Naga World​ ផ្ដល់​ប្រាក់​លើក​ទឹកចិត្ត​ ៣៦០០០​ដុល្លារ​ ដល់​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ២០១៩​

  • 2019-12-17 02:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារ​ ណាហ្គាវើលដ៍ ​(Naga World)​ កាលពីថ្ងៃទី១៦ ខែធ្នូ​ម្សិលមិញនេះ បាន​​ធ្វើ​ពិធី​ប្រគល់​ប្រាក់​លើក​ទឹកចិត្ត​ ៣៦០០០​ដុល្លារ ដល់​កីឡាករ​ កីឡា​ការិនី​ ៤ប្រភេទ​កីឡា​របស់​កម្ពុជា ដែល​បាន​ឈ្នះ​មេដាយ​មាស​ ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ លើក​ទី៣០​ នៅ​ប្រទេស​ហ្វីលីពីន។​

ទិដ្ឋភាពម្សិលមិញ

លោក​ Pern Chen​ នាយក​គ្រប់គ្រង​ណាហ្គាវើលដ៍​ បាន​កោតសរសើរ​ចំពោះ​កិច្ច​ខំ​ប្រឹងប្រែង​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍន៍​ និង​បណ្ដុះបណ្ដាល​អត្តពលិក​កម្ពុជា​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ជា​លំដាប់​ពី​ស៊ីហ្គេម​មួយ​ ទៅ​ស៊ីហ្គេម​មួយ​ទៀត។​ ណាហ្គាវើលដ៍ មាន​កិត្តិយស​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​នេះ​ ខណៈ​ក្រុមហ៊ុន​មួយ​នេះ​ នឹង​នៅ​តែ​គាំទ្រ​ដល់​កម្មវិធី​កីឡា​របស់​គណៈកម្មការ​ជាតិ​អូឡាំពិក​ ដើម្បី​ជា​ការ​តៀម​ខ្លួន​ និង​ធ្វើ​ឲ្យ​មាន​ផ្លែផ្កា​នៅ​ស៊ីហ្គេម​ ២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ​ដូច​ទៅ​នឹង​អ្វី​ដែល​ណាហ្គាវើលដ៍ បាន​សន្យា​កាល​ពី​ឆ្នាំ​២០១៨​ អ៊ីចឹង​ថា​នឹង​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ដល់​អត្តពលិក​ដែល​បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​ លើក​ទី៣០​នេះ។​ ក្រុមហ៊ុន​ខាង​លើ​នេះ​តែងតែ​ផ្ដល់​ប្រាក់​រង្វាន់​ និង​លើក​ទឹកចិត្ត​ ជំរុញ​ឲ្យ​កីឡាករ​ កីឡា​ការិនី​កម្ពុជា​រឹតតែ​ខំប្រឹង​ប្រែង​ប្រកួត។​ សកម្មភាព​ទាំង​នេះ​ហើយ​ជា​គំរូ​ល្អ​មួយ​ដែល​បណ្ដាក្រុមហ៊ុន​ឯកជន​នានា​ពិចារណា​ តាម​លទ្ធភាព​ក្នុង​ការ​ចូលរួម​ជួយ​ជ្រោមជ្រែង​វិស័យ​កីឡា​នៅ​កម្ពុជា​បន្ថែម​ទៀត។​ ឯកឧត្ដម​ក៏​ថ្លែង​អំណរគុណ​ដល់​ ណាហ្គាវើលដ៍​ និង​ជូនពរ​ឲ្យ​ក្រុមហ៊ុន​នេះ​រឹតតែ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​បន្ថែម​ទៀត។​

កម្មវិធី​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​របស់​ ណាហ្គាវើលដ៍​ ម្សិលមិញ​នេះ​ធ្វើ​ឡើង​ក្នុង​ផ្សារ​ទំនើប​ក្រោម​ដី​ណាហ្គាស៊ីធីវ៉ក។​ កីឡាករ កីឡាការិនី​ដែល​ឈ្នះ​មេដាយ​មាស​ រួមមាន កីឡា​ការិនី​ ចេសា ខាន់​ ទទួល​ប្រាក់​ ៦០០០​ ដុល្លារ​ និង​គ្រូ​បង្វឹក​ ១០០០​ដុល្លារ​, កីឡា​ការិនី​ ស៊ន​ សៀវម៉ី​ ទទួល​បាន​ ៦០០០​ ដុល្លារ​ និង​គ្រូ​បង្វឹក​ ១០០០​ ដុល្លារ​, កីឡាករ​យ៉ុង ម៉េង​លី ៦០០០​ ដុល្លារ​ និង​គ្រូ​បង្វឹក​ ១០០០​ ដុល្លារ​ និង​ក្រុម​កីឡា​ការិនី​ប៉េតង់​ ទទួល​បាន​ប្រាក់​ ១០០០០​ ដុល្លារ​ និង​គ្រូ​បង្វឹក​ ១០០០​ ដុល្លារ​។ ក្នុង​នោះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក៏​ទទួល​បាន​ ៤០០០​ ដុល្លារ​ ផង​ដែរសរុបប្រាក់ទាំងអស់ ៣៦០០០ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី