តាហ្សង់ខ្មែរ Cardamom Mountain ចង់យកទង់ជាតិកម្ពុជាដាក់នៅលើភ្នំ Everest និងភ្នំដែលខ្ពស់ជាងគេនៅអាហ្វ្រិក និងតំបន់អាស៊ី

  • 2020-08-14 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«បន្ទាប់ពីវិបត្តិកូវីដផុតរលត់ពីប្រទេសកម្ពុជា និងពិភពលោក និងមានលទ្ធភាពគ្រប់គ្រាន់លោកគ្រោងនឹងឡើងភ្នំដើម្បីយកទង់ជាតិកម្ពុជាទៅដាក់នៅភ្នំ Everest Base Camp ដែលមានកម្ពស់ ៥៣៦៤ម៉ែត្រ នៅប្រទេសនេប៉ាល់ ភ្នំដែលខ្ពស់ជាងគេនៅអាហ្វ្រិក និងភ្នំដែលខ្ពស់ជាងគេនៅតំបន់អាស៊ី» ខ្ញុំចង់ឲ្យគេដឹងថាខ្មែរក៏មានមនុស្សដែលអាចយកទង់ជាតិទៅដាក់នៅភ្នំដែលល្បី និងខ្ពស់ដូចប្រទេសដទៃផ្សេងទៀតដែរ។» នេះជាការលើកឡើងរបស់លោក Cardamom Mountain អ្នកជំនាញដើរព្រៃ និងឡើងភ្នំរយៈពេលជិត២០ឆ្នាំនៅកម្ពុជា។

លោក ជួប ភីរម្យ កាលឡើងដល់កំពូលភ្នំ Kinabalu ដែលមានកម្ពស់ ៤០៩៥ម៉ែត្រ នៅប្រទេសម៉ាឡេស៊ី
លោក ជួប ភីរម្យ កាលឡើងដល់កំពូលភ្នំ Kinabalu ដែលមានកម្ពស់ ៤០៩៥ម៉ែត្រ នៅប្រទេសម៉ាឡេស៊ី

Cardamom Mountain គឺជាឈ្មោះហៅក្រៅរបស់លោក ជួប ភីរម្យ ដែលជាអ្នកឡើងភ្នំខ្ពស់ៗ និងដើរក្នុងព្រៃស្រោងធំៗនៅកម្ពុជារយៈជិត២០ឆ្នាំ និងជាមនុស្សមួយរូបដែលមានចិត្តស្រឡាញ់នឹងចូលចិត្តរុករកតំបន់ទេសចរណ៍ធម្មជាតិថ្មីៗដែលមនុស្សមិនទាន់បានទៅដល់។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Sabay អ្នកជំនាញឡើងភ្នំ និងដើរព្រៃលោក ជួប ភីរម្យ បានបញ្ជាក់ថា លោកចាប់ផ្តើមឡើងភ្នំ និងដើរព្រៃដំបូងនៅក្នុងឆ្នាំ២០០១ ដែលកាលនោះលោកបានដើរឡើងភ្នំឳរ៉ាល់ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា។ ភ្នំឳរ៉ាល់ នៅពេលនោះគ្មានភ្ញៀវទេសចរណាឡើងទៅដល់កំពូលនៅឡើយទេ ក្រៅតែពីអ្នកស្រាវជ្រាវខាងសត្វព្រៃ និងធម្មជាតិ និងអ្នកសហគមន៍ឡើងទៅរកវល្លិ៍ រកផ្តៅ តែប៉ុណ្ណោះដែលឡើងទៅដល់ទីនោះ។

លោក ជួប ភីរម្យ និងអ្នកនាំផ្លូវ ដើរឡើងភ្នំឳរ៉ាល់ដំបូលកាលពីឆ្នាំ២០០១

នៅចន្លោះពីឆ្នាំ២០០១ ដល់ចុងឆ្នាំ២០១៨ លោកបានដើរនៅតាមតំបន់ជួរភ្នំក្រវ៉ាញ ឳរ៉ាល់ តាតៃ ជីផាត របាំងស និងតំបន់ជាច្រើនផ្សេងៗដែលមាននៅកម្ពុជា។ ក្រៅពីកម្ពុជាលោកក៏ធ្លាប់បានឡើងដល់កំពូលភ្នំ Kinabalu ដែលមានកម្ពស់ ៤០៩៥ម៉ែត្រ នៅប្រទេសម៉ាឡេស៊ី ឡើងភ្នំភ្លើងនៅកោះសូម៉ាត្រា Mount Kerinci នៅប្រទេសឥណ្ឌូនេស៊ី ដែលមានកម្ពស់ ៣៨០៥ម៉ែត្រផងដែរ។

ដើមឆ្នាំ២០១៩ ដល់២០២០នេះ លោកបានឡើងភ្នំខ្នងផ្សារមានកម្ពស់ ១១៧៧ម៉ែត្រ ដែលជាភ្នំដែលកំពុងតែល្បីក្នុងរដូវកូវីដ ភ្នំខ្ពស់ទាំង៣នៅកម្ពុជា ឳរ៉ាល់ (ឡើងលើកទី៤) មានកម្ពស់ ១៨១៣ម៉ែត្រ ភ្នំសំកុស មានកម្ពស់ ១៧៥១ម៉ែត្រ និងភ្នំទំព័រ មានកម្ពស់ ១៥៥១ម៉ែត្រ, ភ្នំខ្នងព្រះ មានកម្ពស់ជាង ១៥០០ម៉ែត្រ, វាលធំ មានកម្ពស់ ៨០០ម៉ែត្រ វាលចាក់យូក មានកម្ពស់៨៨៧ ម៉ែត្រ។ បើគិតសរុបចាប់ពី ២០០១ ដល់សព្វថ្ងៃលោកដើរព្រៃ និងឡើងភ្នំមិនតិចជាងរាប់ម៉ឺនគីឡូម៉ែត្រនោះទេ។

លោក ជួប ភីរម្យ ពេលឡើងភ្នំទំព័រ

«តើការឡើងភ្នំ និងដើរព្រៃនេះធ្វើឲ្យលោកជួប និងទទួលបានអ្វីខ្លះ?»

លោក ជួប ភីរម្យ បញ្ជាក់ថា «ការដើរភ្នំធ្វើឲ្យខ្ញុំបានទទួលការចេះគ្រប់គ្រង់ការគិតរបស់ខ្លួន ទទួលបាននូវបទពិសោធន៍ជីវិត ឲ្យយើងចេះរៀបចំខ្លួនរស់នៅ ស្របទៅតាមធម្មជាតិ និងព្រៃភ្នំ កាត់បន្ថយការគិតចង់មានចង់បាន ការប្រកួតប្រជែងគ្នា ការរស់នៅភ្នំគឺខុសគ្នាស្រលះពីការរស់នៅក្នុងទីក្រុង និយាយរួមនៅព្រៃយើងអត់លុយក៏អាចរស់បាន និងម្យ៉ាងទៀតធ្វើឲ្យខ្លួនបានស្វែងយល់ និងស្គាល់ពីជីវិតនៃរស់នៅរបស់ប្រជាជនដែលរស់នៅក្នុងសហគមន៍តំបន់ភ្នំទាំងនោះច្បាស់លាស់»

លោក ជួប ភីរម្យ(ស្តាំឈរ) និងក្រុមអ្នកឡើងភ្នំពេលឡើងដល់កំពូលភ្នំទំព័រ

«ពាក្យ Cardamom Mountain បើបកប្រែជាភាសាខ្មែរថា <<ជួរភ្នំក្រវាញ>> តើមូលហេតុអ្វីបានជាលោកដាក់ឈ្មោះខ្លួនឯងថាបែបនេះ?»

លោក ជួប ភីរម្យ ប្រាប់មូលហេតុនៃការដាក់ឈ្មោះបែបនេះថា «ដោយសារខ្ញុំធ្លាប់ធ្វើការនៅតំបន់នោះ ខ្ញុំដក់ចិត្តស្រឡាញ់ និងចូលចិត្តរស់នៅតំបន់នោះ តំបន់នេះជាតំបន់មួយដែលធំ និងសម្បូរទៅដោយជីវចម្រុះធម្មជាតិគ្រប់ប្រភេទ»

នៅកម្ពុជាខេត្តដែលសម្បូរព្រៃឈើដែលលោក ជួប ភីរម្យ ធ្លាប់ដើរ និងស្គាល់នោះរួមមាន ព្រៃ និងភ្នំ នៅពោធិសាត់ បាត់ដំបង កោះកុង រតនីគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ កំពង់ឆ្នាំង ព្រះវិហារ។

រយៈពេល១៩ឆ្នាំកន្លងទៅនេះវាមិនមែនជាពេលដែលធ្វើឲ្យលោកឆ្អែតឆ្អន់ ឬត្រូវបញ្ឈប់នៃការត្រេចររបស់ខ្លួននោះទេ បន្ទាប់ពីវិបត្តិកូវីដផុតរលត់ពីប្រទេសកម្ពុជា និងពិភពលោក លោកនឹងសម្រេចបំណងនៃដើរឡើងយកទង់ជាតិកម្ពុជាទៅដាក់នៅភ្នំ Everest Base Camp និងភ្នំខ្ពស់ជាងគេនៅអាហ្រិក និងភ្នំដែលខ្ពស់ជាងគេនៅតំបន់អាស៊ី ឲ្យបាន៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី