កាន់​ ម៉េងហុង៖​ ខ្ញុំ​ឡើង​វ៉ៃ​គឺ​គិត​ពី​មុខមាត់​ក្លឹប​ មុខមាត់​គ្រូ​ មិន​វ៉ៃ​លំៗ​យក​តែ​លុយ​ទេ​

  • 2020-05-21 03:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បីឈ្មោះ​មក​ពី​ក្លឹប​នាគរាជចតុមុខ​ កាន់​ ម៉េងហុង​ ថា​ខ្លួន​តែងតែ​ខំប្រឹង​ប្រែង​ជា​និច្ច​ចំពោះ​ការ​ហ្វឹកហាត់​ ជា​ពិសេស​ការ​ប្រកួត​តែ​ម្ដង​ឡើង​ទៅ​មិន​អាច​វ៉ៃ​លំៗ​យក​តែ​លុយ​ទេ​ ព្រោះ​ខ្លាច​ខូចឈ្មោះ​ក្លឹប​ និង​គ្រូហើយ​ក៏​ចង់​ជោគជ័យ​ក្នុង​វិស័យ​នេះ​ដែរ។​

កីឡាករ កាន់ ម៉េងហុង​

កាន់​ ម៉េងហុង​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ចង់​ល្បីឈ្មោះ​ដូច​កីឡាករ​ដទៃ​ទៀត​ក្នុង​វិស័យ​គុន​ខ្មែរ​នេះ​ និង​តែងតែ​ប្រាប់​ខ្លួន​ឯងដាស់តឿន​ខ្លួន​ឯង​ជា​និច្ច​ឲ្យ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​គ្រប់​ពេល​មិន​ថា​គ្មាន​ការ​ប្រកួត​ក៏ដោយ។​

កាន់​ ម៉េងហុង (ខៀវ)

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កណ្ដាល​ខាង​លើ​នេះ​ប្រាប់​ទៀត​ថា​ បើ​និយាយ​ពី​ការ​ឡើង​ប្រកួត​លំៗ​លើ​សង្វៀន​នោះ​គឺ​គ្មាន​ទេ​ ហើយ​តែងតែ​ប្រាប់​សិស្ស​ប្អូន​ សិស្ស​ច្បង​ក្នុង​ក្លឹប​ឲ្យ​ខំប្រឹង​ប្រែង​ជា​និច្ច​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព។​ មួយ​វិញ​ទៀត​មិន​ចង់​ឲ្យ​គ្រូ​មិន​សប្បាយ​ចិត្ត​ខំប្រឹង​ចិញ្ចឹម​ខ្លួន​ហើយ​ ប៉ុន្តែ​បែរ​ជា​មិន​ខំ​ហាត់​ មិន​ចេះ​បង្កើន​សមត្ថភាព​ក៏​ដូច​ជា​កេរ្តិ៍ឈ្មោះ។​ ដូច្នេះ​ហើយ​ ម៉េងហុង​ បើ​ទោះ​ជា​គ្មាន​ការ​ប្រកួត​ក៏​រូប​គេ​ព្យាយាម​រត់​ហ្វឹកហាត់​បន្ថែម​ទៀត​ដែរ​ ដើម្បី​បំពេញ​ក្ដីបំណង​ល្បីឈ្មោះ​ក្នុង​គុន​ខ្មែរ​ និង​ឲ្យ​ពិភពលោក​ស្គាល់​គុន​ខ្មែរ​ពិតប្រាកដ​ជា​ម្ចាស់​ក្បាច់គុន។​

កាន់ ម៉េងហុង ពេល​ផ្ដួលដៃគូ

រំលឹក​ដែរ​ថា​ កីឡាករ​វ័យ​ក្មេង​ កាន់​ ម៉េងហុង​ ជា​សិស្ស​គុន​មក​ពី​ក្លឹប​ប្រដាល់​នាគរាជចតុមុខ​ បច្ចុប្បន្ន​ប្រកួត​បាន​៤១ដង​ ឈ្នះ​៣១ ចាញ់​៥​ ស្មើ​៥​ ផ្ដួល​ដៃគូ​ឲ្យ​១២ដង។​ ប្រកួត​ចុង​ក្រោយ​ទាត់​កីឡាករ​ ហង្ស​ សុវណ្ណចាន់សុធី​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​ លើ​សង្វៀន​ TV5 ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី