សហព័ន្ធប្រដាល់គុនខ្មែរប្រមូលមេដាយឈ្នះពីស៊ីហ្គេមទាំងពីរលើកចុងក្រោយមកវិញ
- 2020-06-02 11:06:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប្រដាល់គុនខ្មែរប្រមូលមេដាយឈ្នះពីស៊ីហ្គេមទាំងពីរលើកចុងក្រោយមកវិញ
ចន្លោះមិនឃើញ
បើតាមការផ្សព្វផ្សាយលើផេក Cambodia SEA GAMES 2023 មុននេះបានបង្ហាញថាសហព័ន្ធប្រដាល់គុនខ្មែរ ដែលដឹកនាំដោយឯកឧត្ដម តែម ម៉ឺន ព្រឹកមិញនេះនៅក្នុងពហុកីឡដ្ឋានជាតិបានជួបជុំជាមួយក្រុមកីឡាករដែលបានឈ្នះមេដាយនានាក្នុងព្រឹត្តិការណ៍ស៊ីហ្កេម ឆ្នាំ២០១៧ និង ២០១៩ ប្រមូលមេដាយទាំងនោះមកវិញ។
ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានលើកឡើងថា ការជួបជុំនេះជាការប្រមូលផ្ដុំនូវសមិទ្ធផលជយលាភីមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធកន្លងទៅដើម្បីតម្កល់ទុកនៅក្នុងសារមន្ទីរកីឡាតាមការណែនាំជាគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្ដមបន្ថែមទៀតថា ការតម្កល់ស្នាដៃទាំងនេះមានដូចជាមេដាយ ឯកសារពាក់ព័ន្ធ និងប្រវត្តិរូប រូបថត នៃស៊ីហ្គេមទាំងពីរលើកឯម៉ាឡេស៊ី ហ្វីលីពីន។ នេះគឺជាតម្លៃដ៏ថ្លៃថ្លាណាស់ដែលបានកើតចេញពីការខិតខំ ប្រឹងប្រែងរបស់កីឡាករ គ្រូបង្វឹក ដែលស្នាដៃនេះនឹងមិនត្រឹមតែតម្កល់ទុកក្នុងមជ្ឈមណ្ឌលវប្បធម៌កីឡាកម្ពុជានៃក្រសួង អប់រំ យុវជន និងកីឡាប៉ុណ្ណោះទេ ប៉ុន្តែទៅថ្ងៃមុខអាចនឹងតម្កល់ទុកជាស្នាដៃនៅតាមស្ថាប័នរាជរដ្ឋាភិបាលទៀត។
រំលឹកដែរថា សហព័ន្ធប្រដាល់គុនខ្មែរទើបតែចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បានពីរលើកនោះទេនៅឆ្នាំ ២០១៧ ប្រទេសម៉ាឡេស៊ី និង ២០១៩ ហ្វីលីពីន។ សរុបទាំងពីរលើកនេះកីឡាករគុនខ្មែរ និង ឃីកបុកស៊ីង (Kick Boxing) ឈ្នះមេដាយ ១០គ្រឿង មាស១ ប្រាក់១ សំរឺទ្ធ៨ (ឆ្នាំ២០១៧ ឃីម ឌីម៉ា មាស១ ម៉ឺន សុភា ប្រាក់១ ឡៅ ចិត្រា សំរឹទ្ធ១ វ៉ាន់ វឿន សំរឹទ្ធ១) (ឆ្នាំ២០១៩ ឡៅ ចិត្រា សំរឹទ្ធ១ វ៉ាន់ វឿន សំរឹទ្ធ១ ហ៊ឹម គឹមរៀង សំរឹទ្ធ១ ប្រភេទគុនខ្មែរ) (ឃីកបុកស៊ីង Kick Boxing ឡៅ ចន្រ្ទា សំរឹទ្ធ១ សុខ សាវិន សំរឹទ្ធ១ ខេម ចាន់ សំរឹទ្ធ១)៕
អត្ថបទកែសម្រួលពីផេក Cambodia SEA GAMES 2023