គីម ជុងអ៊ុនចេញមុខវិញ១ថ្ងៃ! កូរ៉េខាងជើង បាញ់គ្នាជាមួយកូរ៉េខាងត្បូងមួយប្រាវនៅព្រំដែន

  • 2020-05-04 02:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងជើងនិងកូរ៉េខាងត្បូង បាន​បាញ់​ប្រហារ​គ្នា​មួយ​ប្រាវ​នៅក្នុងតំបន់គ្មានយោធា (DMZ) ដែលបែងចែកប្រទេសទាំងពីរ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

យោធាក្រុងសេអ៊ូល បាននិយាយ​កូរ៉េខាងជើង បាន​បាញ់​ប្រហារ​មុន​ទៅលើប៉ុស្តិ៍យាមមួយនៅព្រំដែន​នៃ​ទីក្រុង Cheorwon ។ ភ្លាម​ៗ​យោធា​ក្រុង​សេអ៊ូល បានបាញ់តបវិញ ហើយបានចេញសេចក្តីប្រកាសព្រមាន។ ឧប្បត្តិហេតុ​ប៉ះ​ទង្គិច​គ្នា​នៅព្រំដែនដែលមានកម្លាំងការពារខ្លាំងបំផុតនៅលើពិភពលោកនេះ គឺកម្រកើតមានណាស់។ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថាការបាញ់ប្រហារពីកូរ៉េខាងជើងត្រូវបានគេជឿថាជា "ការចៃដន្យប៉ុណ្ណោះ"។

ជាមួយគ្នានេះដែរទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានដកស្រង់សំដីមន្ត្រីរដ្ឋាភិបាលម្នាក់ដែលនិយាយថាការបាញ់ប្រហារនេះទំនងជាមិនមានចេតនានោះទេ។ មិនមានរបាយការណ៍ណាមួយ បង្ហាញ​ថា​មាន​អ្នករងរបួសនៅក្នុងហេតុការណ៍នេះទេ។ មន្ត្រីយោធានៅភាគខាងត្បូង និយាយថាគ្មានសញ្ញានៃ​ចល័ត​កងទ័ព​ខុស​ប្រក្រតី​របស់​កូរ៉េខាង​ជើង​ទេ។

គួរ​ឲ្យ​ដឹង​ថា ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​នៅ​ព្រំ​ដែន​កូរ៉េ​នេះ កើត​ឡើង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​ដែល​មេ​ដឹក​នាំ​កូរ៉េខាង​ជើង លោក​គីម ជុង​អ៊ុន​បង្ហាញ​មុខ​វិញ​ជា​លើក​ដំបូង​បង្អស់​កាល​ពី​ថ្ងៃ​សោរ៍ ក្រោយ​បាត់​មុខ​ពី​សាធារណ​ជិត ៣​សប្ដាហ៍​ដែល​បណ្ដាល​ឲ្យ​មាន​ពាក្យ​ចចាមអារាម​ពី​ការ​ស្លាប់​របស់​លោក៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម