ឈុន សុធារ័ត្ន៖ អនាគត ដាវីន នឹងក្លាយជាស្នូលរបស់បឹងកេតនិងជម្រើសជាតិ
- 2020-07-07 04:00:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈុន សុធារ័ត្ន៖ អនាគត ដាវីន នឹងក្លាយជាស្នូលរបស់បឹងកេតនិងជម្រើសជាតិ
ចន្លោះមិនឃើញ
គ្រូបង្វឹកឈុតយុវជនអាយុក្រោម១៨ឆ្នាំរបស់បឹងកេត ឈុន សុធារ័ត្ន បានបញ្ជាក់ប្រាប់ Sabay នៅព្រឹកមិញនេះថា លោកទើបជ្រើសបានយុវជនម្នាក់ទៀតឈ្មោះ វ៉ាំង ដាវីន មកពីខេត្តកំពង់ឆ្នាំង។ បើតាមសម្ដីរបស់គ្រូបង្វឹករូបនេះ ដាវីន មានសមត្ថភាពនិងទេពកោសល្យ ហើយលោករំពឹងរូបគេនឹងអភិវឌ្ឍខ្លួន ក្លាយជាកីឡាករស្នូលមួយរូបរបស់ក្លឹប និងជម្រើសជាតិកម្ពុជានាថ្ងៃអនាគត។
លោកគ្រូ ឈុន សុធារ័ត្ន បញ្ជាក់បែបនេះ ៖«ថ្ងៃអនាគតខ្ញុំសង្ឃឹមថា គាត់ជាស្នូលមួយរបស់ក្រុមបឹងកេត និងជំរេីសជាតិផងដែរ ប៉ុន្តែឥឡូវនេះគាត់ត្រូវការពេលវេលាច្រេីន ដើម្បីយល់ដឹងពីបាល់ទាត់សិន»។
អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះ បានរៀបរាប់ថា អ្នកគ្រប់គ្នាអាចនឹងភ្ជាក់ផ្អើល ចំពោះការលេងរបស់ វាំង ដាវីន ព្រោះគេជាយុវជនមានទេពកោសល្យ មានភាពឆ្លាតវ័យ លេងប្រកបដោយទំនុកចិត្ត ជាពិសេសគេអាចប្រើជើងឆ្វេងស្ដាំបានយ៉ាងល្អ។
ខ្សែបម្រើដែលវិវឌ្ឍខ្លួនមកជាគ្រូបង្វឹកដដែល ពន្យល់ទៀតថា ៖«គាត់ជាយុវជនម្នាក់ដែលមានទេពកោសល្យ លេងដោយមានទំនុកចិត្តខ្ពស់ ខ្ញុំជឿជាក់ថាការបង្ហាញខ្លួនរបស់គាត់ នឹងអាចធ្វេីឱ្យពួកយេីងភ្ញាក់ផ្អេីល គាត់មានភាពវៃឆ្លាត...គាត់អាចប្រើជើងទាំងសងខាងបាន។ ចំពោះល្បឿនគឺគាត់មានល្បឿនលឿន ហើយអ្វីដែលខ្្ញុំគិតគឺ គាត់អាចមានអនាគតល្អ ចំពោះវិស័យបាល់ទាត់យើង»។
គួរបញ្ជាក់ថា វ៉ាំង ដាវីន ជាអតីតសមាជិកក្រុមពន្លៃថោន និងជាសមាជិកក្រុមជេីងឯកបាល់ទាត់សិស្សវិទ្យាល័យទូទាំងខេត្តកំពង់ឆ្នាំង ហើយថ្មីៗនេះក្រោយធ្វើតេស្តសមត្ថភាពបាន៤ថ្ងៃ គេត្រូវបានក្លឹបបាល់ទាត់បឹងកេត ជ្រេីសរេីសឲ្យចូលរួមក្នុងក្រុមបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំតែម្ដង៕