ ពុល​ឡាន​អាច​នឹង​ប៉ះពាល់​សុខភាព​រហូត​ដល់​ពេល​ប្រកួត។​

ម៉ឺន សុភា ពេលប្រកួតនៅ Thai Fight

រំលឹក​ដែរ​ថា​ ម៉ឺន​ សុភា​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ម្ចាស់​ផ្ទះ​ថៃ​ Kitti​ នៅ​ថ្ងៃសៅរ៍​ ទី២៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។​ លោក​ ធន់​ សុភា​ និង​កូន​សិស្ស​គ្រោង​ចាកចេញ​ពី​កម្ពុជា​ថ្ងៃ​ទី១៩​ វិច្ឆិកា ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​