រំជួលចិត្ត​គ្រប់គ្នា! បុរស​ដែលជាប់គុក ៣៧ឆ្នាំទាំងគ្មានកំហុស ចូលប្រឡង America's Got Talent

  • 2020-06-11 02:55:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ឈ្មោះ Archie Williams បានប្រាប់គណៈកម្មការ​ America's Got Talent ថាខ្លួន​បានជាប់គុក​រយៈពេល ៣៧ឆ្នាំ គិត​ចាប់ពីឆ្នាំ១៩៨២ មក ដោយសារទទួល​រង​ការ​កាត់ក្ដី​មិន​ត្រឹមត្រូវ។ បុរស​នោះ បានណែនាំខ្លួន ប្រាប់​គណៈកម្មការ​ទាំង ៤ រួមទាំង​ទស្សនិកជន លើឆាក AGT 2020 ​កាលពីចុង​ខែឧសភា​កន្លងទៅ​ថា៖ "ខ្ញុំ​បាន​ជាប់​គុក ៣៧ឆ្នាំ ដោយសារ​បទឧក្រិដ្ឋដែល​អ្នក​ផ្សេង​ប្រព្រឹត្ត។ DNA បានជួយ​ឲ្យខ្ញុំ​មាន​សេរីភាពវិញ"។

Williams ដែល​បច្ចុប្បន្ន​មានអាយុ ៥៩ឆ្នាំ​ បានពន្យល់​បន្ថែមថា៖ "កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៨២ ស្រ្ដី​ស្បែក-ស អាយុ ៣០ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​រំលោភ និង​ចាក់សម្លាប់​នៅផ្ទះរបស់នាង។ ខ្ញុំត្រូវបានគេ​ចាប់ខ្លួន​នៅថ្ងៃទី៤ ខែមករា។ ខ្ញុំ​មិនជឿថាសោះ ថារឿងនោះ​បានកើតឡើង ដោយសារខ្ញុំ​មិន​មានកំហុស​អ្វីសោះ"។

Williams បានជាប់គុក រហូត​ដល់ឆ្នាំ ២០១៩ ទើប​ត្រូវ​បាន​ដោះលែងវិញ ក្រោយ​គេរកឃើញភស្ដុតាងថ្មី តាមរយៈតេស្ដ DNA។ លោក​បាន​និយាយទៀតថា "វាជាសុបិនដ៏អាក្រក់បំផុតមួយ។ ខ្ញុំ​មិន​បានប្រព្រឹត្ត​បទឧក្រិដ្ឋ​នោះទេ ប៉ុន្តែ​ ក្នុង​នាម​ជា​ក្មេង​ជនជាតិ​ស្បែកខ្មៅ​ដ៏ក្រីក្រ​​ម្នាក់ ខ្ញុំ​មិន​មាន​លទ្ធភាព​ថវិកា ដើម្បី​ប្ដឹង​តវ៉ា​​នៅ​រដ្ឋ Louisiana បានទេ។ នៅតុលាការ គ្មាន​ស្នាម​ម្រាមដៃ​នៅ​កន្លែង​កើតហេតុណាមួយ ដែល​ដូច​ស្នាម​ម្រាមដៃខ្ញុំនោះទេ។ ទោះជាបែបនេះក្ដី ខ្ញុំត្រូវបានតុលាការ​កាត់ទោស​ដាក់គុក​មួយជីវិត។

សូមទស្សនា​វីដេអូខាងក្រោម៖

អត្ថបទថ្មី