បង្ហាញជូនម៉ូដែល ខ្មែរ-ប៊ុលហ្គារី បានទាំងព្រម វ័យក្មេង និងសង្ហាអស់ទាស់!
- 2020-08-12 02:01:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញជូនម៉ូដែល ខ្មែរ-ប៊ុលហ្គារី បានទាំងព្រម វ័យក្មេង និងសង្ហាអស់ទាស់!
ចន្លោះមិនឃើញ
patricksam lazarov គឺតារាម៉ូដែលជើងថ្មីមួយរូបក្នុងឧស្សាហកម្មដើរម៉ូដនៅក្នុងប្រទេសកម្ពុជា ដែលគិតត្រឹមបច្ចុប្បន្នទើបតែមាន ១៦ឆ្នាំតែប៉ុណ្ណោះ និងមានអំណោយផលទាំងព្រមតែម្ដង ពោលគឺវ័យក្មេង និងស្រស់សង្ហា។
patricksam ទើបតែហក់ចូលក្នុងឧស្សាហកម្មដើរម៉ូដនៅក្នុងស្រុកនាពាក់កណ្ដាលឆ្នាំ ២០២០នេះ ដោយចូលរួមជាមួយនឹងម៉ូដែលល្បីឈ្មោះ Perfect 10។ តារាម៉ូដែលវ័យក្មេង បញ្ជាក់ថា រូបគេមាននិស្ស័យស្រឡាញ់សិល្បៈដើរម៉ូដនេះជាយូរមកហើយ ប៉ុន្តែទើបតែសម្រេចចិត្តឈានជើងចូលនាពេលនេះ ដោយសារថា រូបគេមិនសូវមានពេលវេលាច្រើនសម្រាប់ការងារនេះ ផ្សំនឹងវ័យក្មេងផង ទើបចេះតែអូសបន្លាយ។
មកដល់បច្ចុប្បន្ន patrick ថារូបគេអាចឆ្លៀតពីការសិក្សាបានខ្លះ និងមានវ័យគ្រប់គ្រាន់ល្មមអាចប្រឡូកបាន ហើយក៏ចៃដន្យលោកមានមិត្តភ័ក្ដិខ្លះនៅក្នុងក្រុមម៉ូដែលខាងលើនេះស្រាប់ផង។ លោកក៏បានពឹងពាក់ពួកគេឲ្យជួយណែនាំ ហើយចុងក្រោយក៏ទទួលបានការហៅឲ្យចូលរួមដោយមេក្រុមរបស់ Perfect 10 តែម្ដង។ patrick ប្រាប់ថា លោកនឹងយកការងារនេះ ធ្វើជាគ្រឿងដុះខាត់ខ្លួនឯង និងបង្រៀនខ្លួនឯងពីរឿងរ៉ាវថ្មីមួយដែលមិនមកមិនដែលជួបប្រទះ។
តារាម៉ូដែលកូនកាត់រូបនេះ បញ្ជាក់ថា វាពិបាកណាស់ថា លោកនឹងត្រូវប្រឹងរហូតក្លាយជាតារាល្បីប្រចាំប្រទេស ឬកម្រិតអន្តរជាតិ។ ប៉ុន្តែលោកថា នឹងព្យាយាមអោយបានល្អនៅក្នុងប្រទេសជាមុនសិន ជាពិសេសពេលនេះ លោកកំពុងតែមានភាពរីករាយសម្រាប់ការងារក្នុងក្រុម Perfect 10។ "ខ្ញុំពិតជារីករាយជាមួយនឹងការងាររបស់ខ្ញុំនៅក្នុង Perfect 10 ខ្លាំងណាស់ ខ្ញុំរីករាយជាមួយមេរៀនមានតម្លៃថ្មីៗជាច្រើន រួមទាំងការដែលបានស្គាល់មនុស្សថ្មីជាច្រើននៅក្នុងក្រុមនេះផង"។
patrick sam lazarov គឺជាកូនកាត់ខ្មែរ-ប៊ុលហ្គារីដែលមានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិ ប៊ុលហ្គារី ហើយលោកមានបងប្អូន២នាក់ គឺលោកជាកូនទី២ និងប្អូនស្រីម្នាក់ទៀត។ Patrick មានកម្ពស់ ១,៧៣ ម៉ែត្រ បច្ចុប្បន្នកំពុងសិក្សាថ្នាក់ទី១២ នៅសាលា Footprint ក្រៅពីការងារបង្ហាញម៉ូដដែលលោកចូលចិត្ត លោកមានចំណូលចិត្តលើការងារសិល្បៈផ្សេងទៀតដែរ នោះគឺ គូររូបភាព និងផាត់ពណ៌៕